មុខរបរដែលកសិករពុំគួរមើលរំលង! ការចិញ្ចឹមត្រី បានទាំងតម្លៃខ្ពស់ ហើយមិនចាំបាច់ពិបាកហត់ដើររកទីផ្សារ…(មានវីដេអូ)

ជារឿងមួយដែលគួរឱ្យស្ងើចសរសើរ និងត្រេកអរខ្លាំងមែនទែន ដែលប្រជាកសិករខ្មែរយើង បែរងាកមកបង្កើតមុខរបរដោយខ្លួនឯង តាមរយៈការចិញ្ចឹមត្រី ក៏ដូចជាការធ្វើកសិកម្មផ្សេងៗ ជាជាងការធ្វើចំណាក់ស្រុកទៅក្រៅប្រទេស ដើម្បីស្វែងរកប្រភពចំណូលមកផ្គត់ផ្គង់ជីវភាពគ្រួសារ។ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺពួកគាត់អាចរកចំណូលបានយ៉ាងច្រើនស្ទើរមិនគួរឱ្យជឿ ពីរបរ របស់ពួកគាត់។

ជាក់ស្តែង លោក លី ប្រុស គឺជាកសិករចិញ្ចឹមត្រីឆ្តោក្នុងស្រះមួយកន្លែង ស្ថិតនៅស្រុកស្អាង ខេត្តកណ្តាល។ គាត់បានផ្តើមរបរចិញ្ចឹមត្រីឆ្តោមួយនេះ អស់រយៈពេលជាង ១០ឆ្នាំមកហើយ ដោយដំបូងដៃឡើយ គាត់ចិញ្ចឹមជាលក្ខណៈខ្នាតតូចពីបីពាន់ក្បាលតែប៉ុណ្ណោះ ប៉ុន្តែក្រោយមក ដោយសារការចិញ្ចឹមមានផលល្អ អាចធ្វើឱ្យគាត់រកចំណូលបានច្រើននោះ គាត់ក៏បានពង្រីកការចិញ្ចឹមខ្នាតធំតម្លៃខ្ទង់ម៉ឺនដុល្លារ។

នៅក្នុងបទសម្ភាសន៍មួយ កាលពីពេលថ្មីៗកន្លងទៅ លោក លី ប្រុស បានលើកឡើងថា បច្ចុប្បន្ននេះ ក្នុងមួយឆ្នាំៗ គាត់បានធ្វើការចិញ្ចឹមត្រីឆ្តោក្នុងស្រះ ប្រមាណ ២ម៉ឺនក្បាល ហើយគាត់អាចទាញចំណូលត្រឡប់មកវិញបានប្រមាណ ៤ម៉ឺនដុល្លារអាមេរិក ដោយទូទាត់ថ្លៃចំណាយផ្សេងៗ គាត់អាចសល់ប្រាក់ចំណេញប្រមាណជាង ២ម៉ឺនដុល្លារឯណ្ណោះ ខណៈការចិញ្ចឹមប្រើពេលមិនដល់ ១០ខែនោះឡើយ។

កសិករខាងលើនេះ បានសង្កត់ធ្ងន់ថា ការចិញ្ចឹមត្រីឆ្តោនៅក្នុងស្រះ មិនសូវមានផលលំបាកអ្វីច្រើននោះទេ ប៉ុន្តែមានបញ្ហាមួយ ដែលយើងត្រូវយកចិត្តទុកដាក់នោះគឺ ការថែទាំត្រីកុំឱ្យងាប់ពេលវានៅតូចៗ។ ដោយឡែក សម្រាប់ទីផ្សារវិញ គឺអាចនិយាយបានថា មិនមានផលវិបាកទាល់តែសោះឡើយ ព្រោះឱ្យតែត្រីយើងចិញ្ចឹមបានធំហើយ មិនខ្វះទេម៉ូយដែលគេចាំទទួលទិញ ពិសេសគេមកដឹកដល់កន្លែងតែម្តង ៕

អត្ថបទដោយ៖ MenG SonglY (LeEmon Biz)
ប្រភពពី business cambodia

Leave a Reply

Your email address will not be published. Required fields are marked *