វីធីបញ្ចុះកម្តៅកូនតូចៗពេលក្តៅខ្លួន ដោយមិនចាំបាច់ប្រើថ្នាំពេទ្យ នាំប៉ះពាល់សុខភាព!

អាការៈក្ដៅខ្លួន អាចជាជំងឺសាមញ្ញ និងជាសះស្បើយដោយខ្លួនឯង ឬតាមរយៈការអនុវត្តវិធីសាស្រ្តនានានៅផ្ទះបានដោយមិនចាំបាច់ទទួលការព្យាបាលពីសំណាក់វេជ្ជបណ្ឌិត លើកលែងតែករណីធ្ងន់ធ្ងរមួយចំនួន។ ស្របពេល ដែលការព្យាបាលអាចធ្វើបានដោយខ្លួនឯង អាណាព្យាបាលទាំងអស់ក៏គួរតែចៀសវាងនូវទម្លាប់ដែលខុសខ្លះៗអំឡុងពេលកូនតូចមានជំងឺបង្កឲ្យរាងកាយឡើងកម្ដៅផងដែរ។

1 ហាមប្រើប្រាស់ថ្នាំភ្លាមៗ

អាការៈក្ដៅក្នុងកម្រិតត្រឹម ៣៧.៦ ទៅ៣៧.៩ អង្សាមិនមែនជារឿងអាក្រក់ទេ ពីព្រោះក្នុងលក្ខខណ្ឌនេះខ្លួនប្រាណរបស់កុមារកំពុងធ្វើការប្រឆាំងទៅនឹងការឆ្លងរោគ។ ការសិក្សាបានបង្ហាញបន្ថែមថា ប្រសិនអ្នកចាប់ផ្ដើមប្រើប្រាស់ថ្នាំបញ្ចុះកម្តៅលឿនពេកនោះអាចឲ្យដំណើរការជាសះស្បើយដោយខ្លួនឯងត្រូវប្រើរយៈពេលយូរ។ ក្នុងដំណាក់កាលនេះ អ្នកអាចបន្តតាមដានដោយវាស់កម្ដៅឲ្យបានញឹកញាប់ សង្កេតមើលចលនានិងដាក់កុមារឲ្យនៅក្នុងបន្ទប់ដែលមានសីតុណ្ហភាពសមស្រប។ យ៉ាងណាមិញ ប្រសិនកម្ដៅនៅតែបន្តកើនឡើង អ្នកអាចផ្ដល់ឱសថដំបូងជាពពួក ប៉ារ៉ាសេតាម៉ុលជាមុនសិន។

2 ហាមដណ្តប់ភួយ

នៅពេលរាងកាយកុមារកំពុងឡើងកម្ដៅ អាណាព្យាបាលគួរចៀសវាងប្រើភួយដើម្បីដណ្តប់ ឬបិទទ្វារឲ្យជិត តែអ្នកត្រូវបើកទ្វារ និងកង្ហារដើម្បីជួយផ្ដល់នូវចរន្ដខ្យល់ស្អាតចេញចូលនៅក្នុងផ្ទះ។ វិធីសាស្រ្តបែបនេះអាចនឹងធ្វើឲ្យក្មេងមានអារម្មណ៍ថាត្រជាក់ខ្លួន ប៉ុន្ដែស្របពេលជាមួយគ្នា កម្ដៅរាងកាយក៏កំពុងតែមានភាពប្រសើរឡើងមកវិញផងដែរ។ ដោយឡែកបើយោងតាមការសិក្សាមួយបានបញ្ជាក់ថាការដណ្តប់ភួយពេលកុមារគ្រុនក្តៅអាចធ្វើឲ្យកូនរបស់អ្នកឡើងកម្តៅក្នុងខ្លួនទៅវិញ។

3 ហាមងូតទឹកត្រជាក់

ទឹកត្រជាក់មិនមែនជាវិធីសាស្រ្តក្នុងការបំបាត់កម្ដៅនោះទេតែវាបែរជាបង្កឲ្យក្មេងឡើងកម្ដៅកាន់តែខ្លាំងនិងប៉ះពាល់ដល់ផ្លូវដង្ហើមទៀតផងជាពិសេសក្មេងដែលក្តៅខ្លួនដោយសារការបង្ករោគនៅតាមផ្លូវដង្ហើមដូចជាជំងឺរលាកសួត និងរលាកបំពង់ក។ ចៀសវាងឲ្យកុមារងូតទឹកត្រជាក់ប៉ុន្តែអ្នកត្រូវប្រាកដថាកូនរបស់អ្នកមានភាពស្ងួតនៅតំបន់ក្លៀក និងក្រលៀនព្រមទាំង ពិនិត្យសីតុណ្ហភាពរាងកាយរៀងរាល់ ៣ ទៅ៤ម៉ោងម្តង ឬទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញផ្នែកកុមារ ប្រសិនបើកូនរបស់អ្នកមានរោគសញ្ញា ញុំាមិនបាន អស់កម្លាំង ងងុយគេង ពិបាកដកដង្ហើម ក្អួត និងមានកន្ទួលរមាស់ជាដើម។

4 ប្រើ​កន្សែង​សើម
អ្នក​អាច​ត្រាំ​កន្សែង​នៅក្នុង​ទឹក​ឲ្យ​ជោគ រួច​ពូត​ចេញ ហើយ​យកមក​ជូត​លើ​រាងកាយ​របស់​កុមារ។ ស្រប​ពេលនេះ អ្នក​ក៏ត្រូវ​ប្រើស​កន្សែង​ជ្រលក់​ទឹក​មួយទៀត មក​បំពោត​ពីលើ​ថ្ងាស និង​ទុក​ប្រហែលជា ៤ទៅ៥នាទី ដើម្បី​ឲ្យ​ជាតិ​ទឹក​ស្រូបយក​កម្តៅ​ចេញ។

5 ផ្តល់​ទឹក​ឲ្យ​កុមារ​ឲ្យ​បាន​គ្រប់គ្រាន់

ការផ្តល់​ជាតិ​ទឹក ឬ​សារធាតុ​រាវ​ដល់​កុមារ​បាន​គ្រប់គ្រាន់ ក៏​ជា​វិធីសាស្ត្រ​មួយ​ក្នុងការ​កាត់បន្ថយ​កម្តៅ​ក្នុង​រាងកាយ​ផងដែរ។ អ្នក​អាច​ឲ្យ​ពួកគេ​ញ៉ាំ​ទឹកដោះគោ ឬ​ទឹក​ត្រជាក់​ធម្មតា ទើប​អាចជួយ​ផ្តល់​សំណើម និង​ធ្វើ​ឲ្យ​រាងកាយ​មាន​ភាព​ត្រជាក់​មកវិញ។

6 ការប្រើប្រាស់​កង្ហារ

ខ្យល់​របស់​កង្ហារ​ក៏​អាចជួយ​ឲ្យ​រាងកាយរ​ប់​កុមារ មាន​ភាព​ត្រជាក់​មកវិញ​ដែរ ប៉ុន្តែ​កុំ​ដាក់​កូន​នៅ​នឹង​មុខ​កង្ហារ​រយៈពេល​យូរពេក ព្រោះ​ពួកគេ​អាច​ប្រែជា​រងារ​ខ្លាំង។ យក​ល្អ អ្នក​គួរ​បើក​កង្ហារ តិចៗ ហើយ​ឲ្យ​វា​វិល​ទៅមក។

7 កុំ​ពរ​កូន​ដើរលេង

ខណៈ​នេះ អ្នក​មិនត្រូវ​នាំ​កូន​ចេញ​ក្រៅ​ផ្ទះ​នោះទេ ដោយសារតែ​វា​អាច​បង្កើន​សីតុណ្ហភាព​រាងកាយ​កាន់តែខ្លាំង។ ដូច្នេះ អ្នក​ត្រូវ​រក្សា​ពួកគេ​ឲ្យ​នៅក្នុង​ផ្ទះ គឺជា​រឿង​ដ៏​ល្អប្រសើរ​បំផុត។

ដំណាក់កាលគួរស្វែងរកការព្យាបាល

ក្តៅខ្លួន អាចជាអាការៈជំងឺធម្មតា និងមិនធ្ងន់ធ្ងរនោះទេ ហើយអាចនឹងបាត់ទៅវិញបន្ទាប់ពី ២ ទៅ៣ថ្ងៃក្រោយ។ ក្នុងករណីក្តៅល្មមៗ ហើយកុមារនៅទប់ទល់បាន នោះការផ្ដល់ថ្នាំអាចមិនចាំបាច់ តែត្រូវតាមដាន និងប្រុងប្រយ័ត្នជាប់ជានិច្ច។ ផ្ទុយទៅវិញលោកអ្នកត្រូវស្វែងរកការព្យាបាល និងទៅជួបគ្រូពេទ្យប្រសិនបើ៖

កុមារមានអាការៈក្តៅខ្លួនលើសពីពីរថ្ងៃ
កម្តៅឡើងលើសពី ៣៨,៥អង្សា
កុមារលែងលេង លែងញ៉ាំ

កុមារមានបញ្ហាសុខភាពជាប់នឹងខ្លួន ឬធ្លាប់មាន ជំងឺរ៉ាំរ៉ៃ។
ប៉ុន្តែក្នុងពេលរង់ចាំ និងមុនទៅដល់មន្ទីរពេទ្យអាណាព្យាបាលអាច៖

ប្រើកន្សែងសើមជ្រលក់ទឹកធម្មតា (មិនត្រជាក់ពេក មិនក្តៅពេក) ជូតថ្មមៗ និងបន្តិចម្តងៗឲ្យសព្វពេញខ្លួន និងគ្របតាមគន្លាក់ដៃជើងក្រលៀន ដើម្បីបញ្ចុះសីតុណ្ហភាព

ព្រលែងខ្លួនកុមារ ឬទារក និងកុំពាក់ខោអាវជិត ឬក្រាស់ៗ
ផ្តល់ទឹកឲ្យកុមារញ៉ាំឲ្យបានច្រើនតាមដែលអាច ធ្វើទៅបាន
ផ្តល់ថ្នាំត្រជាក់ ដូចជា ប៉ារ៉ាសេតាម៉ុលទៅតាមកម្រិតទម្ងន់ និងអាយុរបស់កុមារ។

Leave a Reply

Your email address will not be published. Required fields are marked *