តន់ ចន្ទសីម៉ា ក្លាយជាតារាចម្រៀងដំបូងបង្អស់របស់កម្ពុជាក្នុង «Galaxy Navatra Thailand»

(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះ តារាចម្រៀងបែបយុវវ័យកញ្ញា តន់ ចន្ទសីម៉ា ហាក់មានសន្ទុះប្រជាប្រិយភាពគួរឲ្យកត់សម្គាល់ក្នុងវិស័យចម្រៀង ក្រោយចូលជ្រកក្រោមទ្រនំផលិតកម្ម Galaxy Navatra ព្រោះសឹងតែគ្រប់បទចម្រៀងរបស់នាង បញ្ចេញមកសុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំង និងល្បីល្បាញពេញបណ្តាញសង្គម ទាំង Tik Tok និង Youtube ជាដើម។ ភាពលេចធ្លោរនេះ បានធ្វើឲ្យក្រុមហ៊ុនមួយនៅប្រទេសថៃ មិនរុញរាលគិតគូរវែងឆ្ងាយឡើយ ក្នុងការវិនិយោគលើវិស័យចម្រៀងជាមួយក្រុមហ៊ុន Galaxy Navatra ដោយក្នុងនោះក៏មានវត្តមាន តន់ ចន្ទសីម៉ា ផងដែរ។

ជាក់ស្តែងបើយោងតាមបណ្តាញសង្គមផ្លូវការរបស់ផលិតកម្ម Galaxy Navatra បានជូនដំណឹងទៅកាន់អ្នកគាំទ្រយ៉ាងដូច្នេះថា «អបអរសាទរ! តន់ ចន្ទសីម៉ា ជាតារាចម្រៀងដំបូងបង្អស់ បន្ទាប់ពីទទួលបានសន្ទុះគាំទ្រខ្លាំងនៅកម្ពុជា ខណៈនេះត្រូវបានក្រុមហ៊ុនរបស់ប្រទេសថៃមួយ បានមករួមវិនិយោគលើវ័យចម្រៀងរួមគ្នា ជាមួយក្រុមហ៊ុន Galaxy Navatra ដោយដាក់ឈ្មោះថា Galaxy Navatra Thailand ដោយក្នុងនោះក៏មានវត្តមាន តន់ ចន្ទសីម៉ា ម្នាក់ផងដែរ ដែលច្រៀងជាភាសាថៃក្នុងចំណោមវត្តមានតារាចម្រៀងល្បីៗថៃផ្សេងទៀត ដែលរួមនៅក្នុងផលិតកម្ម ហើយអាចនឹងឈានទៅដល់កុងត្រា ប្រទេសផ្សេងទៀតនៅអាស៊ី»។

ជាការកត់សម្គាល់ ការទទួលបានចំណាប់អារម្មណ៍ពីក្រុមហ៊ុននៅប្រទេសថៃ មកលើផលិតកម្ម Galaxy Navatra នៅពេលនេះ គឺស្របពេលដែលបច្ចុប្បន្នរាល់ស្នាដៃចម្រៀងដែលផលិតកម្ម Galaxy Navatra ចេញមកផ្ទុះការគាំទ្រខ្លាំងពីមហាជន ព្រោះអត្ថន័យចម្រៀងភាគច្រើនត្រូវនឹងសាច់រឿងក្នុងសង្គមខ្មែរបច្ចុប្បន្ន។

ងាកមកសមត្ថភាពរបស់កញ្ញា តន់ ចន្ទសីម៉ា វិញក៏មិនធម្មតាដែរ។ តារាស្រីដួងនេះ ត្រូវបានទស្សនិកជនសរសើរមិនដាច់ពីមាននូវទឹកដមសំឡេងពីរោះ ចេះបន់បែនគ្រប់ប្រភេទចម្រៀង ខណៈការទទួលបានឱកាសធ្វើការជាមួយក្រុមហ៊ុនថៃនៅពេលនេះ អាចនិយាយបានថាជាជោគជ័យមួយរបស់ តន់ ចន្ទសីម៉ា ក្នុងវិថីចម្រៀងរបស់ខ្លួន៕

ប្រភពពី freshnews

Leave a Reply

Your email address will not be published. Required fields are marked *