ស្រលាញ់ខេត្តកែបពេញបេះដូង! កែបជាតំបន់ទេសចរណ៍លំហែកម្រិតខ្ពស់ គ្មានកាស៊ីណូ គ្មានរោងចក្រសហគ្រាស
ជាខេត្តដែលបានកាត់ចេញពីខេត្តកំពត ខេត្តកែបត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់ ដោយនឹងប្រែក្លាយខេត្តមួយនេះ ជាតំបន់ទេសចរណ៍លំហែកម្រិតខ្ពស់ គ្មានកាស៊ីណូ គ្មានរោងចក្រសហគ្រាសនៅតំបន់នោះឡើយ។ ជាការអះអាងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅលើទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានឲ្យដឹងថា ការអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រមួយនេះ គឺរាប់បញ្ចូលទាំងទីក្រុង ឆ្នេរខ្សាច់ កោះ ផ្សារ កំពង់ផែទេសចរណ៍ ភូមិដ្ឋានប្រជាពលរដ្ឋ មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ក៏ដូចជារមណីដ្ឋានទេសចរណ៍នានា។
តែយ៉ាងណា ឯកឧត្តមគូសបញ្ជាក់ថា ការប្រែក្លាយខេត្តកែប ឲ្យទៅជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់ អាចនឹងមិនបង្កើតឲ្យមានកាស៊ីណូ និងរោងចក្រសហគ្រាសឡើយ។
គួសបញ្ជាក់ថា ថ្វីត្បិតកែបជាខេត្តតូចជាងគេ ប៉ុន្តែខេត្តនេះមានសក្ដានុពលខាងវិស័យទេសចរណ៍ដ៏គួរឲ្យទាក់ទាញ ដូចជា ខ្យល់សមុទ្រដ៏បរិសុទ្ធ កោះទន្សាយ និងផ្សារក្តាមជាដើម។ នាពេលខាងមុខ ខេត្តនេះក៏អាចនឹងមានកំពង់ផែទេសចរណ៍អន្តរជាតិតូចមួយទៀតផងដែរ៕