រៀនចប់ IT មកលក់បុកល្ហុង! រកចំណូលបានខ្ទង់ម៉ឺនដុល្លា ក្នុង១ខែ

វាលែងជារឿងចម្លែកតទៅទៀតហើយ ដែលយុវជនខ្មែរយើងភាគច្រើន រៀនចប់ជំនាញនេះ តែបែរជាទៅធ្វើការជំនាញនោះ ឬក៏ចេញរកស៊ីខុសជំនាញដែលខ្លួនបានរៀនជាដើម។ និយាយបែបនេះ មិនមែនចង់មានន័យថា ការអប់រំនៅស្រុកខ្មែរយើង ខ្សោយខ្លាំងនោះទេ ប៉ុន្តែគឺដោយសារយុវជនយើងភាគច្រើន ពួកគាត់ពិបាកស្វែងរកនូវអ្វីដែលខ្លួនស្រលាញ់ពិតប្រាកដ ឬមានពេលខ្លះ ដោយសារតែឱកាសមកដល់ ទើបជំរុញឱ្យពួកគេ ជ្រើសរើសការងារ ឬក៏មុខរបររកស៊ី ដែលខុសទៅនឹងជំនាញដែលខ្លួនបានរៀន។

ជាក់ស្តែងដូច លោក យូ បូរិន ជាដើម។ ត្បិតថា លោកបានថ្នាក់បញ្ចប់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា (IT) ក៏ដោយ ប៉ុន្តែដោយសារឱកាស និងការចូលចិត្តទៅលើវិស័យម្ហូបអាហារ បានធ្វើឱ្យលោកបែរជា ចាប់យករបរលក់បុកល្ហុងទៅវិញ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺគាត់អាចចេញរកស៊ីបាន ដោយលោកនៅតែធ្វើការឱ្យគេជាធម្មតា ហើយអាជីវកម្មរបស់គាត់អាចរីកចម្រើនទៅមុខជាប្រចាំ​ និងអាចរកប្រាក់ចំណូលជារៀងរាល់ខែ ចន្លោះពី ៧ពាន់ដុល្លារអាមេរិក រហូតដល់ជាង ១ម៉ឺនដុល្លារអាមេរិក ឯណ្ណោះ។

នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក យូ បូរិន បានរៀបរាប់ពីដំណើរដើមទងនៅក្នុងការចាប់ផ្តើមអាជីវកម្មយ៉ាងដូច្នេះថា “តាមពិតទៅ មូលហេតុដែលជំរុញឱ្យខ្ញុំចាប់ផ្តើមអាជីវកម្មនេះឡើង គឺដោយសារខ្ញុំមានបងប្អូនម្នាក់ ដែលមានជំនាញច្បាស់លាស់លើវិស័យម្ហូបអាហារ ជាពិសេសគាត់ពូកែខាងបុកល្ហុងតែម្តង។ ហើយនៅពេលណា ដែលគាត់មកលេងម្តងៗ គាត់តែងតែដឹកជញ្ជូនត្បាល់ និងគ្រឿងទេសជាច្រើន យកមកជាមួយ។ ហេតុនេះ ទាំងខ្ញុំនិងបងប្អូនរបស់ខ្ញុំ តែងតែតម្រង់ជួរគ្នា ចាំញ៉ាំបុកល្ហុង ដែលចេញពីស្នាដៃរបស់គាត់។ ខណៈពេលដែលកំពុងញ៉ាំនោះ ខ្ញុំក៏ចេះតែគិតថា បើបានបើកហាងមួយ ហើយឱ្យបងប្អូនខ្ញុំធ្វើជាមេចុងភៅនោះ មិនដឹងជាលក់ដាច់យ៉ាងណាទេ” ។

អតីតនិស្សិតអាធីរូបនេះ បានឱ្យដឹងទៀតថា ក្រោយពីមានគំនិតចង់បើកហាងរួចមក ពួកយើងក៏បានពិភាក្សាគ្នា លុះរហូតដល់ខែ ០៩ ឆ្នាំ២០១៩ កន្លងទៅ យើងក៏បានចាប់ផ្តើមអាជីវកម្មលក់បុកល្ហុងនេះឡើង ដោយដាក់ឈ្មោះថា បុកម្ទេស។ មូលហេតុដែលធ្វើឱ្យយើងសម្រេចចិត្តដាក់ឈ្មោះនេះ ពីព្រោះយើងយល់ថា អ្នកដែលទៅញ៉ាំបុកល្ហុងភាគច្រើន គឺចូលចិត្តញ៉ាំម្ទេស។ មួយវិញទៀត ផ្លែម្ទេសនរណាក៏ស្គាល់ដែរ ដូច្នេះហើយ ទើបយើងសម្រេចចិត្តដាក់ឈ្មោះនេះ ព្រោះវាក៏ធ្វើឱ្យគេងាយស្រួលចាំផងដែរ។

ស្ថាបនិក បុកម្ទេស ខាងលើនេះ បានសង្កត់ធ្ងន់ដែរថា កត្តាសំខាន់មួយ​ ដែលធ្វើឱ្យពួកយើងអាចឈរជើងបានមកទល់នឹងពេលនេះ គឺដោយសាររសជាតិបុកល្ហុងពួកយើង មានរសជាតិឆ្ងាញ់ប្លែកពីគេ។ មួយវិញទៀត ដោយសារតែយើងផ្តោតសំខាន់ទៅលើអនាម័យ ដោយសូម្បីតែទឹកប្រហុករបស់ពួកយើង ក៏ត្រូវបានចម្អិតយ៉ាងល្អ មុននឹងយកមកប្រើផងដែរ។ លោក យូ បុរិន បានបញ្ជាក់ថា តាមទៅ ការងារជាអ្នកបង្រៀនមនុស្សនោះទេ ទាន់ខ្លួននៅក្មេង កុំធ្វើឱ្យខ្លួនឯងទំនេរច្រើន។ លើសពីនេះ ត្រូវហ៊ានសាកល្បងការងារថ្មីៗ ដែលខ្លួនមិនធ្លាប់ធ្វើពីមុនមក ហើយកុំចាំទាល់តែមានអ្វីគ្រប់យ៉ាង ទើបចាប់ផ្តើម ៕

បុកម្ទេស Buk Mtes មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ ៩០ ផ្ទះលេខ ៣៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ។ ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 016 642 246 ឬហ្វេសប៊ុកផេក បុកម្ទេស Buk Mtes

ប្រភពពី business cambodia

Leave a Reply

Your email address will not be published. Required fields are marked *