មិនសរសើរមិនបានមែន! ប្រើត្រឹមតែទុនខ្យល់ អាចចេញរកស៊ីបានយ៉ាងជោគជ័យដែរ

ផ្តើមចេញពីសិស្សក្រីក្រ ធ្លាប់សុំកន្លែងគេស្នាក់នៅ ក្នុងបន្ទប់ទឹក លោក ស្រ៊ាង វ៉ាន់ដា បានខិតខំប្រឹងប្រែងរៀនសូត្រ រហូតដល់អាចបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិស្វករអគ្គិសនី និងបានចូលប្រឡូកក្នុងវិស័យការងារអស់រយៈពេលជាង ៧ឆ្នាំ រហូតដល់មានតំណែងធំ ប្រាក់ខែខ្ទង់ពាន់ដុល្លារ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ គឺលោកបានចេញរកស៊ី ដោយពុំមានដើមទុនសូម្បីតែមួយរៀល ប៉ុន្តែត្រឹមរយៈពេលដ៏ខ្លី លោកអាចបង្កើតជាកន្លែងលក់ទំនិញដ៏ពេញនិយមជាងគេមួយ នៅក្នុងរាជធានីភ្នំពេញ។

លោក ស្រ៊ាង វ៉ាន់ដា បច្ចុប្បន្នគឺជាម្ចាស់យីហោ ឌីស៊ី ផ្គត់ផ្គង់សម្ភារៈសុវត្តិភាព និងអគ្គិសនីគ្រប់ប្រភេទ។ នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក ស្រ៊ាង វ៉ាន់ដា បានបង្ហើបពីវិធីសាស្រ្ត នៅក្នុងការចេញរកស៊ីដោយពុំមានដើមទុន ឬយើងហៅថា ទុនខ្យល់ យ៉ាងដូច្នេះថា តាមពិតទៅ មូលហេតុដែលធ្វើឱ្យលោកអាចចេញរកស៊ីបាន ដោយពុំចាំបាច់មានដើមទុននោះ គឺដោយសារលោក និងភរិយា បានយកពេលវេលា និងកម្លាំងញើសឈាមរបស់ខ្លួន ធ្វើជាទុន ដើម្បីមានឱកាសរៀនរកស៊ី។

លោក វ៉ាន់ដា បានពន្យល់ថា ការយកពេលវេលា និងកម្លាំងញើសឈាម ធ្វើជាទុននេះ វាបានចាប់ផ្តើមឡើង នៅក្នុងឆ្នាំ២០១៧ ពោលគឺជាឆ្នាំដែលលោក និងភរិយា កំពុងត្រូវការប្រាក់ចំណូលបន្ថែម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ហើយស្របពេលនោះ លោកមានពូម្នាក់ ជាអ្នកបើកកន្លែងលក់ដូររកស៊ី ហើយកន្លែងរបស់គាត់នោះ តែងតែបិទនៅថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ ហេតុនេះ លោក វ៉ាន់ដា ក៏មានគំនិតទៅចរចារជាមួយនឹងពូរបស់ខ្លួន ដើម្បីសុំគាត់បើកកន្លែងលក់ឥវ៉ាន់នោះ នៅថ្ងៃសៅរិ៍ អាទិត្យជំនួស ព្រោះនៅថ្ងៃចុងសប្តាហ៍ លោកនិងភរិយា មិនទៅធ្វើការឡើយ។ ជាសំណាងល្អ ពូរបស់លោកក៏យល់ព្រម។

ធ្វើជាអ្នកលក់ដូររកស៊ីជំនួសពូរបស់ខ្លួន នៅថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ អស់មួយរយៈពេលខ្លី លោក វ៉ាន់ដា ក៏ចាប់ផ្តើមបែកគំនិត យកឥវ៉ាន់ដែលពូរបស់ខ្លួនលក់នោះ យកទៅបង្ហោះលក់នៅលើហ្វេសប៊ុក ហើយនៅពេលមានភ្ញៀវទិញ លោកយកឥវ៉ាន់ពីពូរបស់លោក យកទៅឱ្យភ្ញៀវ ដោយលោកពុំចាំបាច់មានដើមទុនផ្ទាល់ខ្លួនឡើយ។ លុះដល់ការលក់នៅលើអនឡាញ មានភ្ញៀវចាប់អារម្មណ៍កាន់តែច្រើនឡើងៗ លោក វ៉ាន់ដា ក៏បានរីកគំនិតមួយតង់ទៀត គឺការបើកកន្លែងលក់សម្ភារៈសុវត្តិភាព និងអគ្គិសនីគ្រប់ប្រភេទដោយខ្លួនឯង។ ប៉ុន្តែការចាប់ផ្តើមបើកលក់ទៀតសោត លោកពុំចាប់ផ្តើមភ្លាម ធំភ្លាមនោះឡើយ ពីព្រោះកាលណ្ណោះ លោកពុំសូវមានដើមទុន ហើយមួយវិញទៀត លោកចង់ស្ទៀបស្ទង់ទីផ្សារសិន។

លោក ស្រ៊ាង វ៉ាន់ដា បានពន្យល់ដែរថា មូលហេតុដែលធ្វើឱ្យលោកសម្រេចចិត្តបង្កើតក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសុវត្ថិភាព និងអគ្គិសនីនេះឡើង គឺដោយសារលោក ចង់ចូលរួមចំណែកក្នុងការពារជីវិតមនុស្ស នៅតាមការដ្ឋានសាងសង ក៏ដូចជាកន្លែងឧសហ្សកម្មផ្សេងៗជាដើម។ មួយវិញទៀត លោកចង់បង្កើនភាពងាយស្រួលជូនប្រជាជនខ្មែរ តាមរយៈការផ្គត់ផ្គង់បរិក្ខារ និងសម្ភារៈប្រើប្រាស់ទាន់សម័យ ដែលប្រទេសគេជឿលឿនបាននិងកំពុងប្រើប្រាស់ សម្រាប់វិស្វកម្មអគ្គិសនី និងសំណងផ្សេងៗ ផងដែរ។

សហគ្រិនវ័យក្មេងរូបនេះ ក៏បានបង្ហើបពីយុទ្ធសាស្រ្តដែលធ្វើឱ្យខ្លួន អាចពង្រីកការរកស៊ីដោយអត់មានដើមទុន រហូតដល់ក្លាយជាអ្នកផ្គត់ផ្គង់សម្ភារៈសុវត្ថិភាព និងគ្រឿងអគ្គិសនីស្ទើរតែគ្រប់មុខ និងពេញនិយមជាងគេមួយ នៅក្នុងរាជធានីភ្នំពេញ​ ផងដែរ ដោយលោកបានលើឡើងថា កត្តាសំខាន់ដែលធ្វើឱ្យលោកអាចដើរមកដល់ថ្ងៃនេះ គឺដោយសារលោកផ្តោតសំខាន់លើរឿងសំខាន់ទាំង៥ ខាងក្រោមនេះ៖

១. ផ្តោតលើភាពស្មោះត្រង់៖ លោក វ៉ាន់ដា​ បានលើកឡើងថា ភាពស្មោះត្រង់ចំពោះអតិថិជន ហើយនឹងខ្លួនឯង គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលជួយឱ្យអាជីវកម្មមួយរីកចម្រើន។ អ្នករកស៊ីណា​ ដែលពុំមានភាពស្មោះត្រង់ជាមួយអតិថិជន អាជីវកម្មរបស់ពួកគាត់មិនអាចរស់បានយូរនោះឡើយ។ ភាពស្មោះត្រង់ជាគុណតម្លៃរបស់មនុស្ស និងរបស់អាជីវកម្ម ត្បិតថា របរខ្ញុំតូចមែន តែខ្ញុំមិនរកស៊ីបោកភ្ញៀវឡើយ។

២. ផ្តោតលើការដោះស្រាយបញ្ហាមនុស្ស៖ របររកស៊ីអ្វីក៏ដោយ ​ឱ្យតែអាចដោះស្រាយបញ្ហាមនុស្សបាន គឺមិនងាយដួលទៅវិញទេ កាលណាអ្នកអាចដោះស្រាយបញ្ហាមនុស្សបានកាន់តែច្រើន នោះឱកាសជោគជ័យរបស់អ្នក នឹងកាន់តែធំ។ លោក វ៉ាន់ដា​ បានមានប្រសាសន៍ថា ទោះបីខ្ញុំមិនអាចជួយដោះស្រាយបញ្ហាមនុស្សបានដោយផ្ទាល់ ប៉ុន្តែខ្ញុំបានដោះស្រាយដោយប្រយោល តាមរយៈការផ្គត់ផ្គង់សម្ភារៈសុវត្ថិភាព តាមការដ្ឋាន និងវិស្វកម្មអគ្គិសនីផ្សេងៗ គឺយើងអាចជួយជីវិតមនុស្សបានច្រើនណាស់។

៣. ផ្តោតលើដំណោះស្រាយជូនអតិថិជន៖ ចំណុចទី៣នេះ អ្នកទាំងអស់គ្នាអាចថាស្រដៀងនឹងចំណុចទី២បន្តិច ប៉ុន្តែមិនដូចគ្នានោះឡើយ ពីព្រោះចំណុចនេះ យើងផ្តោតសំខាន់លើការដោះស្រាយបញ្ហាភ្ញៀវ ជាជាងគ្រាន់តែលក់យកប្រាក់ចំណេញ។ សហគ្រិនមកពីខេត្តត្បូងឃ្មុំរូបនេះ បានណែនាំថា ជាអ្នកលក់ដូររកស៊ីម្នាក់ បញ្ហាធំរបស់យើង គឺពិបាកស្វែងរកភ្ញៀវ មកទិញទំនិញ ដូច្នេះ នៅពេលដែលភ្ញៀវមករកយើង យើងត្រូវមានកូនចិត្តមួយ ជួយដោះស្រាយបញ្ហាពួកគាត់។ ជាក់ស្តែង ដូចរូបលោកផ្ទាល់ កាលពីបើកលក់ដូរដំបូងៗ លោកពុំមានឥវ៉ាន់ច្រើន តាមតម្រូវការភ្ញៀវនោះឡើយ ហេតុនេះ ពេលដែលភ្ញៀវមករកទិញឥវ៉ាន់អ្វីមួយ ហើយលោកអត់មាន លោកតែងតែស្វះស្វែងរកទិញពីគេជូនភ្ញៀវ ពីព្រោះលោកជឿថា ភ្ញៀវភាគច្រើន ពួកគាត់គ្មានពេលទេ ចឹងបើយើងអាចរកឱ្យគាត់បាន គាត់នឹងចាំទិញពីយើង។

៤. ផ្តោតលើតម្រូវការរបស់អតិថិជន៖ ក្នុងនាមយើងជាអ្នករកស៊ីម្នាក់ យើងត្រូវដឹងពីតម្រូវការរបស់អតិថិជន ថាតើគាត់ចង់បានការបញ្ចុះតម្លៃ ឬមួយគាត់ចង់បានសេវាកម្មល្អ។ ពេលខ្លះ យើងជាអ្នកលក់ បើយើងអាចបញ្ចុះតម្លៃជូនភ្ញៀវតែបន្តិចបន្តួច ក៏អាចធ្វើឱ្យគាត់រំភើបចិត្ត និងតាមមកទិញយើងរហូតដែរ យើងមិនគួរតឹងតែងខ្លាំងពេក រហូតដល់មិនហ៊ានថែមឥវ៉ាន់បន្តិចបន្តួចជូនភ្ញៀវ ឬធ្វើការបញ្ចុះតម្លៃឡើយ។

៥. ផ្តោតលើការរៀនសូត្រ កុំយកគូប្រជែងជាសត្រូវ ត្រូវយកធ្វើជាគ្រូ៖ ជាការពិត ការរកស៊ីតែងមានការប្រកួតប្រជែង ប៉ុន្តែយើងមិនគួរប៉ែងជើងគ្នានោះឡើយ ហើយយើងរឹតតែមិនគួរស្អប់គូប្រជែងថែមទៀត។ លោក វ៉ាន់ដា បានសង្កត់ធ្ងន់ថា បើសិនជាពេលខ្លះ ហាងរបស់យើង ពុំមានឥវ៉ាន់ដែលភ្ញៀវចង់បានទេនោះ យើងឱ្យភ្ញៀវទៅទិញកន្លែងគេសិនចុះ ប៉ុន្តែត្រូវទទួលភ្ញៀវនោះឱ្យល្អ ព្រោះនៅពេលយើងទទួលគាត់បានល្អ គាត់នឹងចង់ចាំយើង ហើយថ្ងៃណាមួយ គាត់នឹងមកទិញកន្លែងយើងវិញមិនខាន ៕

សុំអនុញ្ញាតសិទ្ធិចែករំលែកបន្ត
ប្រភពពី business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *