លោក បណ្ឌិត តាន់ មុនីវណ្ណ៖ បើចង់មានត្រូវចេញក្រៅផ្ទះឲ្យបានច្រើន…(មានវីដេអូ)

លោក បណ្ឌិត តាន់ មុនីវណ្ណ ដែលបច្ចុប្បន្ន លោកជាអគ្គនាយករងនៃក្រុមហ៊ុន ម៉ុង​ឫទ្ធីគ្រុប និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។ នៅក្នុងវេទិការជជែកអំពីភាពជាអ្នកមាន លោកបានចែករំលែកនូវយុទ្ធសាស្ត្រ និងបទពិសោធន៍មួយចំនួនទាក់ទងទៅនឹងភាពជាអ្នកមាន។ តើដើម្បីក្លាយទៅជាអ្នកមានយើងត្រូវធ្វើអ្វីខ្លះ?

ទាក់ទឹននឹងភាពជាអ្នកមាន លោកបណ្ឌិត តាន់ មុនីវណ្ណ បានចែករំលែកយុទ្ធសាស្ត្រមួយចំនួន ដែលជាមាគាឆ្ពោះទៅកាន់ភាពមានបាន ដែលរួមមានដូចខាងក្រោម៖

១. ហ៊ានលះបង់រឿងមិនល្អ

លោកបានលើកឡើងថា យើងត្រូវហ៊ានលះបង់រឿងមិនល្អ ដែលមិនអាចនាំឲ្យកើតជាប្រយោជន៍ចំពោះខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ព្រោះវាបាននាំមកនូវផលអវិជ្ជមានច្រើនណាស់មកដល់យើង រួមទាំងការខ្ជះខ្ជាយពេលវេលាផងដែរ។ ពេលវេលាដើរលឿនណាស់មិនចាំនរណាម្នាក់នោះឡើយ ចូលយើងអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃតាមរយៈការចូលរួមសិក្ខាសាលា ឬវគ្គសិក្សាខ្លីៗ ព្រោះវាអាចឲ្យយើងក្លាយទៅជាមនុស្សម្នាក់ដែលមានចំណេះដឹងទូលំទូលាយ និងមានសមត្ថភាពកាន់តែខ្លាំង។

២. ការសេពគប់មនុស្ស

ការសេពគប់មនុស្សដែលនៅជុំវិញខ្លួនគឺមានសារៈសំខាន់ណាស់ ព្រោះវាមានឥទ្ធិពលខ្លាំងមកលើជីវិតរបស់យើង។ ក្នុងនោះផងដែរលោកបណ្ឌិតរូបនេះ បានមានប្រសាសន៍ថា​ ត្រូវសេពគប់មនុស្សល្អៗ និងមានសមត្ថភាពខ្លាំងជាងយើង ហើយនៅជិតនិងសួរនាំពួកគេឲ្យបានច្រើន ព្រោះពួកគេជាកម្លាំងចលករក្នុងការអភិវឌ្ឍន៍សម្ថភាពរបស់យើងបានកាន់តែខ្លាំងពីមួយកម្រិតទៅមួយកម្រិតទៀត។

៣. កុំរង់ចាំឳកាស ត្រូវចេះបង្កើតឳកាសដោយខ្លួនឯង

លោកបានសង្កត់ធ្ងន់ថា មូលហេតុដែលមនុស្សភាពច្រើនស្ថិតនៅក្នុងស្ថានភាពក្រលំបាក និងប្រឈមមុខចំពោះភាពអត់ការងារធ្វើ ព្រោះពួកគេទាំងនោះរង់ចាំឳកាស។ លោកបានបន្ថែមទៀតថា ជាការពិតឳកាសមិនមាននៅលើបុគ្គលណាម្នាក់នោះឡើយ គឺយើងត្រូវចេះស្វែងរក និងចេះបង្កើតវាដោយខ្លួនឯង។ យើងត្រូវស្វែងរកភាពខ្លាំងរបស់ខ្លួនឯងឲ្យឃើញ នោះយើងនឹងមានឳកាសក្នុងការទទួលបានភាពជោគជ័យ។

៤. ចេញក្រៅផ្ទះឲ្យបានច្រើន

ការចេញក្រៅផ្ទះឲ្យបានច្រើនវាជាឳកាសក្នុងការអភិវឌ្ឍន៍ខ្លួន និងបានជួបមនុស្សបានកាន់តែច្រើន រួមទាំងមានចំណេះដឹងច្រើនទាក់ទងទៅនឹងសង្គមខាងក្រៅថែមទៀតផង នេះជាអ្វីដែលលោកបណ្ឌិតបានមានប្រសាសន៍។ លោកបានផ្តោតទៅលើស្ត្រីជាពិសេស ស្ត្រីគ្រប់រូបគួរតែចេញក្រៅផ្ទះឲ្យបានច្រើន មិនត្រូវនៅតែក្នុងផ្ទះនោះទេ។ ព្រោះការចេញខាងក្រៅផ្ទះ យើងអាចរៀនសូត្រនូវអ្វីដែលថ្មី និងអភិវឌ្ឍន៍សមត្ថភាពបានកាន់តែខ្លាំង។

៥. ហ៊ានប្រថុយចំពោះហានិភ័យ

លោកបានលើកឡើងថា អ្នកមានហ៊ានប្រថុយប្រថានជាមួយការធ្វើជំនួញ ហ៊ានបណ្តាក់ទុនវិនិយោគ និងហ៊ានក្នុងការលះបង់ពេលវេលាខ្លាំង ក្នុងខណៈពេលដែលមនុស្សធម្មតាស្តាយលុយ ខ្លាចហានិភ័យ រួមទាំងមិនមានមហិច្ឆតានោះទេ។ ប្រសិនបើអ្នកហ៊ានប្រថុយចំពោះហានិភ័យ និងហ៊ានលះបង់ពេលវេលាដើម្បីបុព្វហេតុអ្វីមួយប្រកបដោយការពិចារណានិងចំណេះដឹង អ្នកនឹងអាចទទួលបានភាពជោគជ័យលើអ្វីដែលអ្នកបានគ្រោងទុកជាក់ជាមិនខាន។

៦. ភាពស្មោះត្រង់

ក្នុងនោះផងដែរ លោកបានមានប្រសាសន៍ថា ភាពស្មោះត្រង់អាចធ្វើឲ្យយើងក្លាយជាអ្នកដឹកនាំ ហើយក៏អាចឲ្យយើងក្លាយជាមហាសេដ្ឋីផងដែរ។ សច្ចធម៌ និងគុណធម៌ គឺសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នាមិនថាអ្នកជានរណានោះទេ បើទោះបីអ្នកជាបុគ្គលិក ឬថ្នាក់ដឹកនាំក៏ដោយអ្នកត្រូវយកធាតុទាំងពីរនេះជាកត្តាចម្បងក្នុងការរស់នៅ និងការប្រកបការងារ។ តាមបទពិសោធន៍របស់លោក លោកបានបង្ហាញថា បើទោះបីអ្នកមានជំនាញតិចតួចក៏ដោយ ឲ្យតែអ្នកមានភាពស្មោះត្រង់ បើអ្នកមិនអាចក្លាយជាសេដ្ឋីយ៉ាងហោចណាស់ក៏អ្នកអាចមានជីវភាពល្អប្រសើរនៅក្នុងថ្ងៃខាងមុខដែរ។

អត្ថបទដោយ៖ កាន់ ដារ៉ា (Financial Writer)

Facebook: Kan Dara

Leave a Reply

Your email address will not be published. Required fields are marked *