ពូកែមែន! ត្រឹមរយៈពេល4ខែប៉ុណ្ណោះ អាចរកចំណូលបាន44.5លានដុល្លារ

បរទេស៖ ត្រឹមរយៈពេល ៤ខែដំបូង នៅក្នុងឆ្នាំ២០២០នេះ ប្រទេសវៀតណាម បានធ្វើការនាំចេញក្តាមទៅក្រៅប្រទេស គិតជាទឹកប្រាក់ប្រមាណជាង ៤៤,៥ លានដុល្លារអាមេរិក។ ចំនួននេះ បើធៀបនឹងឆ្នាំ២០១៩ កន្លងទៅ គឺមានការកើនឡើង ៤០ភាគរយឯណ្ណោះ។ នេះបើយោងតាមរបាយការណ៍របស់សមាគមអ្នកនាំចេញ និងអ្នកផលិតគ្រឿងសមុទ្រវៀតណាម ហៅកាត់ (VASEP) ។

តាមរបាយការណ៍ដដែល បានឱ្យដឹងទៀតថា ទីផ្សារនាំធំៗរបស់ប្រទេសវៀតណាម ក្នុងការនាំចេញក្តាម រួមមានដូចជា ចិន អាមេរិក ជប៉ុន និងសហគមន៍អ៊ឺរ៉ុប។ ក្នុងនោះ ប្រទេសចិន ដែលជាទីផ្សារធំលំដាប់ទី៤ របស់វៀតណាម កាលពីឆ្នាំទៅ បានទទួលទិញក្តាមពីប្រទេសវៀតណាម គិតជាទឹកប្រាក់ប្រមាណជាង ១៣ លានដុល្លារអាមេរិក។

រីឯ ការនាំចេញទៅកាន់ទីផ្សារជប៉ុនវិញ បានកើន ៣៧,៤ ភាគរយ ស្មើនឹងទឹកប្រាក់ ១០,៣ លានដុល្លារ។ ប៉ុន្តែយ៉ាងណា ការនាំចេញទៅកាន់ទីផ្សារអាមេរិក និងសហភាពអឺរ៉ុប បែរជាថយចុះ ១៨,៣ ភាគរយ និង ១៧ ភាគរយរៀងៗខ្លួនទៅវិញ។ ហើយបើតាមការប៉ាន់ស្មានរបស់សមាគម ការធ្លាក់ចុះនេះ ប្រហែលជាមកបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩។

សមាគម VASEP បាននិយាយថា តម្រូវការអាហារសមុទ្ររបស់ចិនបានងើបឡើងវិញ ចាប់តាំងពីខែមីនាមកម្ល៉េះ ដោយការនាំចេញរបស់វៀតណាម ទៅកាន់ប្រទេសចិន បានកើនឡើង ៣៥ ភាគរយនៅខែមេសា និង ២០ ភាគរយនៅខែឧសភា។ ជាមួយគ្នានេះ ការនាំចេញត្រីរបស់វៀតណាម ទៅកាន់ទីផ្សារចិន ក៏មានការកើនឡើងយ៉ាងច្រើនផងដែរ។ ជាក់ស្តែង បើតាមរបាយការណ៍ បានឱ្យដឹងថា​ ត្រឹមរយៈពេល ៤ដំបូង ក្នុងឆ្នាំ២០២០នេះ ការនាំចេញត្រីរបស់វៀតណាម ទៅកាន់ទីផ្សារចិន បានកើនឡើងចំនួន ៣៧% ឬស្មើនឹងទឹកប្រាក់ ១៤,៨ លានដុល្លារអាមេរិក។

សមាគមអ្នកនាំចេញ និងអ្នកផលិតខាងលើនេះ បានបញ្ជាក់ដែរថា បន្ទាប់ពីទីផ្សារចិន បច្ចុប្បន្ននេះ ជប៉ុន គឺជាទីផ្សារនាំចេញធំលំដាប់ទី២ របស់វៀតណាម ដោយនៅក្នុងខែឧសភា ការនាំចេញបានរបស់វៀតណាម ទៅទីផ្សារប្រទេសជប៉ុន បានកើនឡើង ៩ ភាគរយ បន្ទាប់ពីបានកើនឡើង ១៦ ភាគរយ នៅក្នុងខែមេសា ៕

Leave a Reply

Your email address will not be published. Required fields are marked *