ចំណាយពេលរៀនតាមយូធូបសោះ ក៏អាចមានជំនាញរកចំណូលរាប់ពាន់ ពីការចិញ្ចឹមសត្វទាំងនេះ!

ចង្រិតលក់ត្រង់ណាក៏មិនចេះសល់ដែរ ជាពិសេសនៅកន្លែងរម្មណីយដ្ឋាន ភោជនីយដ្ឋាន តាមដងវិថីនៃកន្លៃងលក់គ្រឿងបរិភោគផ្សេងៗឬមានកម្មវិធីតូចធំទាំងជាតិនិងអន្តរជាតិហើយមិនមែនសម្រាប់មនុស្សញាំតែប៉ុណ្ណោះទេ យើងអាចយកវាធ្វើចំណីសត្វដែលមានប្រូតេអុីនខ្ពស់ផងដែរ តែបើនិយាយពីអ្នកផលិតវិញគឺមានតិចតួចបំផុតក្នុងប្រទេសកម្ពុជាយើង។ ប្រសិនបើឮគេនិយាយថាចង់ចិញ្ចឹមចង្រិតវិញ អ្នកខ្លះនឹងសើចចំអកឡកចុះឡកឡើងឡកមុខឡកក្រោយថា របរចិញ្ចឹមចង្រិតគឺមិនអាចរកចំណូលបានច្រើនឡើយ។ តាមពិតការយល់ឃើញទាំងអស់នេះពិតជាមិនត្រឹមត្រូវទេ។

ខណៈនេះដែរ ពានិជ្ជកម្មកម្ពុជា(Business Cambodia) សូមទាញអារម្មណ៍របស់លោកអ្នកមកស្គាល់ថៅកែចង្រិតម្នាក់ដែលមានឈ្មោះថា លោក ញឿក ភារម្យ ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមចង្រិតដែលមានទីតាំងនៅភូមិ ត្រពងឬស្សី ឃុំ បារាយណ៏ ស្រុក ដូនកែវ ខេត្ត តាតែវ។ ថៅកែចង្រិតរូបនេះបានរៀបរាប់ថា នាគ្រាចាប់ផ្ដើមដំបូងគឺធ្វើទាំងត្រដាបត្រដួសស្ទើរមុខស្ទើរក្រោយមិនត្រឹមតែប៉ុណ្ណោះសូម្បីចរន្តទីផ្សារក៏មិនមានផងដែរ ដោយសារសេចក្ដីស្រឡាញ់លោកបានរៀនបណ្ដើរធ្វើការបណ្ដើរសន្សំប្រាក់បណ្ដើរបាន១,០០០ដុល្លារ។

បន្ទាប់មក លោកក៏ចាប់ផ្ដើមរៀននិងស្រាវជ្រាវស្វ័យសិក្សាដោយខ្លួនឯងតាមរយៈYouTubeនិងរៀនតាមរយៈបទពិសោធន៍ដែលលោកធ្វើវាជាក់ស្ដែង។ នាពេលបច្ចុប្បន្ននេះ លោក ញឿក ភារម្យ បានពង្រីកសាខាមួយកន្លែងទៀតនៅឯរាជធានីភ្នំពេញដែលគិតជាជង់ចិញ្ចឹមវិញមានប្រមាណជាង ៤០០ជ្រុងទៅហើយដោយការចិញ្ចឹមនេះ ក្នុងនោះលោកបានយកចង្រិត២ប្រភេទមកចិញ្ចឹមគឺចង្រិត ក្រហម និង​ចង្រិងខ្មៅ ហើយលោកកំពុងមានគំរោងផលិតចង្រិតដូងបន្ថែមមួយទៀត។ ចំណូលដែលោកទទួលបានប្រចាំខែគឺមិនក្រោម១,០០០ដុល្លារទេ ដោយលោកបោះដុំលក់ចង្រិត១​ គីឡូ ១៣,០០០រៀលសម្រាប់ចង្រិតក្រហម ហើយចង្រិតខ្មៅវិញ ១ គីឡូ ១៤,០០០រៀល។

នេះក៏ជាឱកាសល្អមួយសម្រាប់អ្នកដែលមិនទាន់មានមុខរបរ ឬអ្នកចង់ប្រកបមុខរបរនេះ អាចសាកល្បងបាន ដូចលោក ញឿក ភារម្យ បាន ដើម្បីអាចទាញប្រាក់ចំណូល សម្រាប់ផ្គង់ផ្គង់គ្រួសារ ព្រោះថា ទីផ្សារក៏មានភាពធំទូលាយផងដែរ។ ប្រសិនបើលោកអ្នកចង់ទិញចង្រិតឬចង់ជ្រាបច្បាស់នូវជំនាញនេះ សូមទំនាក់ទំនងទៅ៖ កសិដ្ឋានចិញ្ចឹមចង្រិត ឬ តាមរយៈលេខទូរស័ព្ទ៖ ០៩៨ ៤៦១ ១៤២ / ០១២ ៦២០ ៤៤២ ៕

ប្រភពពី business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *