ត្រៀមខ្លួននៅបងប្អូន? ជោគវាសនាខេត្តកែប នឹងជាគោលដៅទេសចរណ៍លម្ហែកម្រិតខ្ពស់មួយរបស់កម្ពុជា

អភិបាលខេត្តកែប បានបង្ហាញថា ផែនការទីផ្សារទេសចរណ៍ខេត្តកែប ២០២០-២០២៤នេះ នឹងរួមចំណែកប្រែក្លាយខេត្តកែបឱ្យទៅជា “គោលដៅទេសចរណ៍លម្ហែកម្រិតខ្ពស់” ដ៏ទាក់ទាញមួយនៅកម្ពុជា។

រដ្ឋបាលខេត្តកែបរៀបចំសិក្ខាសាលាពិភាក្សាស្ដីពី “ការពិនិត្យលើពង្រាងផែនការទីផ្សារទេសចរណ៍ខេត្តកែប លើកទី៣“ក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត និងតំណាងក្រសួងទេសចរណ៍ ព្រមទាំងមានការចូលរួមដោយ លោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោក លោកស្រីប្រធានសមាគម អង្គការ វិស័យឯកជន លោកតំណាងសមាគមសណ្ឋាគារ ផ្ទះសំណាក់ លោកប្រធានសមាគមអ្នកមគ្គុទេសក៍ទាក់ទងនឹងវិស័យទេសចរណ៍ សរុបប្រមាណ ៧០នាក់ ។ កាលពីថ្ងៃទី ២៨ ខែកក្តដា ឆ្នាំ ២០២០ ម្សិលមិញនេះ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត បានបង្ហាញថា ផែនការទីផ្សារទេសចរណ៍ខេត្តកែប ២០២០-២០២៤នេះ នឹងរួមចំណែកប្រែក្លាយខេត្តកែបឱ្យទៅជា “គោលដៅទេសចរណ៍លម្ហែកម្រិតខ្ពស់” ដ៏ទាក់ទាញមួយនៅកម្ពុជា។

លោក អភិបាលខេត្ត មានជំនឿជឿជាក់យ៉ាងមុតមាំថា ផែនការទីផ្សារទេសចរណ៍ខេត្តកែប (២០២០-២០២៤) នឹងរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យទេសចរណ៍ តាមរយៈការបង្កើតយុទ្ធនាការ និងកម្មវិធីផ្សព្វផ្សាយធនធាន សក្តានុពល ផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍សំខាន់ៗក្នុងខេត្ត ឱ្យបានទៅដល់ទីផ្សារគោលដៅ ដោយប្រើប្រាស់នូវ “ប្រព័ន្ធទីផ្សារឌីជីថល” ប្រកបដោយផែនការច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្ត និងជាអនុប្រធានក្រុមការងារបច្ចេកទេសអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្ត បានលើកឡើងថា ផែនការទីផ្សារទេសចរណ៍ខេត្តកែបនេះទទួលបានជោគជ័យ លុះត្រាតែមានការចូលរួមទាំងអស់គ្នា ដើម្បីផ្តល់ជាធាតុចូលដើម្បីអោយផែនការនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្ត ក៏បានបញ្ជាក់បន្ថែមទៀតថា ផែនការទីផ្សារទេសចរណ៍ខេត្តកែបនេះ នឹងដើរតួជាផែនទីបង្ហាញផ្លូវសម្រាប់ការធ្វើទីផ្សារទេសចរណ៍ ក្នុងរយៈពេល៥ ឆ្នាំខាងមុខ ប្រកបដោយទស្សនៈវែងឆ្ងាយ ដើម្បីចង្អុលបង្ហាញ និងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញ “ទីផ្សារទេសចរណ៍មានគុណភាព” តាមរយៈការទាក់ទាញចំណែកទីផ្សារសក្តានុពល ដូចជា “ទេសចរលំដាប់ខ្ពស់”“ទេសចរវ័យចំណាស់ ចូលនិវត្តន៍” និង “ ទេសចរធ្វើដំណើរជាមួយគ្រួសារ”៕

អត្ថបទដោយ ៖ ប៊ុន តារ៉ូ
ប្រភពពី business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *