ជូនពរឲ្យក្មួយៗ ជោគជ័យ! ហ៊ានប្រថុយជីវិត ឡើងចុះភ្នំ កម្ពស់ជាង ៨០០ម៉ែត្រ ដើម្បីទៅសាលារៀន

ចិន ៖ ប្រិយមិត្តមួយចំនួន ប្រហែលជាធ្លាប់បានលឺឪពុកម្តាយ ឬជីដូនជីតា តំណាលពីជំនាន់ដែលពួកគាត់នៅក្មេង ថាការធ្វើដំណើរដោយថ្មើរជើងទៅរៀនម្តងៗ ពិតជាពិបាក ព្រោះនៅឆ្ងាយៗ ផ្លូវមិនសូវជាល្អ ជួនក៏ត្រូវដើរកាត់ព្យុះភ្លៀងផងដែរ។

ដោយឡែកក្រឡេកមកមើលតំបន់មួយ ក្នុងប្រទេសចិនឯណោះវិញ វាពិតជារឿងដែលគួរឲ្យរន្ធត់ចិត្តជាខ្លាំង ដែលកុមារតូចៗរស់នៅក្នុងភូមិ ក្បែរជម្រាលភ្នំមួយកន្លែង ត្រូវបានបង្ខំចិត្តឡើងចុះជម្រាលភ្នំជាប្រចាំថ្ងៃ ដែលមានកម្ពស់ខ្ពស់ ក្នុងគោលបំណងដើម្បីបានសិក្សារៀនសូត្រដូចគេដូចឯង។

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ជារៀងរាល់ថ្ងៃក្មេងៗ ១៥នាក់ ដែលរស់នៅក្នុងភូមិ Atule’er ខេត្ត Sichuan ភាគខាងត្បូងប្រទេសចិន បាននាំគ្នាផ្សងគ្រោះថ្នាក់ ឡើងចុះជម្រាលភ្នំ ដែលមានកម្ពស់ជាង ៨០០ម៉ែត្រ និងថែមទាំងត្រូវដើរឆ្លងកាត់ជណ្តើរជាង ១៧កន្លែង ដែលមាននៅលើជម្រាលភ្នំនោះផងដែរ ទើបអាចទៅដល់សាលារៀនរបស់ពួកគេបាន។

ប្រភពបន្តទៀតថា ទោះបីជាយ៉ាងណាក៏ដោយ ជារឿងអកុសលដែលកាលពីមុន ទីតាំងដ៏គ្រោះថ្នាក់មួយនេះធ្លាប់សម្លាប់ក្មេងៗចំនួន៨នាក់រួចមកហើយ ដោយសារតែការរអិលធ្លាក់ ពីលើជណ្តើរ។ ទោះជាយ៉ាងនេះក្តី សម្រាប់ក្មេងៗទាំងអស់នោះ នៅតែមិនបាក់ទឹកចិត្ត និងហ៊ានតស៊ូជំនះប្រថុយជីវិត លើជម្រាលភ្នំដ៏គ្រោះថ្នាក់យ៉ាងហោចណាស់២ដងក្នុងមួយថ្ងៃ ដើម្បីឡើងចុះភ្នំ ធ្វើយ៉ាងណាដើម្បីទទួលបានការអប់រំរៀនសូត្រ ដោយមិនខ្លាចរុញរាឡើយ។

ទន្ទឹមនឹងនោះផងដែរ មតិមួយចំនួនលើកឡើងថា ការចែករំលែករូបទាំងអស់នេះ ចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជារឿងមួយដ៏ប្រសើរបំផុត ដែលជំរុញដល់ថ្នាក់ដឹកនាំ ក៏ដូចជារដ្ឋាភិបាល បានឃើញនិងជួយគាំទ្រដល់ពួកគេ ក៏ដូចជាប្រជាជនដែលរស់នៅក្នុងតំបន់ភូមិដាច់ស្រយ៉ាល ក្បែរជម្រាលភ្នំនោះផងដែរ និងជួយជ្រំជ្រែងដល់ការរស់នៅរបស់ពួកគេ ឲ្យបានប្រសើរជាងនេះ។

ប្រភពដដែលបន្តទៀតថា កាលពីដើមសប្តាហ៍មុននេះ រដ្ឋាភិបាលក្នុងតំបន់ បានចុះសាកសួរសុខទុក្ខប្រជាជន ដែលរស់នៅក្នុងភូមិដាច់ស្រយ៉ាលខាងលើ ជាមួយនឹងអារម្មណ៍ក្តុលក្តួលជាខ្លាំង និងបានប្រកាសប្រាប់ដល់ប្រជាពលរដ្ឋថា នឹងសាងសង់ជណ្តើរធ្វើពីដែកថែប មានបថដ្ឋានត្រឹមត្រូវល្អជាងនេះ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរសម្រាប់ក្មេងៗ ក៏ដូចជាប្រជាពលរដ្ឋផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *