ហួសចិត្ត! ចរចាបរាជ័យជាមួយប្រជាពលរដ្ឋ​មួយ​គ្រួសារ រដ្ឋាភិបាលស​ម្រេចចិត្តសាងសង់​ផ្លូវវៀង​ផ្ទះ​ប្រជាពលរដ្ឋ​នោះ

បរទេស៖ បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​ចរចា​ដោះ​ដូរ​គោលនយោបាយ​ជាមួយ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ រដ្ឋាភិបាល​ចិន​មិន​បង្អង់​យូរ ក៍ស​ម្រេច​បន្ត​សាងសង់​ផ្លូវ​ហា​យ​វ៉េ​របស់​ខ្លួន វៀង​ផ្ទះ​ប្រជាពលរដ្ឋ​នោះ ដោយ​រដ្ឋាភិបាល​មិន​វាយ​កម្ទេច ឬ​ឈូស​ឆាយ​នោះ​ទេ ។​

​បើ​តាម​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​របស់​ហុងកុង​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ចិន បាន​ធ្វើការ​ចរចា​ជាមួយ​លោកស្រី Liang ជា​ម្ចាស់ផ្ទះ​ច្រើន​ដង​មក​ហើយ តែ​មិន​ឯកភាព​គ្នា ដោយ​រដ្ឋាភិបាល​បាន​ផ្ដល់​សំណង​ជូន​លោកស្រី​នូវផ្ទះ​ចំនួន​២​ល្វែង និង​ប្រាក់​ចំនួន ១.៣ លាន​យ័ន (​ឬ​ប្រហែល ១៨៦,៥០០ ដុល្លារ​អា​មេ​រិ​ក​) ប៉ុន្ដែ​អ្នកស្រី បាន​ទាមទារ​ផ្ទះ​ចំនួន​៤​ល្វែង និង​ប្រាក់ ២​លាន​យ័ន (​ឬ​ប្រហែល ២៨៧,០០០ ដុល្លារ​អា​មេ​រិ​ក​)​។​

​សូម​បញ្ជាក់​ថា ផ្ទះ​លោកស្រី Liang មាន​ដី​ទំហំ​៤០​ម៉ែត្រការ៉េ ស្ថិត​នៅ​ចំ​កណ្ដាល​នៃ​ស្ពាន​ហា​យ​វ៉េ Haizhuyong ក្នុង​ទីក្រុង​ក្វា​ង​ចូ​វ ហើយ​លោកស្រី​គឺជា​ម្ចាស់ផ្ទះ​ម្នាក់​គត់ ក្នុង​ចំណោម​ម្ចាស់​ដី​ទាំង​៤៧​នាក់ និង​ក្រុមហ៊ុន​ចំនួន​៧​ផ្សេង​ទៀត ដែល​មិន​ទទួលយក​នូវ​ការ​ដោះ​ដូរ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ចិន ខណៈ​ម្ចាស់ផ្ទះ​ផ្សេង​៤៦​នាក់​និង​ក្រុមហ៊ុន​ទាំង​៧ ពួក​គេ​បាន​យល់ព្រម​ទទួលយក​សំណង​ពី​រដ្ឋាភិបាល ហើយ​បាន​រើ​ចេញ​តាំងពី​ចុងខែ​កញ្ញា ឆ្នាំ​២០១៩ ។​

​បើ​តាម​លោកស្រី Liang រដ្ឋាភិបាល​មិន​បាន​ផ្ដល់​សំណង​តាម​ការ​ទាមទារ​របស់​លោកស្រី​សម្រាប់​ទីតាំង​ថ្មី​ដែល​ល្អ​នោះ​ទេ ផ្ទុយ​ទៅ​វិញ គឺ​ជំនួស​ដោយ​ផ្ទះល្វែង​ដែល​មាន​ទីតាំង​ជិត​កន្លែង​បញ្ចុះសព ទើប​អ្នកស្រី​មិន​អាច​ទទួលយក​បាន​។​​យ៉ាងណា​ក៍ដោយ ប្រភព​បន្ត​ថា រដ្ឋាភិបាល​នៅ​តែ​ចរចា​ជាមួយ​លោកស្រី​បន្ត​ទៀត​ក្នុង​ស្មារតី​គោរព​សិ​ទ្ឋិ​គ្នា​ទៅ​វិញ​ទៅ​មក ។​

​បច្ចុប្បន្ន ផ្ទះ​លោកស្រី កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​មជ្ឈដ្ឋាន​នានា ក៍​ដូច​ជា​ភ្ញៀវ​ទេចរ​ផង​ដែរ ។​​បើ​ទោះបី​ថា​ចិន ត្រូវ​បាន​គេ​ចោទ​ថា​ជា​ប្រទេស​កុម្មុយនីស្ត​និង​ផ្តាច់​ការ តែ​ទ​ង្វើ​របស់​រដ្ឋាភិបាល​មហា​យក្ស​ខាងលើ​នេះ ត្រូវ​ទទួល​បាន​នូវ​ការ​កោតសរសើរ​ពី​សំណាក់​ក្រុម​សង្គម​ស៊ី​វិល​មួយ​ដែល​ឃ្លាំមើល​ការ​គោរព​សិ​ទ្ឋិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ចិន​ផង​ដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *