ម្ចាស់ម្ជូរវត្តភ្នំ៖ ខ្ញុំមិននឹកស្មានសោះ ថ្ងៃទី១អ្នកទិញហ្រ្វេនឆាយបន្តនៅខេត្ត លក់ម្ជូរបាន៧លានរៀលក្នុង១ថ្ងៃ

លោកស្រី​លាភ ដាណេ ​ម្ចាស់ម្ជូរវត្តភ្នំ១៦៨​ ដែលជាយីហោម្ជូរល្បីឈ្មោះបំផុតមួយនៅកម្ពុជា បានបង្ហើបប្រាប់​ក្នុងកម្មវិធីក្តីស្រមៃថា​ ខ្ញុំមិននឹកស្មានសោះ​ថ្ងៃទី១ អ្នកទិញហ្រ្វេនឆាយបន្ត​នៅខេត្តបាត់ដំបង លក់ម្ជូរបានរហូតដល់៧លានរៀលក្នុង១ថ្ងៃ​ ដោយមិនបានធ្វើម៉ាគីតទីង ឬផ្សព្វផ្សាយអ្វីសោះទ្បើយ។

លោកស្រីបានបន្តថា ​លោកស្រីរំភើបណាស់ ​​ដោយឃើញយីហោម្ជូរគាត់មានអ្នកនៅបាត់ដំបង​គាំទ្រច្រើន​បែបនេះ។ ​លក់ដាច់ខ្លាំងណាស់​​ ទាំងអ្នកដែលបានទិញសិទ្ធិបន្ត និង ទាំង​ម្ចាស់យីហោផ្ទាល់​គឺមានអារម្មណ៍រំភើបពេកក្រៃ។

ខ្ញុំចែករំលែក​អត្ថបទខ្លីមួយនេះដល់មិតអ្នកអានទាំងអស់ ​ព្រោះតែចង់ចែករំលែកអារម្មណ៍មួយនេះដល់​អ្នកទាំអស់គ្នា។ ​អាជីវកម្មមួយដែលពីមុនគ្មាននរណាគេឲ្យតម្លៃទេ ​តែពេលដែលបងស្រីដាណេ​បានធ្វើឲ្យបានដឹកដល់ ​នោះលទ្ធផលគឺហួសការស្មានរបស់មនុស្សពេញមួយប្រទេស។

គួរបញ្ជាក់ថា​ថ្មីៗនេះ ​យីហោម្ជូរវត្តភ្នំបានលក់សិទិ្ធហ្រ្វេនឆាយទៅតាមបណ្តាខេត្តមួយចំនួន​ដោយអ្នកដែលបាន​ទិញខ្លះ ធ្លាប់បានសុំទិញសិទ្ធិរហូតដល់រាប់ខែ ទើបម្ចាស់យីហោដាច់ចិត្តលក់ជូន។​អាជីវកម្មមួយនេះត្រូវបានបងស្រីដាណេចាប់ផ្តើមទ្បើង ដោយជួលផ្ទះគេលក់នៅខាងមុខទេ ​តែក្រោយឆ្លង​ព្យុះភ្លៀងរាប់មិនអស់ គាត់បានអភិវឌ្ឍអាជីវកម្មមួយនេះ ទៅជាយីហោម្ជូរមួយ ដែលខ្មែររាប់មឺុននាក់ចូលចិត្តញុាំបំផុត។

គំរូរបស់ម្ជូរវត្តភ្នំជាកម្លាំងចិត្ត ​មិនត្រឹមតែសម្រាប់ម្ចាស់យីហោ​និង​អ្នកទិញសិទ្ធិហ្រ្វេនឆាយប៉ុណ្ណោះទេ​តែវាក៏ជាកម្លាំងចិត្តធំណាស់សម្រាប់ប្អូនៗឯទៀត ដែលកំពុងតែត្រៀមហក់ចូលក្នុងផ្លូវរកស៊ី។​សូមនាំគ្នាចាប់ផ្តើមឲ្យតូច ហើយចេញហ្រ្វេនឆាយឲ្យបានណា!

អត្ថបទដោយ: សំ កុសល
ប្រភពពី business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *