សូមបងប្អូនប្រុង​ប្រយ័ត្ន​! បុរស​ម្នាក់​ត្រូវ​កាត់​ម្រាមដៃ​ចោល ព្រោះ​មុត​ដៃ​ ពេលលាងបង្គារ

បុរស​ម្នាក់​នៅក្នុង​ប្រទេស​សិង្ហ​បុរី ត្រូវបាន​កាត់​ម្រាមដៃ​ខាងស្តាំ​អស់​មួយ​កំណត់ បន្ទាប់ពី​វា​បាន​ឆ្លង​បាក់តេរី​ស៊ីសាច់ ។ រឿងនេះ​បានកើត​ឡើង គឺ​នៅពេល​ម្រាមដៃ​របស់គាត់​បាន​មុត ខណៈ​លាង​សម្អាត​បង្គា​ស្រស់​ដែល​គាត់​ទិញ​មកពីផ្សារ​សើម​។​

​បើតាម​សេចក្តីរាយការណ៍​ពី​កាសែត The Straits Times ជនរងគ្រោះ​បាន​និយាយថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​គាត់​ត្រូវ​មុត​នឹង​បង្គា ហើយ​គាត់​បាន​គិតថា ករណី​លើក​នេះ​ក៏​មិនមាន​អ្វី​ប្លែក​នោះទេ​។​

​ទោះយ៉ាងណា ម្រាមដៃ​របស់គាត់​បាន​ចាប់ផ្តើម​ប្រែ​ទៅជា​ខ្មៅ នៅ​ថ្ងៃ​បន្ទាប់ ហើយ​គាត់​បានចាប់ផ្តើម​មាន​អាការ​គ្រុនក្តៅ​។ បន្ទាប់ពី​បាន​ទៅ​គ្លីនិក​២៤​ម៉ោង​មួយកន្លែង នៅក្នុង Toa Payoh គាត់​ត្រូវបាន​គ្រូពេទ្យ​នៅ​ទីនោះ​ប្រាប់ថា ឲ្យ​ទៅ​មន្ទីរពេទ្យ​ធំ​ភ្លាមៗ​។​

​គ្រូពេទ្យ​បាន​ប្រាប់ថា គាត់​ពិតជា​សំណាង​ហើយ ដែល​បានមក​ទាន់ពេលវេលា ប្រសិនបើ​ទុក​ឲ្យ​បាក់តេរី​ឆ្លង​ដល់​ក្លៀក​នោះ​នឹង​អាច​ប៉ះពាល់​ដល់​អាយុជីវិត ។ តែ​យ៉ាងណា នៅ​ទីបំផុត គាត់​ត្រូវបាន​កាត់​ម្រាមដៃ​១​អស់​ពាក់កណ្តាល​។​

​បន្ទាប់​អស់​ម្រាមដៃ​មួយ​កំណាត់​ដោយសារ​មេរោគ​ឆ្លង​ដ៏​មិន​នឹកស្មាន​នេះ បុរសរងគ្រោះ​ក៏បាន​អំពាវនាវ​គ្រប់គ្នា ត្រូវមាន​ការប្រុងប្រយ័ត្ន នៅពេល​លាង​បង្គារ​ឆៅ​ឬ គ្រឿង​សមុទ្រ​ដទៃទៀត​។​

​យោងតាម​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ បានឱ្យដឹងថា Vibrio vulnificus គឺជា​ប្រភេទ​នៃ​បាក់តេរី​ដែល​អាច​បង្ក​ការឆ្លង​ពី​ការបរិភោគ​សមុទ្រ​អាហារ​ឆៅ ឬ​គ្រឿង​សមុទ្រ​មិន​ឆ្អិន​ល្អ​។ ការបង្ក​រោគ​ទាំងនេះ ក៏​អាច​កើតឡើង​តាមរយៈ​មុខរបួស​បើកចំហរ​ផងដែរ ប្រសិនបើ​មុខរបួស​មាន​ទំនាក់​ទំនងជា​មួយគ្រឿង​សមុទ្រ​ឆៅ​។​

​លើសពីនេះ វីរុស Vibrio vulnificus នេះ ក៏​អាច​បង្ក​ការគំរាមកំហែង​ដល់​អាយុជីវិត​។ មនុស្ស​ជាច្រើន​ដែលមាន​ការឆ្លង​មេរោគ Vibrio vulnificus ត្រូវការ​ការមើល​ថែ​យ៉ាងខ្លាំង ឬ​កាត់​អវយវៈ​ចោល​តែម្តង​។ ប្រហែល​មួយ​ក្នុងចំណោម​មនុស្ស​៥​នាក់​ដែល​ឆ្លង​ជំងឺ​នេះ​បាន​ស្លាប់ ដែល​ពេលខ្លះ​ក្នុង​មួយថ្ងៃ ឬ​ពីរ​ថ្ងៃ​នៃ​ការធ្លាក់​ខ្លួន​ឈឺ​៕

​ប្រែ​សម្រួល​៖ លឹម​ហុង

Leave a Reply

Your email address will not be published. Required fields are marked *