កូនខ្មែរគួរយល់ដឹង! គោល​បំណង​​នៃ​ការ​កសាង​ប្រាសាទ​ព្រះ​វិហារខុស​ប្លែក​ពី​ការកសាង​ប្រាសាទ​អង្គរវត្ត

គោល​បំណង​​នៃ​ការ​កសាង​ប្រាសាទ​ព្រះ​វិហារ​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ក្នុង​បំណង​ពិសេស ខុស​ប្លែក​ពី​ការកសាង​ប្រាសាទ​អង្គរវត្ត ដែល​ស្ថាបនា​ឡើង​ដើម្បី​រំឭក​គុណ​ព្រះ​វិស្នុរ ប្រាសាទ​បាពួន រំឭក​គុណ​ព្រះឥសូរ ។ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង ដើម្បី​ធ្វើ​ជា​ទី​ដែល​គេ​រក្សា​ទុក​លិង្គ​ព្រះអាទិទេព ស្រីសិខៈ រិស្វារៈ ពីព្រោះ​តាម​ជំនឿ​របស់​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ ជាពិសេស​ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ ក៏​អ៊ីចឹង​ដែរ លោក​នៅ​តែ​គាំទ្រ​គំនិត​ដែល​ថា មហិទ្ធិឫទ្ធិ​ធំ​ណាស់​អាទិទេព​នេះ ដូច្នេះ​ត្រូវ​ធ្វើ​ម៉េច បន់​ស្រន់ គោរព​បូជា យ៉ាង​ដាច់​ខាត ។

ទីតាំង​ប្រាសាទ​ភ្នំ​ព្រះវិហារ​នេះ ទី​មួយ គឺ​គេ​ទុក​អាទិទេព ស្រីសិខៈ រិស្វារៈ ជួនកាល​គេ​សរសេរ ខរៈ ស្វារៈ ជួនកាល​គេ​សរសេរ សិខៈ រិស្វារៈ ប៉ុន្តែ​គឺ​ជា​ឈ្មោះ​តែ​មួយ​ទេ ។ គឺ​ជា​កន្លែង​ដែល​គេ​រក្សា​ទុក ពីព្រោះ​អាទិទេព​នេះ ដែល​មាន​លិង្គ​ជា​តំណាង មាន​មហិទ្ធិឫទ្ធិ​ធំ​ណាស់ ។ គេ​ជឿ​ថា នាំ​ភោគ​ផល នាំ​សេចក្តី​សុខ​មក​ដល់​ប្រទេស​ខ្មែរ ។ ទី​២ ប្រាសាទ​ភ្នំ​ព្រះវិហារ ទីកន្លែង​នេះ​មិនមែន​ជា​ទីកន្លែង​សម្រាប់​ព្រះរាជា​គង់​នៅ​ទេ ។ មិនមែន​មាន​ទីភូមិ​សម្រាប់​ប្រជាពលរដ្ឋ​ទេ ។ គឺ​មានតែ​កន្លែង​សម្រាប់​អ្នកបួស ឲ្យ​ចូល​មក​តាំង​សីល ហើយ​និង​ដើម្បី​នឹង​ជួយ​បន្ត​ពិធី​គោរព​បូជា​នេះ ត​ទៅ​ទៀត ។

បើ​បាន​អញ្ជើញ​ទៅ គឺ​ត្រូវ​ពិនិត្យ​មើល​នៅ​ប្រាសាទ ដែល​ជាប់​នឹង​ខ្លោង​ទ្វារ​ទី​៣ រាប់​ពី​ក្រោម​ទៅ នៅ​ខ្លោង​ទ្វារ​ទី​៣ ហ្នឹង​មាន​សិលា​ចារឹក​កា​លេខ ៣៨១ នោះ គេ​សង្ស័យ​ថា នៅ​ត្រង់​កន្លែង​ហ្នឹង គឺ​ជា​កន្លែង​ដែល​គេ​បំបួស​ឲ្យ​ទៅ​ជា​ព្រាហ្មណ៍ ដើម្បី​នឹង​បន្ត​កិច្ចការ​គោរព​និង​ថែ​រក្សា​អាទិទេព ស្រីសិខៈ រិស្វារៈ នោះ​ត​ទៅ​ទៀត ។ ដូច្នេះ​ប្រាសាទ​ភ្នំ​ព្រះវិហារ ខុសពី​ប្រាសាទ​ឯទៀត​ៗ។

ដំណាក់​កាល​នៃ​ការ​សាង​សង់ ការសាងសង់​ប្រាសាទ​ព្រះវិហារ មាន​បី​ដំណាក់កាល​ធំ​ៗ ដែល​ក្រុម​អ្នក​ប្រវត្តិ​វិទូ​គិត​សង្ស័យ​ថា កាលពី​ជំនាន់​ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ គឺ​អាស្រម​ប្រហែល​ធ្វើ​អំពី​ឈើតែ​មក​ដល់​រជ្ជកាល ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ គឺ​គេ​ឈូស​ភ្នំ​យក​ថ្ម​ភ្នំ ធ្វើ​ជា​កាំជណ្តើរ​ធ្វើ​ផ្លូវ​ឡើង​ទៅ​លើ​ភ្នំ​និង​យក​ថ្ម​ភ្នំ ទៅ​កសាង​ជា​ទីតាំង​ប្រាសាទ​ផ្សេង​ៗ នៅក្នុង​ដែន​ដី​នៃ​ប្រាសាទ​ព្រះវិហារ ។ បន្ទាប់មក គឺ​ក្នុង​រជ្ជកាល​ព្រះបាទ សុរិយវរ្ម័ន​ទី​២ ពេល​នោះ​ហើយ​ដែល​គេ​គិត​ថា ប្រាសាទ​ភ្នំ​ព្រះវិហារ គឺ​បាន​ស្ថាបនា​ឲ្យ​កាន់តែ​ល្អ​ឡើង នៅពាក់​កណ្តាល​សតវត្សរ៍​ទី​១២ ។ ព្រះបាទ សុរិយវរ្ម័ន​ទី​២ នោះ​ហើយ ដែល​ព្រះអង្គ​បាន​សាង​ប្រាង្គ​ប្រាសាទ​អង្គរវត្ត ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​សៀមរាប សព្វថ្ងៃ​នេះ ។

លក្ខណៈ​សំណង់​ប្រាសាទ​ព្រះ​វិហារ​បើគិត​ចាប់​ពី​ដី​ទំនាប ពី​ផ្លូវ​ឡើង​ទៅ​ដល់​ប្រាសាទ​ដែល​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ​នោះ គឺ​គេ​ត្រូវ​ដើរ​ឡើង​តាម​ជណ្តើរ​ជា​ច្រើន​កាំ ដែល​មាន​ចម្ងាយ​ទាំង​អស់ ៨០៤​ម៉ែត្រ ។មុន​នឹង​ឡើង​ពី​ដី​ទំនាប ទៅ​ដល់​ប្រាង្គ​ប្រាសាទ​លើ​កំពូលភ្នំ គេ​ត្រូវ​ឆ្លង​កាត់​ខ្លោង​ទ្វារ ៥ ។ ទីតាំង​ដែល​ធ្វើ​ប្រាសាទ​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ មាន​កម្ពស់ ៥២៥​ម៉ែត្រ ។

តួ​ប្រាសាទ​សំខាន់​នោះ​មាន​ទំហំ ៣៥​ម៉ែត្រ​គុណ​នឹង ៤៥​ម៉ែត្រ ដែល​គេ​គិត​សង្ស័យ​ថា ជា​កន្លែង​រក្សា​ទុក​លិង្គ​អាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ ។ ទីមួយ ពី​ដី​យើង​ធម្មតា​ហ្នឹង ពី​ដី​គឺ​ជើងភ្នំ​របស់​ភ្នំ​ដងរែក​ហ្នឹង យើង​ឡើង​មក​ហ្នឹង គឺ​ចម្ងាយ ៥៤​ម៉ែត្រ​គេ​ធ្វើ​ជា​ជណ្តើរ​ៗ ទាំងអស់​មាន ១៥៩​កាំ ។ យើង​ឡើង​ជណ្តើរ​ហ្នឹង​មក​ហើយ បាន​គេ​ធ្វើ​រាង​ជម្រាល​បន្តិច​ចម្ងាយ ២៥​ម៉ែត្រ ហ្នឹង ចូល​មក​ខ្លោង​ទ្វារ​ទី​១ ។

សំគាល់​១៖ បើ​សិន​ណា​អស់​លោក​មាន​សៀវភៅ គេ​សរសេរ​ជា​ភាសា​បារាំង ជា​អង់គ្លេស គេ​រាប់​បញ្ច្រាស គេ​រាប់​ពី​ទីមួយ ប្រាសាទ​ធំ​បំផុត មក​ឯ​ខាង​ដើម ។ បន្ទាប់​ពី​ខ្លោង​ទ្វារ​ទី​១​ហ្នឹង ត្រូវ​ធ្វើ​ដំណើរ​តាម​កាំជណ្តើរ​នោះ ឡើង​មក​ទៀត ចម្ងាយ ២៤៤​ម៉ែត្រ ។ ជណ្តើរ​នេះ គេ​មាន​បោះគោល​តាម​សង​ខាង​ផ្លូវ ដើរ​មក​បាន​ចូល​ខ្លោង​ទ្វារ​ទី​២ ។ នៅ​ខ្លោងទ្វារ​ទី​២ នោះ​មាន ហោជាង គេ​ធ្វើ​រូប​រឿង​កូរ​សមុទ្រ​ទឹកដោះ គឺ​ការ​ដែល​បង្កើត​លោក ។

នៅពេល​ដែល​ឡើង​មក​ហ្នឹង នៅ​ខាង​ឆ្វេង​ដៃ មាន​ស្រះ​មួយ ។ ស្រះ​នេះ​គឺ​មាន​ន័យ​សំខាន់​ណាស់ ព្រោះ​ថា កាល​ពី​ពេល​ដែល​ព្រះមហាក្សត្រ​ថៃ សព្វថ្ងៃ​គឺ ព្រះបាទ ភូមិផុន អាឌុល យ៉ាដេត ឡើង​គ្រងរាជ្យ​នៅថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​១៩៤៦ ថៃ​បាន​មក​យក​ទឹក​ពី​ស្រះ​នេះ​ទៅ ដើម្បី​បំពេញ​ពិធី​អភិសេក​ព្រះមហាក្សត្រ​ថៃ នៅឯ​ទីក្រុង​បាងកក ប្រទេស​ថៃ ។

ហើយ​ចម្ងាយ ១៥០​ម៉ែត្រ មាន​បោះគោល​តាម​ផ្លូវ​ហ្នឹង​រហូត ។ នៅ​ខាង​ឆ្វេង​ដៃ​ដដែល​ហ្នឹង មាន​តួប្រាសាទ​តូច​ៗ ឡើង​មក​ទៀត​អ៊ីចឹង​មក ១៥០​ម៉ែត្រ​ហ្នឹង បាន​មក​ដល់​ខ្លោង​ទ្វារ​ទី​៣​ៗ ហ្នឹង​មាន​សិលាចារឹក ដែល​និយាយ​អំពី​ការកសាង​ប្រាសាទ គឺ​នៅក្នុង​ជំនាន់​រជ្ជកាល​ព្រះបាទ សុរិយវរ្ម័ន​ទី​១ ប្រហែល​ជា​ទីកន្លែង​អ្នក​ចូល​ទៅ​បួស គេ​ឲ្យ​តាំង​សីល គេ​ឲ្យ​រៀន​ធម៌ នៅ​ហ្នឹង​ចូល​ផុត​ពី​ខ្លោង​ទ្វារ​ទី​បី​មក​នេះ ។ នៅ​ចន្លោះ​ពី​ខ្លោង​ទ្វារ​ទី​បី​និង​ខ្លោង​ទ្វារ​ទី​បួន មាន​ផ្លូវ​ដើរ ប្រហែល ៤០​ម៉ែត្រ ។

ផ្លូវ​ដើរ ៤០​ម៉ែត្រ​នេះ​ឯង ដែល​មាន​ធ្វើជា​ខ្លួន​នាគ ដូច​ជា​បង្កាន់ដៃ ហើយ​និង​បោះគោល​តាម​ផ្លូវ​នេះ​ឯង ។ យើង​ដើរ​តាម​ផ្លូវ​នាគ​ហ្នឹង​មក បាន​មក​ដល់​ខ្លោង​ទ្វារ​ទី​៤ ។ មក​ដល់​ខ្លោង​ទ្វារ​ទី​៤ ប្រាសាទ​ហ្នឹង​បែរ​មុខ​ទៅ​ទិស​ខាង​ជើង ។ នៅ​ទិស​ខាង​លិច​ឬ​ក៏​នៅ​ស្តាំដៃ​ហ្នឹង មាន​អគារ​មួយ នៅខាង​ឆ្វេង​ដៃ​អត់​មាន​ទេ ។អគារ​នេះ​ឯង​ប្រហែល​គេ​ទុក​ឲ្យ​សម្រាប់​ឥសី​ធំ​ៗ​សំណាក់​ឬ​ក៏​តាំង​សីល​នៅត្រង់​កន្លែង​ហ្នឹង» ។

ចម្ងាយ​ពី​ខ្លោង​ទ្វារ​ទី​៤ ទៅ​ដល់​ខ្លោង​ទ្វារ​ទី​៥​នោះ មាន​ប្រមាណ​ពី​៤០ ទៅ​៥០​ម៉ែត្រ ។ គេ​ត្រូវ​ដើរ​ឆ្លង​ខ្លោង​ទ្វារ​ទី​៥​នេះ ទើប​ទៅ​ដល់​ប្រាង្គ​ប្រាសាទ​ចុង​ក្រោយ​បង្អស់ ដែល​ស្ថិត​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ ។ ទីតាំង​ដែល​ធ្វើ​ប្រាសាទ​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ​នោះ មាន​កំពស់ ៥២៥​ម៉ែត្រ ។ កន្លែង​នេះ​ឯង គឺ​ជា​កន្លែង​ដែល​ប្រហែល​គេ​ដាក់​លិង្គ ដែល​គេ​ថា ជា​អាទិទេព​ប្រចាំ​ប្រាសាទ​ព្រះវិហារ បើ​យើង​គិត​តែ​តួ​ប្រាសាទ​ធំ​ចុងក្រោយ​នេះ គឺ​មាន​ទំហំ ៣៥​ម៉ែត្រ​គុណ​នឹង ៤៥​ម៉ែត្រ តែ​ប៉ុណ្ណោះ ហើយ​បើ​យើង​ដើរ​ទៅ​ខាង​ក្រោយ​ប្រាសាទ​ហ្នឹង ប្រយ័ត្ន​ព្រោះ​ហ្នឹង​ដល់​ចុង​ភ្នំ​ហើយ គឺ​កន្លែង​ដែល​ចោទ​ហើយ ផុត​ត្រឹម​ប៉ុណ្ណឹង ។

ដូច្នេះ​ចុង​ខាង​ក្រោយ​នេះ​ឯង ប្រហែល​ជា​គេ​ទុក​លិង្គ​អាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ នោះ ។ មក​ដល់​ឆ្នាំ​២០០៨ នេះ មាន​បាត់បង់​ក៏​ច្រើន បាក់​បែក​ក៏​ច្រើន អ្វី​ដែល​នៅ​ឃើញ​សល់​សព្វថ្ងៃ​នេះ យើង​មើល​ទៅ​តាំងពី​ក្បាច់​ចម្លាក់ គួរ​ឲ្យ​ស្រលាញ់​ជា​ទី​បំផុត ពីព្រោះ​ស្អាត​ណាស់ ធ្វើ​ហ្នឹង ធ្វើ​ល្អ​ខ្លាំង​ណាស់» ។

ហេតុអ្វី​បាន​ជា​ប្រាសាទ​ព្រះវិហារមាន​ជណ្តើរ​ឡើង ស្ថិត​នៅក្នុង​ទឹក​ដី​ថៃ សព្វ​ថ្ងៃ​នេះ​ទៅវិញ? លោក​សាស្រ្តាចារ្យ ឃិន សុខ បច្ចុប្បន្ន​បង្រៀន​ប្រវត្តិសាស្រ្ត​ខ្មែរ​ថៃ​លាវ​និង​ភូមា នៅឯ​វិទ្យាស្ថាន​ជាតិ អ៊ីណាល់កូ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង មាន​ប្រសាសន៍​ថា នៅពេល​ដែល​ស្តេច​ខ្មែរ ផ្តើម​សាងសង់​ប្រាសាទ​ព្រះវិហារ​នោះ​ឡើង​នៅក្នុង​ខេត្ត​ព្រះវិហារ​នៃ​ដែនដី​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​បុរាណ​សម័យ​នោះ គឺ​ពុំទាន់​មាន​ប្រទេស​សៀម ឬ​ថៃ តាំង​នៅ​ទីតាំង​ប្រទេស​ថៃ​សព្វថ្ងៃ នៅ​ឡើយ​ទេ ។

ពិសេស កាលពី​បុរាណ​សម័យ ស្រុក​ខ្មែរ​មាន​ផ្ទៃ​ដី​ធំធេង ផ្នែក​ខាង​លិច​គឺ​លាត​សន្ធឹង ពី​ខេត្ត​ព្រះវិហារ ហួស​ប្រទេស​ថៃ​សព្វថ្ងៃ និង​តរហូត​ទៅ​ដល់​ប្រទេស​ភូមា ។ ចំណែក​ផ្នែក​ខាង​ជើង គឺ​លាត​សន្ធឹង​រាប់​បញ្ចូល​ទាំង​ក្រុង​ឈៀងម៉ៃ ដែល​សព្វថ្ងៃ​ជា​ខេត្ត​មួយ​របស់​ថៃ​នោះ​ផង ។ ដូច្នេះ​មិនមែន​មក​ចោទ​ថា ដីត្រង់​កន្លែង​នោះ មាន​សៀម មាន​អី បើ​សៀម​មិនទាន់​មក​ដល់​ឯណា ។ សៀម​ទាល់​តែ​ចុង​សតវត្សរ៍​ទី​១៣ បាន​ទើប​នឹង​ចុះមក ។ ដូច្នេះ ដី​ត្រង់​ដែល​គេ​ធ្វើ​ប្រាសាទ នៅលើ​កំពូល​ភ្នំ​ព្រះវិហារ​នេះ ជា​ដី​របស់​ខ្មែរ ។ ខ្មែរ​ចង់​ធ្វើ​ត្រង់​ណា បែរ​ទៅ​ត្រង់​ណា គេ​ធ្វើ​តាម​តែ​ទីតាំង​របស់​សាច់​ភ្នំ​នោះ ។

ប្រភព៖ អាទិទេព ក្រុងអង្គរ

Leave a Reply

Your email address will not be published. Required fields are marked *