ពិតជាគួរឲ្យសរសើរមែន! ឆ្លៀតលួចរៀនក្បួនដុតមាន់ពេលធ្វើពលករ យកមករកស៊ីនៅខ្មែរកាក់កបខ្លាំង

ជាការពិតណាស់ ការទៅធ្វើការស្រុកគេ បើអ្នកគ្រាន់តែដើម្បីប្រាក់ខែ វាមិនសូវផ្ដល់ចំណេញច្រើនសម្រាប់អ្នកនោះទេ ព្រោះថ្ងៃណាមួយបើអ្នកត្រលប់មកប្រទេសកំណើតវិញ អ្នកបានត្រឹមតែសល់លុយខ្លះៗយកមកផ្ទះប៉ុណ្ណោះ។ ផ្ទុយទៅវិញ បើអ្នកទៅធ្វើការស្រុក ដើម្បីដកស្រងបទពិសោធន៍ ជាពិសេសចេះមើលឱកាសក្នុងការបង្កើតអាជីវកម្មនោះ អ្នកនឹងមកវិញជាមួយនឹងជំនាញក៏ដូចអាជីវកម្មមួយច្បាស់លាស់មិនខាន។

ជាក់ស្ដែង លោក សេក ចន្នី គឺជាអតីតពលករកូរ៉េម្នាក់ ដែលធ្លាប់ធ្វើការនៅប្រទេសកូរ៉េអស់រយៈពេល៧ឆ្នាំពិតមែន តែមិនមែនមកវិញជាមួយប្រាក់ខែខ្លះៗនោះទេ ពោលគឺលោកមកវិញដោយនាំមកជាមួយគំនិតរកស៊ី រហូតបើកអាជីវកម្មមាន់ដុតរសជាតិថ្មីប្លែកដែលមានឈ្មោះថា C.Grill ទទួលបានការគាំទ្រពីពលរដ្ឋខ្មែរ។

នៅក្នុងបទសម្ភាសន៍ជាមួយនិង Business Cambodia លោក សេក ចន្នីបានឱ្យដឹងថាគាត់ជាអ្នកខេត្តព្រៃវែងដែលជាកូនកំព្រាឱពុកម្តាយបានខិតខំធ្វើការផងរៀនផងរហូតបានបញ្ចាប់ការសិក្សាបរិញ្ញបត្រនៅសកលវិទ្យាល័យភ្នំពេញអន្តរជាតិ(PPIU)ផ្នែកអក្សរសាស្ត្រអង់គ្លេស។ បន្ទាប់មកទៀតគាត់ក៏បានធ្វើការងារនៅកន្លែងលាងឡានមួយកន្លែងដើម្បីបំពេញជីវភាព ដោយចង់មានការផ្លាស់ប្តូរបទពិសោធន៍គាត់ក៏បានបន្តទៅធ្វើការងារនៅខេត្តព្រះសីហុនអស់រយៈពេល៣ឆ្នាំរួចក៏ត្រឡប់មកភ្នំពេញវិញដើម្បីមករៀនភាសារកូរ៉េ ។

មិនយូរប៉ុន្មាន លោកក៏បានធ្លាក់ឈ្មោះទៅបន្តធ្វើការងារជាពលករកូរ៉េនៅរោងចក្រក្តាបន្ទះ បន្ទាប់មកលោកក៏បានឃើញនូវឱកាសពីការផលិតក្តាបន្ទះមានតម្រូវការនៅប្រទេសកម្ពុជាច្រើនគាត់ក៏មានចំណាប់អារម្មណ៍ចង់ធ្វើអាជីវកម្មមួយនេះ ដោយសារវាជាជំនាញដែលមានក្នុងប្រទេសកូរ៉េស្រាបប៉ុន្តែវាត្រូវការចាយដើមទុនច្រើនមួយវិញទៀតពិបាកក្នុងការពង្រឹក លោកក៏បានសម្លឹងឃើញអាជីវកម្មដុតមាន់នៅកូរ៉េ ហើយក៏លួចរៀនពីក្បួនដុតមាន់និងគ្រឿងផ្សំធ្វើឱ្យមាន់មានរសជាតិឆ្ងាញ់ ដើម្បីដាក់ទុនធ្វើនៅស្រុកខ្មែរ។

លោកក៏បន្តទៀតថា លុះត្រឡប់ដល់ខ្មែរវិញនៅដើមខែកុម្ភៈឆ្នាំ២០២០នេះ រូបលោកផ្ទាល់ក៏យកក្តីស្រមៃដែលលោកប៉ងតាំងពីនៅកូរ៉េមកបង្កើតជារូបរាងឡើងនៅស្រុកខែ្មរតាមរយៈយីហោ C.Grillដែលរូបលោកជាស្ថាបនិកផ្ទាល់តែម្តង។ ថ្វីត្បិតតែជាអាជីវកម្មក្មេងខ្ចីក៏ពិតមែន ប៉ុន្តែបើនិយាយអំពីសន្ទុះនៃការគាំទ្រគឺខ្លាំងមិនធម្មតាប៉ុន្មានឡើយនេះដោយសារតែ អតិថិជនពេញចិត្តជាមួយនឹងស្នាដៃចម្អិនដោយការដុតជាមួយម៉ាសុីនដែលមិនប៉ះពាល់ទៅដល់សុភាព។

អ្វីដែលកាន់តែពិសេសនោះគឺទឹកដែលយកមកប្រឡាក់មាន់និងទាសុទ្ធសឹងតែជារូបមន្តប្រចាំគ្រួសារ ព្រមទាំងពោរពេញទៅដោយការច្នៃប្រឌិតខ្ពស់ទៅលើរសជាតិនៃទឹកជ្រលក់គួបផ្សំជាមួយនិងតម្លៃសមរម្យ ក៏ដូចជាការវេចខ្ចប់ ដើម្បីធានាឲ្យបាននូវគុណតម្លៃរបស់យីហោមួយនេះ ថែមទាំងគិតគូរពី គុណភាព ស្តង់ដា អនាម័យជូនបងប្អូនដែលនិយមទទួលទានផងដែរ។ ទើបធ្វើឱ្យអាជីវកម្មរបស់គាត់កាន់តែមានសន្ទះខ្លាំងពីមួយថ្ងៃទៅមួយថែ្ងថែមទៀតផង។

លោក សេក ចន្នីបានបង្ហើបថា ប្រសិនបើចង់ឱ្យអាជីវកម្មមួយដំណើរការបានល្អត្រូវសិក្សាពីគម្រោងឱ្យបានច្បាស់លាស់ជាមុនសិន និងគិតគួរពីដើមទុនជាចម្បង ជាពិសេស គឺជំនាញដែលប្រើដើមទុនតិចក្នុងការបើកអាជីវកម្ម ដូចជារូបលោកផ្ទាល់ដែលចំណាយដើមទុនតិចលើអាជីវកម្មមួយនេះ ដោយរូបលោកមានជំនាញក្នុងការដុតមាន់ឱ្យមានរសជាតិឆ្ងាញ់ពីគេ ហើយអាចទាញចំណូលបានជិត១ពាន់$/ខែថែមទៀតផង។

លោកក៏បានផ្តែផ្តាំទៅដល់បងប្អូនទាំងអស់ដែលកំពុងតែបម្រើការនៅប្រទេសក្រៅឬក៏នៅក្នុងស្រុក ថា មុននិងចង់បើកអាជីវកម្មត្រូវតែសិក្សាពីគម្រោងឱ្យបានច្បាស់លាស់ជាមួយសិន ជាពិសេសនោះទៅលើដើមទុន ជំនាញ បន្ទាប់មកទៀតគួរសម្លឹងមើលអាជីវកម្មណាដែលប្រើដើមទុនតិចងាយពង្រឹកនិងងាយស្រួលក្នុងការគ្រប់គ្រង ។ មួយវិញទៀងសម្រាប់បងប្អូនដែលរស់នៅស្រុកគេទៅកុំឱ្យខាត ត្រូវលួចរៀនពីក្បួនរកសុីនៅប្រទេសគេដើម្បីជាបទពិសោធន៍សម្រាប់យកមករកសុីនៅសុ្រកខ្មែរពេលត្រឡប់មកវិញ។

គួរបញ្ចាក់ផងដែរថាមាន់ដុត C.Grill របស់លោក មានទីតាំងនៅក្នុងបុរីពិភពថ្មីចំការដូង។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍ទិញសិទ្ធិហ្រ្វេនឆាយមាន់ដុត និងចង់កាម៉្មងទិញមាន់ដុតស្រែ ទាកាបា៉ស្រស់អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៩៩ ៧៧៧ ៨០៥/០១៥ ៨០ ៣២ ៣៣ឬ Facebook: Sek Channy៕

អត្ថបទដោយ៖តែម សុគន្ធា
អនុញ្ញាតសុំចែកចាយបន្ត
ប្រភពពី business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *