ចេះអ្វី ចេះអោយប្រាកដ! ផ្តើមទុនពី $100 សោះ តែកើបលុយខ្ទង់ពាន់

ទាកាប៉ា គឺជាសាច់សត្វបក្សីមួយប្រភេទដែលកំពុងមានការពេញនិយមយ៉ាងខ្លាំងពីអ្នកបរិភោគក្នុងពេលបច្ចុប្បន្ន ដោយសារតែសាច់ទាកាប៉ាមានរសជាតិឆ្ងាញ់ មានមាឌធំសាច់ច្រើន និងមានតម្រូវការទីផ្សារខ្ពស់។ ហើយមកដល់ពេលនេះចំនួនអ្នកដែលប្រកបរបរចិញ្ចឹមទាប្រភេទនេះ ហាក់នៅមានតិចតូចនៅឡើយផងដែរ ដែលវាជាឱកាសដ៏កម្រមួយសម្រាប់អ្នកដែលចាប់យករបរមួយនេះ។

ខណៈពេលនេះផងដែរ ពាណិជ្ជកម្មកម្ពុជា (Business Cambodia) សូមនាំអារម្មណ៍របស់លោកអ្នកមកស្គាល់លោក សេង សុគន្ធ ដែលជាកសិករជំនាញមួយរូបដែលកំពុងប្រកបរបរចិញ្ចឹមទាកាប៉ានេះ អស់រយៈពេលជាង២ឆ្នាំមកហើយ ហើយបានក៏បាននឹងកំពុងសម្ងំកើបប្រាក់យ៉ាងច្រើនសន្ធឹកសន្ទាប់ពីរបរមួយនេះផងដែរ។ តាមបទសម្ភាសន៍ជាមួយក្រុមការងារ Business Cambodia កាលពីពេលថ្មីៗនេះលោក សេង សុគន្ធ បានបញ្ជាក់អោយដឹងថា«ការចាប់ផ្ដើមដំបូងរបស់លោកគឺចំណាយទុនត្រឹមតែជាង៤០ម៉ឺនរៀលតែប៉ុណ្ណោះ ដោយលោកដើរទិញទាកាប៉ាពីអ្នកភូមិប្រហែល១០ក្បាល»។

នាពេលបច្ចុប្បន្ននេះ លោកនៅសល់ទាកាប៉ាតែចំនួន ៩០០ក្បាលតែប៉ុណ្ណោះសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងតំបន់ ដោយការប្រមូលផលទាកាប៉ានេះ លោកចែកចេញជា៦វគ្គក្នុង១ឆ្នាំដែលក្នុង១វគ្គ ចន្លោះ២ទៅ២តោនកន្លះដោយលោកលក់ក្នុងតម្លៃ ១០,០០០រៀល ទៅ ១១,០០០រៀល ដែលអាចទទួលប្រាក់ចំនេញក្នុង១វគ្គ ចន្លោះពី៧លានកន្លះទៅ១០លានរៀល។ ហើយចំពោះបញ្ហាបច្ចេកទេសវិញ លោកមិនបានទៅរៀនឯណាឆ្ងាយទេគឺលោករៀនតាមរយៈ YouTube វគ្គសិក្សា និង ការស្រាវជ្រាវបន្ថែមតាមកសិដ្ឋាននានា។

ហើយចំពោះទីផ្សារដែលលក់ចេញច្រើនបំផុតនាពេលបច្ចុប្បន្ន លោក សេង សុគន្ធ បានបញ្ជាក់ថាគឺ ភាគច្រើនគឺជាឈ្មួញដែលមកកម្ម៉ង់ទិញ ហើយពេលខ្លះក៏ផ្គត់ផ្គងស្ទើរតែមិនគ្រាន់ផងដែរ។ នេះក៏ជាឱកាសមួយសម្រាប់បងប្អូនប្រជាកសិករនៅតាមទីជនបទដែលមិនទាន់មាន ឬចង់ប្រកបរបរចិញ្ជឹមសត្វ អាចចាប់យករបរមួយនេះបាន ព្រោះថាវាចំណាយ ដើមទុនតិច និងទទួលបានប្រាក់ចំណូលច្រើនគួរសមផងដែរបើធៀបនឹងរបរដទៃផ្សេងទៀត។

លើសពីនេះទៅទៀត កសិករដែលមានអាយុ ២៨ ឆ្នាំរូបនេះ ក៏ស្វាគមន៍ជានិច្ចចំពោះបងប្អូនណាដែលមានប្រាថ្នាចង់ចេះជំនាញនេះ ហើយប្រសិនបើមាន ភោជនីដ្ឋាន រម្មណីយដ្ឋាន ដែលត្រូវកាទាប៉ាសូមទំនាក់ទំនងមកទីតាំងនៅ ភូមិ ទឹកអំបិល ឃុំ រវៀង ស្រុក សំរោង ខេត្ត តាកែវ និងតាមរយៈហ្វេសប៊ុកឈ្មោះ Sokun Seng ឬតាមលេខទូរស័ព្ទ៖ ០៩៣ ៣១៨ ៥៨៤/០៧១ ៥៣១ ៨៥៨៤៕

អត្ថបទដោយ៖ ចេង លីកា
សុំអនុញ្ញាតសិទ្ធិចែកចាយបន្ត
ប្រភពពី business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *