រំភើបជំនួស! ទីបំផុត លោកយាយ លែងត្រូវក្ដៅ ត្រូវភ្លៀងទៀតហើយ ដោយសារ ថៅកែហាងពេជ្រ បានសង់ផ្ទះថ្មីជូនរួចហើយ
លោកស្រី ទ្រី ដាណា បានផ្តល់ជំនួយ មួយចំនួនធំជូន លោកយាយ ជាជនជាតិភាគតិច គ្រឹង ម្នាក់ រស់នៅក្នុងស្រុកកូនមុំ ខេត្តរតនគិរី។
កាលនោះ លោកស្រី ក៏បានបញ្ជាក់ថា ៖“លោកយាយ ជាជនជាតិភាគតិចគ្រឹង មិនចេះនិយាយភាសាខ្មែរទេ ស្តាប់បានតិចៗ នៅស្រុកកូនមុំ ខេត្តរតនគិរី។
គាត់ស្លាប់មួយចំហៀងខ្លួន គ្មានបងប្អូន គ្មានសាច់ញាតិ រស់ក្នុងរូង យកក្រណាត់ តង់មកបិទបាំង ពិតជាអាណិតគាត់ណាស់ ខ្ញុំឱ្យគេ យកអំណោយទៅឱ្យគាត់ និងជួយជាថវិកា ២លានរៀល សិន ហើយក៏ផ្ដាំអ្នកជិតខាងឱ្យជួយមើល។ ដោយសារឃើញគាត់គ្មានកន្លែងនៅស្រួល កំពុងនិយាយជាមួយអាជ្ញាធរ ជួយសង់កូនផ្ទះមួយ សម្រាប់គាត់ សង្ឃឹមថាគាត់លែងត្រូវខ្យល់ ត្រូវភ្លៀង។”។
នៅទីបំផុត លោកស្រី បានឲ្យគេសង់ផ្ទះជូនលោកយាយរួចហើយ។ លោកស្រី បានបញ្ជាក់បន្ថែមថា “ផ្ទះថ្មីដែលនាងខ្ញុំសង់ជូនគាត់ ពេលនេះរួចរាល់ហើយ គាត់លែងត្រូវក្ដៅ ត្រូវភ្លៀងទៀតហើយ រំភើបចិត្តណាស់ ឃើញលោកយាយ បានចូលនៅផ្ទះថ្មី នេះជាអ្វីដែលខ្ញុំចង់ឃើញបំផុត កាលមុន ឃើញលោកយាយត្រូវខ្យល់ ត្រូវភ្លៀង ខ្លោចចិត្តណាស់ ម្ដាយគេ ម្ដាយយើង ចាស់ៗហើយ គ្រាន់ចង់បានជីវិតចុងក្រោយ ដ៏កក់ក្ដៅ។
តែគាត់វិញ គ្មានកូនទេ នៅម្នាក់ឯង នៅខេត្តរតនគិរី ឥឡូវផ្ទះ ក៏ធ្វើជូនគាត់ហើយ ម្ហូបអាហារ របស់ប្រើប្រាស់ ក៏បានទិញទុកជូនគាត់អស់ហើយ សង្ឃឹមថាគាត់អាចបានកក់ក្ដៅជាងមុន។ អរគុណជាងៗ អ្នកភូមិ និងអាជ្ញាធរ ដែលបានជួយគាត់”។