គួរឲ្យចាប់អារម្មណ៏ណាស់បងប្អូន!!! ពេលខ្យងធម្មជាតិចាប់ផ្ដើមខ្សត់ ខ្យងមានតម្រូវការទីផ្សារខ្លាំង តម្លៃថ្លៃ កសិករគួរតែងាកមកមើលរបរនេះ

ដូចយើងដឹងស្រាប់ហើយថា ខ្យងធម្មជាតិសព្វថ្ងៃនេះមានតិចតួចណាស់ ដែលជាហេតុមិនអាចផ្គត់ផ្គង់ទីផ្សារបាន ស្របពេលដែលខ្យងធម្មជាតិខ្សត់ខ្សោយយ៉ាងនេះ តម្លៃខ្យងនៅលើទីផ្សារគឺមានតម្លៃថ្លៃមែនទែន បើធៀបនឹងកាលពីមានខ្យងធម្មជាតិ ។ រយៈពេលប្រមាណជា ៣ ទៅ ៤ឆ្នាំចុងក្រោយនេះយើងសង្កេតឃើញថាតម្រូវការខ្យងចាប់ផ្ដើមកើនឡើងខ្លាំង ដែលធ្វើឱ្យតម្លៃខ្យងហក់ឡើងខ្លាំង ដែលនេះជាឱកាសសម្រាប់កសិករដែលមាន ពេល មានដីទំនេរគួរតែងាកមកមើលរបរនេះ ។

លោក ហាច ឆន ម្ចាស់កសិដ្ឋានចិញ្ចឹមខ្យងនៅឃុំអូរណារ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី បានឲ្យដឹងថា ការចិញ្ចឹមខ្យងតាមបែបធម្មជាតិ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនទាំងក្នុង និងក្រៅខេត្ត ដោយក្នុងមួយថ្ងៃៗស្ទើរតែរកខ្យងលក់សឹងមិនគ្រប់ឱ្យភ្ញៀវ ។

ម្ចាស់កសិដ្ឋានរូបនេះបន្ថែមថា បច្ចុប្បន្ននេះកសិដ្ឋានរបស់លោកលក់តែប្រភេទខ្យងពូជប៉ុណ្ណោះ គឺលក់ចែកចាយបន្តជូនកសិករដែលមានបំណងចង់ចិញ្ចឹមខ្យង ឬយកទៅចិញ្ចឹមយកសាច់សំរាប់លក់បន្តប៉ុណ្ណោះ ។ ដោយលោកលក់ខ្យងពូជក្នុងតម្លៃ ៣ម៉ឺនរៀល/គីឡូ ដែលក្នុង១ខែអាចលក់បានចន្លោះពី១០០ -១៥០ គីឡូក្រាម ។

លោកបានបន្តថា ការចិញ្ចឹមខ្យងរបស់កសិដ្ឋានលោក គឺចិញ្ចឹមតាមគោលការណ៍បែបធម្មជាតិ ដោយមិនប្រើចំណីអ្វីផ្សេងក្រៅពីផ្លែឈើ ឬសរុក្ខជាតិ បន្លែ ឬចំណីត្រីនោះឡើយ ដែលវាបានជួយធ្វើឲ្យជីវភាពគ្រួសាររបស់លោកធូធារ និងកាន់តែមានភាពល្អប្រសើរឡើង ។

លោក ហាច ឆន បានមានប្រសាសន៍ទៀតថា ទាក់ទងនឹងមុខរបរចិញ្ចឹមខ្យងនេះ គឺវាផ្តល់អត្ថប្រយោជន៍ច្រើន ទី ១ គឺធ្វើឱ្យគ្រួសារមានការងារធ្វើនៅផ្ទះ ដោយមិនចាំបាច់ចំណាកស្រុកទេ ហើយមួយវិញទៀត គឺយើងអាចចិញ្ចឹមតាមគោលការណ៌ធម្មជាតិ អាចទទួលទានដោយមានទំនុកចិត្ត ហើយយើងអាចលក់បង្កើនប្រាក់ចំណូលសម្រាប់គ្រួសារទៀតផង ។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា មុខរបរចិញ្ចឹមខ្យងធម្មជាតិមិនត្រឹមតែធានាការផ្គត់ផ្គង់ការហូបចុករបស់ប្រជាពលរដ្ឋបានគ្រប់គ្រាន់នៅក្នុងខេត្ត និងតាមបណ្តាខេត្តដទៃទៀតប៉ុណ្ណោះទេ ប៉ុន្តែបានជួយលើកកម្ពស់ជីវភាពប្រជាកសិករឲ្យកាន់តែល្អប្រសើរនៅក្នុងស្ថានភាពកម្ពុជា និងពិភពលោកកំពុងជួបវិបត្តិនៃជំងឺកូវីដ១៩ ។

សូមរំលឹកផងដែរថា កសិដ្ឋានរបស់លោក ហាច ឆនមានអាងចិញ្ចឹមខ្យងចំនួន ២០អាងហើយគ្រោងពង្រីកបន្ថែមឲ្យបាន១០០អាង ដើម្បីឆ្លើយតបទៅនឹងការផ្គត់ផ្គង់ក្នុងខេត្ត និងបណ្តាខេត្តដទៃទៀត ៕

ប្រភព ៖ ក្រសួងព័ត៌មាន
អត្ថបទដោយ ៖ មិត្ត គន្ធា

Leave a Reply

Your email address will not be published. Required fields are marked *