អបអរសាទរ! ទារិកាដែលគេចោលក្នុងគំនរសម្រាម ពេលនេះត្រូវសាលាអន្តរជាតិហ្គោលដិនប្រ៊ីដភ្នំពេញ…

ភ្នំពេញៈ ទារិកដែល​ត្រូវ​បាន​ឪពុក​ម្តាយ​បង្កើត​របស់​ខ្លួន​បោះ​បង់ចោល​នៅ​គំនរ​សម្រាមនៅ​ចាក់អង្រែក្រោម ហើយ​ត្រូវបាន​កម្មករ​ប្រមូល​សំរាមប្រទះឃើញនោះ នឹង​ទទួល​បានការ​សិក្សា​ដោយ​ឥត​គិតថ្លៃ​​ពី​សាលា​អន្តរជាតិ​ហ្គោលដិន​ប៊្រីជ​ភ្នំពេញ​។

លោក​បណ្ឌិត សេង រិទ្ធី ស្ថាបនិក​និង​ជា​អគ្គនាយក​សាលា​អន្តរជាតិ​ហ្គោលដិន​ប៊្រីជ​ភ្នំពេញ ​បាន​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​ទារិកា​កំសត់​រូប​នេះ នៅ​ពេល​ទារិកា​នោះ​គ្រប់​អាយុ​ចូល​រៀន ១​ឆ្នាំ​កន្លះ ដែល​ជា​កម្រិត​អាយុ​ដែល​សាលាទទួល​មើល​ថែទាំ​និង​បណ្តុះ​បណ្តាល​កុមារ​។

លោក​បណ្ឌិត​បាន​ថ្លែង​ប្រាប់ថា៖ “ខ្ញុំ​សូម​ចូល​រួម​ចំណែក​ផ្តល់​ជូន​នូវ​ការ​អប់រំ​ដល់​ទារិកា​នេះ​ឱ្យ​បាន​រៀនសូត្រ​នៅ​សាលា​របស់​ខ្ញុំ គឺ​សាលា​អន្តរជាតិ​ហ្គោលដិន​ប៊្រីជ​ភ្នំពេញ ដោយ​ឥត​គិត​ថ្លៃ នៅ​ពេល​ទារក​អាយុ​បាន ១ឆ្នាំកន្លះ​ឡើង​ទៅ​រហូត​ដល់​ចប់​កម្ម​វិធី​សិក្សា”។

ការ​សម្រេច​ចិត្ត​លោក​អគ្គនាយក​សាលា​បាន​ធ្វើឡើង​ដោយសារ​លោក​មាន​ក្តី​អាណិត​ទារិកា​នេះ​យ៉ាង​ខ្លាំង បន្ទាប់​ពីលោក​បាន​អាន​ព័ត៌មាន​ដែល​ផ្សព្វ​ផ្សាយ​ដោយ ខ្មែរឡូត កាល​ពី​ពេល​ថ្មីៗ​នេះ អំពី​ការ​យក​កូន​ទៅ​បោះ​បង់​ចោលក្នុង​គំនរ​សម្រាម ហើយ​បន្ទាប់​មក​ក៏​ត្រូវ​បាន​គេ​សង្គ្រោះ និង​យក​ទៅ​ចិញ្ចឹម​បី​បាច់។

ស្ថាបនិក​​សាលា​រូប​នេះ​​ក៏​បាន​សម្តែង​នូវ​ការ​កោត​សរសើរ និង​គោរព​ចំពោះ​ទឹក​ចិត្ត​ដ៏​ល្អ​ប្រពៃ​របស់​អាណា​ព្យាបាល​ថ្មីរបស់​ទារក​នេះ​ផង​ដែរ។ លោក​​បាន​បន្ថែម​ថា បើ​អាណាព្យាបាល​របស់​ទារិកា​បាន​ឮ​ដំណឹង​នេះ សូម​ទំនាក់​ទំនង​មកកាន់​សាលា​តាម​រយៈ​ទូរស័ព្ទ​លេខ ០៧៦ ៥០០០ ០៨៨ ឬ ០៦៩ ៥០០០ ៦៧៨។

សាលា​អន្តរជាតិ​ហ្គោលដិន​ប៊្រីជ​ភ្នំពេញ គឺ​ជា​គ្រឹះស្ថាន​ចំណេះ​ទូទៅ​ឯកជន​ដែល​ផ្តល់​ការ​អប់រំ ៣​ភាសា (ខ្មែរ អង់គ្លេស និង​ចិន) ដល់​កុមារ​ចាប់​ពី​អាយុ ១​ឆ្នាំ​កន្លះ​ឡើង​ទៅ។ បច្ចុប្បន្ន សាលា​មាន ៣​ទីតាំង ដែល​មាន​អាសយដ្ឋាន​ដូច​ខាង​ក្រោម៖

ទីតាំង​ទី១៖ អគារ​លេខ​៣ ផ្លូវ​លេខ​៣៣៥ សង្កាត់​បឹងកក់១ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ។
ទីតាំង​ទី​២៖ អគារ​លេខ​១១ ផ្លូវ​លេខ​៥៤០ សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។
ទីតាំងទី៣៖ អគារ​លេខ ៤៧E0E1, ៤៩​E0E1 ផ្លូវ​បុរីពិភពថ្មី​សំរោង​អណ្តែត សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

ប្រភពពី khmerload

Leave a Reply

Your email address will not be published. Required fields are marked *