មួយគូរទៀតហើយ! នារីស្រស់ស្អាត២នាក់សម្រេចចិត្តរៀបការ និងបើកចិត្តប្រាប់ពី ជីវិតស្នេហារបស់ពួកនាង!

ប្រទេសថៃ៖ នៅលើលោកយើងនេះ មានការស្រលាញ់ជាច្រើនប្រភេទ មិនថាភេទដូចគ្នា ឬខុសគ្នានោះទេ គេតែងតែឃើញពិធីមង្គលការ រវាងបុរសនិងស្ត្រី តែពេលនេះ ក្រុមការងារ បានដកស្រង់ព័ត៌មាន ពីកាសែតក្នុងស្រុក របស់ថៃ មកបង្ហាញប្រាប់មិត្តអ្នកអានទាំងអស់ ឲ្យបានដឹងផងដែរ រវាងការរៀបពិធី មង្គលការភេទដូចគ្នា គឺស្រីនិងស្រី ដែលគេហៅថា Lesbian ។

ហេតុការណ៍នេះ បានកើតឡើង តាំងពីឆ្នាំ២០១៣មកម្ល៉េះ ដែលបានធ្វើឲ្យមានការភ្ញាក់ផ្អើល ពេញបណ្តាញសង្គមនៅប្រទេសថៃ ក្រោយពីពួកនាងទាំង២នាក់ សម្រេចចិត្តចូលរោងការ តាមប្រពៃណីជាមួយគ្នារួចមក ។

មិនត្រឹមតែប៉ុណ្ណោះ ពួកនាងត្រូវបានកម្មវិធី ទូរទស្សន៍ក្នុងស្រុក អញ្ជើញចូលទៅសម្ភាសន៍ និងរៀបរាប់ពីប្រវត្តិនៃការ ចាប់ផ្តើមការស្រលាញ់គ្នា របស់ពួកនាងទាំង២នាក់ ហើយពួកនាងក៏បានបើកចិត្ត រៀបរាប់ប្រាប់ទស្សនិកជន ទាំងសេចក្តីក្លាហាន មិនមានការអៀនខ្មាសឡើយ ។

ពួកនាងទាំង២នាក់ ម្នាក់ឈ្មោះ អែល និងម្នាក់ទៀត ឈ្មោះ គុងតែន ហើយបើតាមការបញ្ជាក់ពី កញ្ញា អែល បានឲ្យដឹងថា ពួកគេទាំង២នាក់ បានស្គាល់គ្នាតាមរយៈហ្វេសប៊ូក ដោយរូបនាងគឺជាអ្នក Add Friend ទៅកញ្ញា គុងតែន ព្រោះឃើញ Profile នាងដាក់ថា នាងស្រលាញ់មនុស្សស្រីដូចគ្នា ។

រហូតមក ពួកនាងទាំង២នាក់ បានឆាតនិយាយគ្នា តាមហ្វេសប៊ូកជារៀងរាល់ថ្ងៃ ហើយបានណាត់ជួបគ្នា នៅក្បែរកន្លែងធ្វើការរបស់ កញ្ញា គុងតែន ព្រមទាំងជជែកគ្នា ពីរឿងការងារមួយចំនួន ធ្វើឲ្យពួកគេទាំង២នាក់ កាន់តែជិតស្និតជាមួយគ្នា តាំងពីពេលនោះមក។

មិនតែប៉ុណ្ណោះ ពួកនាងបានរៀបរាប់ប្រាប់ថា ពួកគេទាំង២នាក់ ធ្លាប់មានមិត្តប្រុសដូចគ្នាផងដែរ កាលពីនៅវ័យសិក្សានៅមហាវិទ្យាល័យ តែដោយសារតែការ ចូលចិត្តភេទដូចគ្នា ទើបបានសុំបែកជាមួយមិត្តប្រុស តាំងពីពេលនោះមក។

ចំណែកខាងគ្រួសារទាំងសងខាង របស់ពួកនាងទាំង២នាក់វិញ ពួកគាត់បានយល់ព្រម បើកចិត្តទូលាយ ទទួលស្គាល់នូវក្តីស្រលាញ់របស់ពួកនាងទាំង២នាក់ ហើយតែងតែឲ្យតម្លៃទៅលើ ការស្រលាញ់គ្នា របស់ពួកនាងទាំង២នាក់ផងដែរ ដោយពួកគាត់គិតថា នេះជាការស្រលាញ់ចេញពីបេះដូងពិត របស់ពួកនាង ដោយគ្មានការបង្ខិតបង្ខំ ពីភាគីណាមួយឡើយ។

សម្រាប់ការចុះសំបុត្រ អាពាហ៍ពិពាហ៍វិញនោះ នាងបានបញ្ជាក់ប្រាប់ថា ត្រូវតែរង់ចាំ ឲ្យច្បាប់អាពាហ៍ពិពាហ៍ រវាងមនុស្សស្រីនិងស្រី របស់ប្រទេសថៃ បង្កើតឡើងសិន ទើបពួកនាងនឹងមកចុះ សំបុត្រអាពាហ៍ពិពាហ៍ជាថ្មី ឲ្យត្រូវតាមច្បាប់កំណត់ ។

ចំណែកឯកញ្ញា គុងតែង បានប្រាប់ថា ដំបូងឡើយនាងក៏ចង់បានប្តីដែរ តែពេលនេះ គឺមិនចង់បានទៀតឡើយ ទោះជាមានមនុស្សប្រុស មួយចំនួនកំពុងតែ សើចបញ្ឈឺពួកនាងក៏ដោយ តែពួកនាងមិនខ្វល់ឡើយ ព្រោះពួកនាងបានស្រលាញ់គ្នា ដោយមិនធ្វើឲ្យពិបាក ឬនាំទុក្ខដល់អ្នកដទៃឡើយ ហើយនាងគិតថា មនុស្សគ្រប់រូបមានសិទ្ធិ ក្នុងការសម្រេចចិត្តស្មើៗគ្នា ចំពោះអ្វីដែលខ្លួនឯងត្រូវការ ៕

Leave a Reply

Your email address will not be published. Required fields are marked *