បើមានដី កុំទុកអោយទំនេរចោលអីបងប្អូន! អាចរកប្រាក់ចំណេញបានជិត ៣០ម៉ឺនរៀលក្នុងមួយថ្ងៃ ពីរបរចិញ្ចឹមទា យកស៊ុត

ពីមួយថ្ងៃទៅមួយថ្ងៃរបរចិញ្ចឹមសត្វនៅកម្ពុជាកាន់តែរីកចម្រើនខ្លាំងឡើងៗ ហើយក្នុងនោះរបរចិញ្ចឹមទាយកស៊ុតក៏របរមួយដែលកំពុងពេញនិយម និងអាចរកចំណូលបានច្រើនគួរសម ដែលកសិករមិនគួរមើលរំលងរបរនេះ ។ ជាក់ស្ដែងមានកសិករ ២ រូបអាចរកចំណូលបានជិត ៣០ម៉ឺនក្នុងមួយថ្ងៃពីរបរនេះ ។ ជាក់ស្ដែងរបរនេះចាយដីតិចតែអាចរកចំណូលបានរាល់លានក្នុងមួយខែស្ទើរមិនគួរឰឱ្យជឿ ។

បើយោងទៅតាមស្ថានីយ៍ទូរទស្សន៍ប៉ុស្តលេខ ៥ បានឱ្យដឹងថា អ្នកស្រី សារិន សត្វថ្ងៃនេះចិញ្ចឹមទាយកពងនៅលើដីទទឹង ៤៥ម៉ែត្រ និងបណ្ដោយជិត ៥០ម៉ែត្រ ដែលមានទាចិញ្ចឹមយកស៊ុតប្រមាណ ៤៦០០ក្បាល ។ អ្នកស្រីមានប្រសាសន៍ថា អ្នកស្រីចាប់យករបរនេះជាង ១០ឆ្នាំមកហើយ ហើយការងាកមកចិញ្ចឹមដាក់ក្នុងទ្រុងនៅផ្ទះនេះទើបតែចាប់ផ្ដើមបាន ២ ទៅ ៣ប៉ុណ្ណោះ ។

កសិករស្រ្តីឆ្នើមរូបនេះបន្តថាការចិញ្ចឹមទាយកស៊ុតនេះមានលក្ខណៈងាយស្រួល មិនពិបាកទេ ដោយគ្រាន់តែដាក់ទឹក និងចំណីមួយថ្ងៃ ២ដងជាការស្រេច ហើយសល់ពេលទំនេរអ្នកស្រីអាចប្រកបរបររកស៊ីផ្សេងៗទៀតបានដោយងាយ និងមិនពិបាកក្នុងការចាំមើលថែច្រើនទេ ជាពិសេសនោះអ្នកស្រីអាចរកចំណូលបានជិត ៣០ម៉ឺន/ថ្ងៃ និងមួយខែអាចរកបានចំណូលជិត ៩លានរៀល ។ ក្នុងចំណោមទា ៤៦០០ក្បាល អ្នកស្រីអាចប្រមូលផលពងទាបានចំនួន ៣៣០០ គ្រាប់ ដែល ១០គ្រាប់តម្លៃត្រឹមតែ ៣៥០០រៀលប៉ុណ្ណោះ លើសពីនេះស៊ុតដែលអ្នកស្រីប្រមូលបានគឺមានគេមកទិញអស់ៗតែម្ដង មិនសល់នោះទេ ។

បើយោងទៅតាមហ្វេសប៊ុកផ្លូវការរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ លោក សូ យក់សេង គឺជាកសិករចិញ្ចឹមទាយកស៊ុត នៅភូមិកណ្តែក សង្កាត់ សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ សព្វថ្ងៃគាត់មានមេទាពងចំនួន ២៤០០ក្បាលកំពុងផ្តល់ពងរាល់ថ្ងៃ និងត្រៀមដាក់កូនទា ៥០០០ក្បាលទៀត នៅពេលទ្រុងថ្មីសាងសង់រួច ។ គាត់ចិញ្ចឹមទានៅលើផ្ទៃដីសរុបប្រមាណ ១៦០០ ម៉ែត្រក្រឡា ដែលចំណាយសាងសងលើទ្រុងអស់ ១៣០០ដុល្លា ប្រក់ស្បូវលាយស័ង្កី ។

ចំណែកការចំណាយទៅលើការផ្តល់ចំណី និងកម្មករអស់ប្រហែល ៥៨ ម៉ឺនរៀលក្នុង១ថ្ងៃ និងចំនេញបានចន្លោះពី ២៩ម៉ឺនទៅ ៣០ម៉ឺនរៀល ក្នុង១ថ្ងៃ ។ ហើយគាត់បានលក់លាមកទាក្នុង១ខែបាន ៥០ម៉ឺនរៀលបន្ថែមទៀត សរុបមក ១ខែគាត់អាចរកចំណូលបានប្រហែល ៩,៥លានរៀល ពីរបរចិញ្ចឹមទាយកស៊ុត និងលក់លាមកទា ។

ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើកោតសរសើរចំពោះកសិករ សូ យក់សេង និងក្រុមគ្រួសារ ដែលបានខិតខំពង្រីកខ្លួនក្នុងវិស័យចិញ្ចឹមសត្វ ជាពិសេសការចិញ្ចឹមយកស៊ុត ព្រោះថាបច្ចុប្បន្ន ការចិញ្ចឹមក្នុងស្រុកនៅមានកម្រិត និងពុំទាន់អាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបាននៅឡើយ ។

កសិករដែលមានដីទំនេរចោល មិនដឹងត្រូវប្រកបរបរអ្វី គួរតែងាកមកមើលរបរចិញ្ចឹមសត្វ( មាន់ ទា គោ ជ្រូក … ) ឬដាំដំណាំផ្សេងៗ ដែលកំពុងមានតម្រូវការទីផ្សារខ្ពស់ ពីព្រោះវាក៏ជាប្រភពចំណូលសំខាន់មួយក្នុងការជួយផ្គត់ផ្គង់គ្រួសារបន្ថែមទៀតឱ្យកាន់តែមានជីវភាពធូធារ ៕

អត្ថបទដោយ ៖ មិត្ត គន្ធា
ប្រភព Business Cambodia

Leave a Reply

Your email address will not be published. Required fields are marked *