បច្ចេកទេសចិញ្ចឹមត្រីឆ្ដោ អាចរកចំណូលខ្ទង់ម៉ឺនដុល្លាក្នុងមួយឆ្នាំ!

ក្រោយពីរដ្ឋាភិបាលអនុញ្ញាតិឲ្យប្រជាកសិករប្រកបរបរចិញ្ចឹមត្រីឆ្ដោវិញ
យើងឃើញថាមានកសិករមួយចំនួនបានកំពុងតែកាក់កបខ្លាំងជាមួយការចិញ្ចឹមត្រីឆ្ដោនេះ។

ជាក់ស្ដែង លោក នី ប្រុស កសិករ រស់នៅស្រុកស្អាង ខេត្ដ កណ្ដាល បានឲ្យដឹងថាជីវភាពរបស់គ្រួសារលោកបានធូរធាមួយកម្រិតទៀត ក្រោយពីលោកបានប្រកបរបរចិញ្ចឹមត្រីឆ្ដោនេះ។

កសិកររូបនេះបានបន្ដថា តាមរយៈបទពិសោធន៍ចិញ្ចឹមត្រីឆ្ដោជាង ១០ ឆ្នាំ ក្នុងកូនត្រីឆ្ដោជាង ២០០០០ ក្បាល ចំណាយតែពី ៧ ទៅ ៨ ខែ អាចប្រមូលផលត្រីឆ្ដោបានប្រមាណពី ១០ តោនទៅ ១៥ តោន នេះបើក្នុងករណីដែលមិនមានកូនត្រីឆ្ដោងាប់នៅក្នុងអំឡុងពេលដែលវានៅតូចៗទេនោះ។

លោក នី ប្រុស បានបញ្ជាក់ទៀតថា ប្រសិនបើលោកប្រមូលផលត្រីឆ្ដោបានពី ១០ តោន ទៅ ១៥ តោន លោកអាចទទួលបានប្រាក់ចំនេញពី ២ ទៅ ៤ ម៉ឺនដុល្លារទៅតាម ហាងឆេងនៃតម្លៃត្រីតាមឆ្នាំ។ ខាងក្រោមនេះជាបច្ចេកទេសត្រួសៗនៃការចិញ្ចឹមត្រីឆ្ដោ៖

១. ការជ្រើសរើសពូជ
ត្រូវជ្រើសរើសពូជត្រីដែលមានប្រភពច្បាស់លាស់ ពូជត្រីដែលមាំមួន និងទំហំប៉ុនៗគ្នា។
ជៀសវាងកូនត្រីដែលដាច់រលាត់ ពិការឬកើតជំងឺផ្សេងៗ

២. ដំណាក់កាលនៃការចិញ្ចឹម

ដំណាក់កាលទី ១៖ បើចាប់ផ្ដើចិញ្ចឹមពីខែមេសា អាចប្រមូលផលបាននៅខែ សីហា។ ក្នុងខែនេះវាជារយៈពេលដ៏ល្អបំផុតដែលត្រីឆាប់ធំលឿនព្រោះអាកាសធាតុអំណោយផល ប្រភពចំណីសម្បូរងាយរក។

ដំណាក់កាលទី ២ ៖ ចាប់ផ្ដើមចិញ្ចឹមនៅខែ សីហា អាចប្រមូលបាននៅខែ ធ្នូ។ នៅដំណាក់កាលនេះ ត្រីក៏អាចធំធាត់បានលឿនដែរ ព្រោះសម្បូរចំណីជាត្រីល្អិត។

ដំណាក់កាលទី ៣ ៖ ប្រសិនបើអ្នកដាក់ចិញ្ចឹមសាជាថ្មីនៅខែ មករា អ្នកគួរកាត់បន្ថយការចិញ្ចឹមព្រោះនៅរដូវនេះពិបាករកចំណីឲ្យត្រីស៊ីខ្លាំងណាស់ ព្រោះវិញចំណីមានតម្លៃថ្លៃ បណ្ដាលឲ្យអ្នកមិនសូវចំណេញ។

៣. ការផ្ដល់ចំណី

ត្រីឆ្ដោជាប្រភេទត្រីដែលស៊ីសាច់ជាអាហារ ដូច្នេះលោកអាចទិញជាប្រភេទត្រីតូចៗដើម្បីធ្វើជាចំណី។ បើតាមការឲ្យដឹងពីសំណាក់ម្ចាស់កសិដ្ឋានដែលធ្លាប់ចិញ្ចឹមគឺពួកគាត់មិនសូវជាប្រើត្រីល្អិតទឹកសាបប៉ុន្មានទេ ពួកកាត់យកត្រីល្អិតទឹកប្រៃយកមកធ្វើជាចំណីវិញ ព្រោះវាមានតម្លៃធូថ្លៃ និងសម្បូរជាងត្រីទឹកសាប។ មួយវិញទៀតអ្នកអាចអោយស៊ីបន្ថែមនូវចំណីដែលបានកែច្នៃ ពីចុងអង្ករ កន្ទក់ ពោត ជាដើម។

៤. ការថែទាំ

ត្រូវឧស្សាហ៍តាមដានគុណភាពទឹកនៅក្នុងស្រះចិញ្ចឹម។ ត្រូវធ្វើតាមកាលកំណត់ពី ២ – ៣ សប្តាហ៍ផ្លាស់ប្តូរទឹកម្តង។ ត្រូវបាចកំបោរពី ២ – ៣ គីឡូក្រាមក្នុង ១០០ ម៉ែត្រ និងត្រូវបន្ថែម វីតាមីន C និងសារធាតុខនិជក្នុងស្រះផងដែរ៕

អត្ថបទដោយ៖ សារ ធូរ៉ា
ប្រភពពី business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *