មូលហេតុពិត! ចំពោះ CEO ក្រុមហ៊ុនល្បីៗ នាំគ្នាធ្វើការដោយមិនយកប្រាក់ខែ

សព្វថ្ងៃនេះនាយកប្រតិបត្តិក្រុមហ៊ុនលំដាប់កំពូលៗជាច្រើននៅបរទេស និងនៅកម្ពុជា បានសម្រេចចិត្តយកប្រាក់ខែ ១ ដុល្លារ ឬយកប្រាក់ខែ ០ ដុល្លារ ដូចជា Steve Jobs នាយកប្រតិបត្តិ Apple, Mark Zuckerberg នាយកប្រតិបត្តិ Facebook, Jack Dorsey នាយកប្រតិបត្តិ Twitter, Larry Page នាយកប្រតិបត្តិ Alphabet ក្រុមហ៊ុនមេ Google ក្នុងនោះក៏មានលោក សំ កុសល នាយកប្រតិបត្តិ Business Cambodia ផងដែរ ។

នាយកប្រតិបត្តិដែលយកប្រាក់ខែ ១ ដុល្លារភាគច្រើន ជាស្ថាបនិករបស់ក្រុមហ៊ុនផ្ទាល់ ពួកគាត់ធ្វើបែបនេះដើម្បីកាត់បន្ថយសម្ពាធផ្សេងៗពីម្ចាស់ភាគហ៊ុននៅពេលមានបញ្ហាផ្សេងៗ ក្នុងដែរនេះជាសញ្ញាបញ្ជាក់ថា បុគ្គលិកមិនគួរផ្តោតលើរឿងប្រាក់ខែជាជាងការងារទេ ។

ប្រវត្តិធ្វើការយកប្រាក់ខែ ១ ដុល្លារនេះ ចាប់ផ្តើមឡើងនៅក្នុងជំនាន់សង្រ្គាមលោកលើកទី ២ ខ្ទង់ឆ្នាំ ១៩៤០ ខណៈដែលអាមេរិកខំរកវិធីធ្វើយ៉ាងណាកុំឲ្យសេដ្ឋកិច្ចធ្លាក់ ធ្វើឲ្យពលរដ្ឋអាមេរិកខិតខំធ្វើការរៀងៗខ្លួនៗលែងគិតពីប្រាក់ខែ ចំណែកមេដឹកនាំក្រុមហ៊ុនធំៗក៏បានរួមចំណែកជួយសេដ្ឋកិច្ចជាតិដោយផ្តល់សេវាកម្មឥតគិតថ្លៃទៅរដ្ឋ ប៉ុន្តែចាប់តាំងពីអាមេរិកបានចេញច្បាប់ការពារសិទ្ធអ្នកធ្វើការស្ម័គ្រចិត្តមក អ្នកដឹកនាំដូចជា អគ្គនាយកក្រុមហ៊ុន General Motors តម្រូវឲ្យមានប្រាក់ខែយ៉ាងតិច ១ ដុល្លារ ។

ក្រោយមកទៀតរឿងយកប្រាក់ខែ ១ ដុល្លារនេះបានធ្លាក់មកនាយកប្រតិបត្តិក្រុមហ៊ុនឡាន Chrysler ដោយសារកាលពីឆ្នាំ ១៩៧៩ ស្របពេលមានវិបត្តិប្រេងឆៅ ធ្វើឲ្យក្រុមហ៊ុនឡាននេះមានបញ្ហាក្នុងការស្វែងរកទុនដើម្បីផលិតឡានតូចៗដែលកំពុងមានតម្រូវការខ្ពស់ និងទប់ទល់ជាមួយការប្រកួតប្រជែងពីបរទេស ដូចនេះ CEO លោក Lee Iacocca បានសម្រេចចិត្តសូមខ្ចីលុយរដ្ឋ ដូចនេះគាត់សម្រេចចិត្តយកប្រាក់ខែ ១ ដុល្លារ ដើម្បីបង្ហាញថា គាត់ហ៊ានលះបង់ដើម្បីស្រោចស្រង់ក្រុមហ៊ុនឡើងវិញ ។

រហូតមកដល់ជំនាន់ Steve Jobs បានធ្វើការដោយយកប្រាក់ខែ ១ ដុល្លារ និង​ បានចូលក្លឹប ១ ដុល្លារ ($1 Club) ធ្វើឲ្យនាយកប្រតិបត្តិក្រុមហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យាជំនាន់ក្រោយៗចាប់ផ្តើមយកគម្រូនេះដល់សព្វថ្ងៃ ។

ហេតុអ្វីនាយកប្រតិបត្តិភាគច្រើនមិនខ្វល់រឿងប្រាក់ខែ?

ថ្វីត្បិតតែបោះចោលប្រាក់ខែរាប់ម៉ឺនដុល្លារក្នុងមួយខែមែន ប៉ុន្តែ CEO $1 ត្រូវបានក្រុមហ៊ុនផ្តល់ភាគហ៊ុនជំនួសវិញ ដូចនេះនៅពេលក្រុមហ៊ុនឡើងតម្លៃកាន់តែខ្ពស់ លុយពួកគាត់កាន់តែច្រើន ។ មួយទៀត CEO $1 តែងតែទទួលបានលុយលើកទឹកចិត្តបន្ថែមរាប់ម៉ឺនរាប់លានដុល្លារ ដោយបង់ពន្ធចូលរដ្ឋតិចបំផុតបើធៀបជាមួយពន្ធប្រាក់ខែ ក្នុងនោះដែរពួកគាត់នឹងទទួលបានរបស់ពិសេសៗពីក្រុមហ៊ុនដូចជា យន្តហោះឯកជន ភូមិគ្រឹះ នាវាទេសចរណ៍ឯកជនជាដើម ។

គួរបញ្ជាក់ថា CEO ដែលយកប្រាក់ខែ ១ ដុល្លារ តែងតែគិតពីការដឹកនាំក្រុមហ៊ុនបានច្រើនជាង CEO ដែលយកប្រាក់ខែខ្ទង់ម៉ឺនដុល្លារ ចំណែកឯកដំណើរការក្រុមហ៊ុនដែលមាន $1 CEO ក៏ល្អជាងក្រុមហ៊ុន ដែលមាន CEO យកប្រាក់ខែច្រើនដែរ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

Leave a Reply

Your email address will not be published. Required fields are marked *