គាំទ្រ ១០០%!!! ធ្វើស្រែសមូហភាព នៅលើផ្ទៃដីស្រែជិត៤០ហិកតា ក្នុងកាលៈទេសៈជំងឺកូវីដ១៩ ដើម្បីទុកចែកជូនប្រជាពលរដ្ឋក្រីក្រ

អភិបាលស្រុកវ័យក្មេងប្រចាំខេត្តសៀមរាប គឺលោកឃឹម ហ្វីណង់ ដែលអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកគាំទ្រខ្លាំង តាមរយៈយុទ្ធនាការ”ផ្ទះ១ អំពូល១”នៅភូមិព្រះដាក់ នៃស្រុកបន្ទាយស្រីទទួលបានជោគជ័យ និងការគាំទ្រយ៉ាងខ្លាំងពីសាធារណជន ជាពិសេសពលរដ្ឋនៅភូមិព្រះដាក់ផ្ទាល់តែម្តង។
ដោយឡែកនៅមុននេះបន្តិច លោកបានគម្រោងថ្មីមួយទៀតហើយ ដើម្បីជួយដល់ប្រជាពលរដ្ឋមូលដ្ឋាន ដែលគម្រោងនេះមានខ្លឹមសារដូចខាងក្រោមនេះ៖

«ធ្វើស្រែសមូហភាព»៖ រដ្ឋបាលស្រុកកំពុងសាកល្បងរៀបចំគម្រោងធ្វើស្រែដើម្បីប្រយោជន៍រួមមួយ នៅលើផ្ទៃដីស្រែជិត៤០ហិកតានៅក្នុងឃុំព្រះដាក់ ក្នុងគោលបំណងគៀងគរធនធានរួម ដើម្បីផលិតជាអង្កររួម ទុកចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រខ្លាំងនៅក្នុងស្រុក។ក្នុងកាលៈទេសៈដែលការរីករាលដាលនៃមេរោគកូវីដ១៩ កំពុងតែជះហានិភ័យទៅដល់សេដ្ឋកិច្ចគ្រួសារ និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុក ជម្រើសល្អបំផុតមួយគឺការធានាអោយមានសុវត្ថិភាពស្បៀងអាហារ ជាពិសេសសម្រាប់យកទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ជនពិការ និងចាស់ជរា ដែលងាយរងផលប៉ះពាល់ និងតម្រូវអោយមានការយកចិត្តទុកដាក់ខ្ពស់។

ប្រជាជនចំនួន៣៩គ្រួសារ មកពីភូមិអូរទទឺង និងភូមិថ្នល់ទទឹង បានយល់ព្រមជាគោលការណ៍ ផ្តល់ដីស្រែជិត៤០ហិកតារបស់ពួកគាត់រហូតដល់ដំណាច់ឆ្នាំ២០២០ ជូនរដ្ឋបាលស្រុកដើម្បីដំណើរការសាកល្បងគម្រោងមួយនេះ។ ប្រសិនបើមិនមានអ្វីប្រែប្រួលទេ ៣ខែទៀតយើងនឹងអាចទទួលបានផលពីស្រូវស្រាលដើមរដូវជុំទី១ ដើម្បីចែកជូនទៅម្ចាស់ស្រែវិញផង(ក្នុងចំនួនប្រហាក់ប្រហែលនឹងធ្វើដោយខ្លួនឯង) និងសល់ប៉ុន្មានទុកចែកជូនប្រជាពលរដ្ឋគោលដៅផង។

ការធ្វើស្រែសមូហភាពនេះ នឹងប្រើប្រាស់ធនធានដែលមានស្រាប់ បូករួមនឹងការគៀងគរបន្ថែមពីសប្បុរសជន តាមរយៈការខ្ចីស្រែពីអ្នកស្រុកដែលស្ថិតនៅជិតប្រភពទឹកស្រាប់ ធ្វើស្រូវស្រាលដើមរដូវដោយប្រើប្រាស់ពូជ១០០ថ្ងៃ និងទទួលបានការឧបត្ថម្ភ ពូជស្រូវ ជី ម៉ាសុីនគ្រឿងចក្រ ប្រេង និងកំលាំងស្ម័គ្រចិត្ត។រួមធ្វើ រួមចំណាយ រួមប្រមូលផល រួមសុខរួមទុក្ខ ក្នុងគ្រាលំបាក ដោយមិនទុកអោយនរណាម្នាក់នៅក្នុងស្រុកដាច់ពោះឡើយ។

បញ្ជាក់៖ គម្រោងនេះស្ថិតនៅក្នុងកម្រិតសាកល្បងនៅឡើយ។ សង្ឃឹមថាលទ្ធផលជាក់ស្តែងនឹងបានជាគំរូយកទៅអនុវត្តក្នុងវិសាលភាពធំជាងនេះ និងនៅកន្លែងផ្សេងទៀតនៅក្នុងស្រុក ដើម្បីផ្តល់ប្រយោជន៍រួមរឹតតែច្រើន។

ប្រភព៖ thmeyload

Leave a Reply

Your email address will not be published. Required fields are marked *