ពូកែមែន! ទាំងស្អាត ទាំងឆ្លាតជាមួយយុទ្ធសាស្រ្ត ដង្កូវបាក់ខ្នង អាចចេញរកស៊ី ទាំងមិនទាន់ឈប់ធ្វើការ

មុននឹងឈានដល់ការពន្យល់ពីយុទ្ធសាស្រ្ត របស់ម្ចាស់យីហោ QueenBee Café ខ្ញុំសូមចាប់ផ្តើមនិយាយពី សត្វដង្កូវបាក់ខ្នង ឱ្យប្រិយមិត្តអ្នកអាន បានយល់ជាមុនសិន។ មែនទែនទៅ សត្វដង្កូវបាក់ខ្នង វាមានទម្លាប់ល្អមួយ គឺថាមុនពេលវាបោះជំហ៊ានពីកន្លែងមួយ ទៅកន្លែងមួយទៀត វាតែងតែយកជើងមុខរបស់វា ទៅចាប់អ្វីមួយដែលនៅខាងមុខឱ្យជាប់សិន ទើបវាបោះជើងខាងក្រោយទៅបន្ទាប់។

ទម្លាប់ដ៏ល្អរបស់ សត្វដង្កូវបាក់ខ្នង ខាងលើនេះ គឺជាមេរៀនល្អមែនទែន ដែលយើងអាចយកមកប្រើនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃបាន។ ជាក់ស្តែង ដូចអ្នកស្រី ញៀវ យិនហ្គេច ជាដើម គាត់បានយកទម្លាប់របស់សត្វដង្កូវបាក់ខ្នងនេះ​ យកមកប្រើនៅក្នុងជីវិតរបស់គាត់ រហូតដល់គាត់អាចចេញរកស៊ី ទាំងមិនទាន់ឈប់ធ្វើការឱ្យគេ ប៉ុន្តែមិនមានន័យថា គាត់លួចម៉ោងការងាររបស់ក្រុមហ៊ុន មករកស៊ីឡើយ។

ក្នុងបទសម្ភាសន៍ជាមួយ Business Cambodia អ្នកស្រី ញៀវ យិនហ្គេច ដែលបច្ចុប្បន្នម្ចាស់យីហោ QueenBee បានបង្ហើបពីយុទ្ធសាស្រ្តដង្ហូវបាក់ខ្នង ដែលគាត់បានប្រើយ៉ាងដូច្នេះថា ធាតុពិតទៅ ពេលគាត់ចេញរកស៊ីដំបូងនោះ គាត់មិនទាន់ឈប់ធ្វើការឱ្យគេនៅឡើយទេ លុះដល់គាត់ចេញរកស៊ីបានមួយរយៈ​ ហើយកន្លែងលក់កាហ្វេ និងតែគុជរបស់គាត់ មានភាពមមាញឹកខ្លាំង ទើបគាត់ឈប់ពីការងារ។

សហគ្រិនវ័យក្មេងរូបនេះ បានពន្យល់ថា មូលហេតុដែលធ្វើឱ្យគាត់ មិនព្រមឈប់ពីការងារភ្លាមៗនោះ គឺដោយសារគាត់ខ្លាចបាត់ចំណូលទាំងស្រុង ព្រោះគាត់ជឿថា ការចេញរកស៊ីដំបូងៗ មិនអាចជោគជ័យ មានប្រាក់ចំណេញបានឡើយ។ ហេតុនេះ គាត់សុខចិត្តនៅធ្វើការឱ្យគេបណ្តើរ ហើយលួចទៅរៀនធ្វើទឹកភេជ្ជៈផ្សេងៗពីគេ នៅថ្ងៃសោរិ៍ និងថ្ងៃអាទិត្យ មុននឹងឈានដល់ការឈប់ធ្វើការទាំងស្រុង។ ហើយពេលដែលគាត់ឈប់ធ្វើការនោះ គឺដោយសារអាជីវកម្មរបស់គាត់ ត្រូវការគាត់មកជួយខ្លាំង ផងដែរ។

សូមបញ្ជាក់ថា អ្នកស្រី ញៀវ យិនហ្គេច ធ្លាប់ជាបុគ្គលិកធ្វើការ ទទួលបានប្រាក់ចំណូលជាង ២ពាន់ដុល្លារឯណោះ ក្នុងមួយខែៗ។ ហើយគាត់បានសម្រេចចិត្តឈប់ធ្វើការឱ្យគេ មកចាប់ផ្តើមការលក់កាហ្វេ និងតែគុជ តាមចិញ្ចើមផ្លូវ រហូតដល់អាចបង្កើតជាហាង ចំនួន១០សាខា ត្រឹមឆ្នាំ២០១៩ ៕

សុំអនុញ្ញាតសិទ្ធចែកចាយបន្ត
ប្រភពពី business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *