ពូកែមែន! ស្ថាបនិក QueenBee បង្ហើបពី​វិធីសាស្រ្ដដែលជួយឱ្យគាត់ អាចគេចផុតពីការរកស៊ីខាត

បើសិនជាយើ​ងនិយាយពីយីហោតែគុជ ដែលមានរស់ជាតិឆ្ងាញ់ ហើយវាជារបស់កូនខ្មែរនោះ យើងប្រហែលជានឹកទៅដល់យីហោដែលកំពុងទទួលបានប្រជាប្រិយភាពមួយគឺ Queen Bee។ យីហោ QueenBee ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ ដោយសហគ្រិនខ្មែរសុទ្ធសាធ ហើយយីហោមួយនេះ ចាប់ផ្តើមជាមួយនឹងដើមទុនប្រមាណជា ១៥០០ដុល្លារអាមេរិក ហើយបានវិវត្តន៍ខ្លួនបន្តិចម្តងៗ រហូតក្លាយជាយីហោដ៏ធំមួយ មានចំនួន ១០សាខា។

នៅពីក្រោយភាពជោគជ័យរបស់អាជីវកម្មតែគុជមួយនេះ លោកស្រី ញៀវ យិនហ្គេច ដែលជាស្ថាបនិកនៃយីហោ QueenBee នោះ ក៏ធ្លាប់ជួបនូវបញ្ហា និងការរកស៊ីខាតរហូតដល់៣ខែជាប់ៗគ្នា ផងដែរ។​ ប៉ុន្តែចូលដល់ខែទី៤ គាត់បានកែប្រែការខាតនោះ រហូតដល់មានប្រាក់ចំណេញមកវិញ។ ខាងក្រោមនេះ គឺជាវិធីសាស្រ្តដែលលោកស្រី ញៀវ យិនហ្គេច បានប្រើ ដើម្បីទប់ទល់ការខាត និងស្វែងរកប្រាក់ចំណេញ៖

១. ត្រូវចេះបត់បែននិងរកដំណោះស្រាយឲ្យបានលឿន៖ លោកស្រី ញៀវ យិនហ្គេច បាននិយាយថា គាត់មិនមែនជាមនុស្សដែលចូលចិត្តនៅមួយកន្លែងទេ រាល់ពេលដែលមានបញ្ហាគាត់តែងតែរកដំណោះស្រាយ និងបត់បែនតាមកាលៈទេសៈជានិច្ច។ គាត់បានពន្យល់ថា នៅពេលដែលគាត់រកស៊ីខាត ឬក៏លក់មិនសូវដាច់ គាត់ព្យាយាមប្រមូលព័ត៌មាន និងដើរសង្កេតមើលយីហោដែលគេលក់ដាច់ខ្លាំង ដើម្បីយកមករៀនសូត្រតាម។

២. ត្រូវជ្រើសរើសទីតាំងឲ្យបានល្អ៖ សហគ្រិនវ័យក្មេងរូបនេះ បានលើកឡើងថា ទីតាំងគឺជាចំណុចសំខាន់បំផុតមួយ សម្រាប់អាជីវកម្មដែលរកស៊ីលើវិស័យម្ហូបអាហារ និងភេសជ្ជៈ ព្រោះយើងកំណត់តែទីតាំងណា ដែលត្រូវនឹងអតិថិជនគោលដៅយើងប៉ុណ្ណោះ។ ជាក់ស្ដែង បើយើងក្រឡេកទៅមើលទៅទីតាំងរបស់ Queen Bee នីមួយៗគឺសុទ្ធតែនៅជិតសាលារៀន និងកន្លែងធ្វើការ​ ពោលគឺជាទីតាំង ដែលអតិថិជនគោលដៅរបស់គាត់នៅទីនោះ។

៣. ត្រូវមានសេវាកម្មល្អនិងទំនាក់់ទំនងល្អជាមួយភ្ញៀវ៖ លោកស្រី យិនហ្គេច បានសង្កត់ធ្ងន់ថា ការរួសរាយរាក់ទាក់ជាមួយភ្ញៀវឲ្យបានច្រើនគឺជារឿងល្អ ព្រោះបើសិនជាយើងមិនយកចិត្តទុកដាក់បម្រើសេវាកម្មល្អជាមួយអតិថិជនយើងទេ ថ្ងៃក្រោយប្រាកដជាអស់ម៉ូយមិនខាន។ គាត់បាននិយាយថា​ ការផ្ដល់សេវាកម្មល្អឲ្យអតិថិជនគឺជាចំនុចពិសេសមួយដែលជួយឲ្យអាជីវកម្មរបស់គាត់ជោគជ័យ ព្រោះគាត់បានផ្ដល់សេវាកម្មដ៏ល្អឲ្យភ្ញៀវដូចជាការដឹកជញ្ជូនឲ្យអតិថិជនដោយឥតគិតថ្លៃសម្រាប់អតិថិជនដែលនៅជិតហាង ឬជិតតំបន់ហាងរបស់គាត់ ៕

សុំអនុញ្ញាតចែកចាយបន្ត
ប្រភពពី business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *