កញ្ញា ហុង ចិន្តា ពីអ្នកបម្រើការលើយន្តហោះ ក្លាយជាអ្នកបើកយន្តហោះស្រីដំបូងគេ នៅកម្ពុជា!

ត្រឹមវ័យ២៩ឆ្នាំ កញ្ញា ហុង ចិន្តា បានក្លាយជាអាកាសយានិកា នៅក្នុងក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយរបស់ចិន ឈ្មោះថា Lanmei Airlines ដោយកញ្ញា គឺជាអ្នកបើកយន្តហោះប្រភេទ Airbus320 និងជាស្ត្រីខ្មែរដំបូងគេ ដែលអាចបើកយន្តប្រភេទ AirBus នេះបាន។ នៅពីក្រោយភាពជោគជ័យលើអាជីពជាអ្នកបើកយន្តហោះនេះ កញ្ញា ហុង ចិន្តា ធ្លាប់មានប្រវត្តិធ្វើការត្រឹមជានារីអាកាសចរណ៍តែប៉ុណ្ណោះ។

យោងតាមការចុះផ្សាយរបស់នាយកដ្ឋានព័ត៌មាននៃក្រសួងកិច្ចការនារី កាលពីពេលថ្មីៗកន្លងទៅនេះ បានឱ្យដឹងថា កញ្ញា ហុង ចិន្តា បានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ពីវិទ្យាល័យបាក់ទូក នៅក្នុងឆ្នាំ២០១១ រួចក៏បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកសណ្ឋាគារ និងទេសចរណ៍ នៅសកលវិទ្យាល័យន័រតុន ហើយកញ្ញាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនេះ ទាំងស្រុង ក្នុងឆ្នាំ២០១៥។

ប្រពភដដែល បានឱ្យដឹងទៀតថា នៅអំឡុងពេលជានិស្សិតឆ្នាំទី៣ កញ្ញា ហុង ចិន្តា ព្រោះតែចង់ទទួលបានបទពិសោធន៍ការងារ និងស្វែងយល់ពីលក្ខណៈខុសគ្នារវាងការផ្តល់សេវាកម្មដល់ភ្ញៀវនៅលើយន្តហោះ និងនៅតាមសណ្ឋាគារនោះ កញ្ញាក៏បានដាក់ពាក្យបម្រើការងារជានារីអាកាសចរណ៍ នៅក្នុងក្រុមហ៊ុន Cambodia Angkor Air ។ បន្ទាប់មកក្រុមហ៊ុន Angkor Airបានសហការជាមួយនឹងក្រុមហ៊ុន Viet Flight Training នៅវៀតណាម ដែលជាឱកាសល្អមួយ សម្រាប់និស្សិតខ្មែរ ចង់ក្លាយជាអាកាសយានិក។

បន្ទាប់ពីបានដឹងថា ក្រុមហ៊ុនដែលជាដៃគូសហការផ្តល់ឱកាសឱ្យនិស្សិតខ្មែររៀនបើកយន្តហោះភ្លាមនោះ កញ្ញា ហុង ចិន្តា ក៏បានចូលរៀនវគ្គបណ្តុះបណ្តាលផ្នែកទ្រឹស្តីបើកយន្តហោះ នៅក្នុងប្រទេសវៀតណាម អស់រយៈពេល ៦ខែ រួចក៏បាន​បន្ត​ការ​សិក្សា​​​​ផ្នែកអនុវត្ត​បើក​យន្តហោះ​ផ្ទាល់​ នៅ​ប្រទេស​ហ្វីលីពីន អស់រយៈ​ពេល ១៣ ខែទៀត។ ក្រោយមក កញ្ញា បាន​រៀន​បើក​យន្តហោះ​ខ្នាត​​ធំ​ប្រភេទ​ Airbus នៅ​​​កូរ៉េ​ខាង​ត្បូង ​រយៈពេល ១ខែ ២០ថ្ងៃ​​ បន្ថែមទៀត មុននឹងកញ្ញាអាចក្លាយជាអ្នកបើកយន្តហោះបាន។

គិត​សរុប​ទៅ​ កញ្ញា ចិន្តា បាន​ប្រើ​ពេល​អស់ ​​៤ ឆ្នាំ សម្រាប់​ការ​​សិក្សា​ផ្នែក​​អាកាសយានិក​នេះ ដោយគិតចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ ២០១៩។ អាកាសយានិកស្រីវ័យក្មេងរូបនេះ បានឱ្យដឹងដែរថា ដើម្បីក្លាយជាអ្នកបើកយន្តម្នាក់បាន យើងត្រូវចេះភាសាអង់គ្លេស ដែលជាភាសាផ្លូវការណ៍ ហើយបើអាចចេះភាសាផ្សេងទៀត រឹតតែល្អ។ មួយវិញទៀត យើងត្រូវរៀនបន្ថែមរហូត ព្រោះអាជីពមួយនេះ មានមេរៀនថ្មីៗជាច្រើន ដែលយើងត្រូវរៀន។ ប៉ុន្តែយ៉ាងណា សូមគិតកុំថា យើងជាស្រ្តីមិនអាចធ្វើបានដូចបុរសឱ្យសោះ ពីព្រោះការងារនេះ នរណាក៏អាចធ្វើបានដែរ សំខាន់ឱ្យតែយើងស្រលាញ់ ហើយដាក់ចិត្តធ្វើ ៕

សុំអនុញ្ញាតចែករំលែកបន្ត
ប្រភពពី business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *