ប្រវត្ថិម្ចាស់ ប្រេងកូឡាតាប៉ិ ដែលអ្នកមិនធ្លាប់ដឹងពីមុន!

បើនិយាយអំពីផលិតផលប្រេងកូឡាសញ្ញារូបតាប៉ិប្រាកដណាស់ថា មានមនុស្សជាច្រើនបានស្គាល់។ព្រោះតែផលិតដ៏ឈានមុខមួយនេះបានផ្តល់ឱ្យអ្នកប្រើប្រាស់នូវប្រសិទ្ធភាពដ៏ល្អរហូតសឹងតែខ្វះមិនបានទៅហើយ ដោយផ្ទះនីមួយៗគឺតែងតែទិញផលិតមួយនេះទុកជាប្រចាំតែម្តង ដើម្បីជាវិធីបង្ការការពារមួយពេលមានសត្វល្អិតទិចឬខាំ និងបញ្ហាក្រិច ផ្លោះនានា យើងអាចយកវាមកលាបបំបាត់រាល់បញ្ហាទាំងនោះបានយ៉ាងទាន់ពេលវេលា។

ដោយសារតែតួនាទីដ៏ល្អឥតខ្ចោះនេះ បានធ្វើឱ្យផលិតនេះទទួលបានការគាំទ្រនិងអាចឈរជើងបាន ៥៤ ឆ្នាំនៅលើទីផ្សារ ទាំងបណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុប ។តែស្របពេលនៃការល្បីសុះសាយនេះ គឺមានមនុស្សតិចណាស់ដែលបានដឹងពីប្រវត្តិដ៏អស្ចារ្យនៃផលិតផលមួយនេះ ថាវាមានដើមកំណើតនិងប្រភពមកពីណា បុព្វហេតុអ្វីទើបនាំឱ្យកើតផលិតផលនេះ ហើយអ្នកណាជាអ្នកបង្កើតជាដើម។

ក្នុងថ្ងៃនេះ Business Cambodia នឹងជីកកកាយនូវរឿងរ៉ាវដែលទាក់ទងជាមួយប្រេងកូឡាតាប៉ិមកចែកជូនដល់អ្នកទាំងអស់គ្នាបានដឹងនិងសិក្សាស្វែងយល់។យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ប្រេងកូឡាសញ្ញារូបតាប៉ិនេះត្រូវបានបង្កើតឡើងនៅកំឡុងឆ្នាំ ១៩៦៥​ ដោយជនអន្តោប្រវេសន៍ជនជាតិចិនម្នាក់ឈ្មោះ Bunjua Eiampikul។​ ដោយហេតុជាអ្នកក្រៅស្រុកដែលត្រូវភៀសខ្លួនពីស្រុកចិនដែលមិនមានអ្វីជាប់នឹងខ្លួនក្រៅពីចំណេះផ្សំថ្នាំឳសថបុរាណ បានផ្តួចផ្តើមឱ្យបុរសកំសត់មកពីស្រុកចិនរូបនេះឈានជើងចេញរកស៊ីដោយការផ្សំថ្នាំពីរូបមន្តចិនលក់នៅក្នុងប្រទេសថៃ។

ប្រភពដដែលបានបន្តថា ថ្នាំដែលលោក Bunjua Eiampikul បានផ្សំលក់ភាគច្រើនជាប្រភេទថ្នាំបំបាត់ការឈឺចាប់ រហូតក្រោយៗមក ចាប់តាំងពីមានការលក់ចេះតែឈានឡើងទៅមុខស្របតាមការផ្លាស់ប្តូរនៃបរិបទសង្គម បានជម្រុញឱ្យម្ចាស់យីហោប្រេងកូឡាសញ្ញាតាប៉ិនេះ បែកគំនិតគិតឃើញទៅដល់ការអភិវឌ្ឍផលិតពីថ្នាំចិនសែធម្មតាទៅប្រេងដែលអាចដាក់ទៅតាមខ្លួនគ្រប់ទីកន្លែង និងមានការវេចខ្ចប់ល្អជាងមុននិងបានចលាចលដាក់លក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ ១៩៨២។

ជាមួយគ្នានេះ នៅក្នុងការចុះផ្សាយរបស់ National Thailand កាលពីពេលកន្លងបានឱ្យដឹងបន្ថែមផងដែរថា មកដល់បច្ចុប្បន្ននេះ ប្រេងកូឡាតាប៉ិបាននឹងកំពុងទាញយកអ្នកប្រើបា្រស់បានកាន់តែច្រើនជាលំដាប់ និងបានបង្កើតរោងចក្រសម្រាប់ផលិតសង្វាក់ផលិតបានជាច្រើនប្រទេសថែមទៀតផង។ក្នុងនោះផលិតផលមានដើមកំណើតចេញពីថ្នាំចិនសែមួយនេះបាននឹងកំពុងអង្រួនទីផ្សារក្នុងប្រទេសជាច្រើនក្រៅពីប្រទេសថៃ រួមមាន ៖ ប្រទេសកម្ពុជា វៀតណាម ម៉ាឡេស៊ី ប្រទេសសិង្ហបុរី ហុងកុង កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីនហ្វីលីពីន កូឡុំប៊ី និង អាឡឺម៉ង់។ ក្រុមហ៊ុនក៏សង្ឃឹមថានឹងពង្រីកខ្លួនទៅប្រទេសជប៉ុនឬតៃវ៉ាន់នៅឆ្នាំនេះផងដែរ។

គួររំលឹកផងដែរថា​ ជារៀងរាល់ឆ្នាំក្រុមហ៊ុនប្រេងកូឡា តាប៉ិ អាចរកចំណូលបានដល់ទៅ ២០ លានដុល្លារកាលពីឆ្នាំមុន ចំណែកឯឆ្នាំនេះវិញ ក្រុមហ៊ុនអាចរកចំណូលបានដល់ទៅ ២៥ លានដុល្លារឯណោះ។ សូមបន្ថែមទៀតថា ក្នុងការរៀបរាប់ខាងលើទាំងប៉ុន្មាន គ្រាន់តែជាផ្នែកខ្លះដែលយើងបានព្យាយាមស្រាវជ្រាវយកមកចែកជូនអ្នកទាំងអស់អាចសិក្សាស្វែងយល់ក៏ដូចជាដឹងបានត្រួសៗតែប៉ុណ្ណោះ ដោយសារនៅមានរឿងរ៉ាវផ្សេងៗជាច្រើនទៀតដែលបានបង្កប់នៅក្នុងដំណើរដើមទងនៃយីហោមួយនេះ ដែលយើងនឹងលើកយកមកបង្ហាញនៅក្នុងអត្ថបទក្រោយៗជាបន្តទៀត៕

អត្ថបទដោយ៖សម្បត្តិ​ សុខឡាង
ប្រភពពី business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *