កោះនរា អាចនឹងមកជំនួសតំណែងកោះពេជ្រ!
សង្កាត់ច្បារអំពៅ គឺជាតំបន់ដែលកំពុងមានសក្តានុពល ខ្លាំង ដោយសារទីតាំងស្ថិតនៅដាច់ពីចំណុចកណ្តាលនៃទីក្រុង មានដីទំនេរជាច្រើនសម្រាប់អភិវឌ្ឍន៍ ពិសេសដងទន្លេមេគង្គក្រោមដ៏ស្រស់ត្រកាល ហើយអាចនឹងក្លាយជាទីក្រុងរណបថ្មីមួយទៀតរបស់រាជធានីភ្នំពេញនាពេលអនាគត។
យោងតាម លោក ប៉ែន សោភា តំណាងនាយកដ្ឋានរៀបចំដែនដី និងនគររូបនីយកម្មសំណង់បានបញ្ជាក់ថា ច្បារអំពៅ គឺជាខណ្ឌមួយដែលស្ថិតក្នុងផ្លូវក្រវាត់ក្រុងខ្សែទី១ ហើយក៏ជាតំបន់ដែលមានដីទំហំធំនៅទំនេរច្រើន ដែលអាចធ្វើការអភិវឌ្ឍន៍ ហើយក៏ជាតំបន់ដែលស្ថិតនៅតាមបណ្តោយដងទន្លេ ដែលមានទេសភាពយ៉ាងស្រស់ និងមានសក្តានុពលខ្ពស់នៅថ្ងៃអនាគត ខណៈទីក្រុងភ្នំពេញ ត្រូវបានរំពឹងទុកថា នឹងក្លាយជាតំបន់សេដ្ឋកិច្ចស្នូលមួយនៃតំបន់ភាគកណ្តាល និងភាគបូព៌ានៃឧបទ្វីបអាស៊ី។
តំបន់មួយនេះ នឹងក្លាយទៅជាទីក្រុងរណបថ្មីមួយទៀតរបស់ទីក្រុងភ្នំពេញ ខណៈតំបន់នេះ មានការវិនិយោគពីសំណាក់វិនិយោគគិនខ្មែរ ក្រុមហ៊ុន OCICដែលជាក្រុមហ៊ុនដ៏ល្បីល្បាញផ្នែកសំណង់និងអចលនទ្រព្យនៅកម្ពុជា ដែលគ្រោងនិងបង្កើតទីក្រុងរណបរាប់សិបហិចតានៅកោះនរា ឬដែលគេស្គាល់ថាជាកោះប្រាក់។គំរោងទីក្រុងរណបថ្មីនេះ នឹងត្រូវចាក់ខ្សាច់បំពេញនៅតាមជួរមាត់ទន្លេចាប់ពីតំបន់កោះនរា អូសស្របតាមទន្លេតូចឆ្ពោះទៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
សូមបញ្ជាក់ថា ជំនោកោះនរា គឺជាកន្លែងញ៉ាំអាហារឆ្ងាញ់ៗ និងសម្រាកលម្ហែកាយដ៏ស្រស់ស្អាតមួយកន្លែង មានចម្ងាយប្រមាណ១គីឡូម៉ែត្រប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្សឬស្ពានច្បារអំពៅ ដែលជាទីគួរឲ្យចាប់អារម្មណ៍ បំផុតរបស់ប្រជាជន ហើយក៏មាន ទីតាំងមិនឆ្ងាយពីក្រុងប៉ុន្មានដែរ។
បើយោងតាមអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនOCIC បានឱ្យដឹងថា នៅក្នុងនៅពេលបច្ចុប្បន្នក្រុមហ៊ុនOCICមានគម្រោងបោះទុនក្រៅពីសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិនេះ ក្រុមហ៊ុនក៏មានគម្រោងសាងសង់តំបន់សេដ្ឋកិច្ចព្រះលានយន្តហោះ គម្រោងសាងសង់ផ្ទះលំនៅដ្ឋានតំលៃថោកសម្រាប់កម្មកររោងចក្រ និងអ្នកមានកម្រិតជីវភាពតិចតួច និងគម្រោងអភិវឌ្ឍន៍កោះនរាអោយក្លាយជាកោះពេជ្រទី២ជាដើម។
អត្ថបទ៖ ពេជ្រ ស្រីវណ្ណ
ប្រភពពី business-cambodia