លោក ដូណាល់ ត្រាំ ចេញបញ្ជាឲ្យផ្អាកការផ្តល់ថវិកាសម្រាប់អង្គការ WHO នៅចំពោះមុខការរាតត្បាត

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃអង្គារសប្តាហ៍នេះ បានឲ្យដឹងថា លោកបានចេញបញ្ជាឲ្យរដ្ឋាភិបាលលោក ផ្អាកការផ្តល់ថវិកាទៅកាន់អង្គការសុខភាពពិភពលោក (WHO) បន្ទាប់ពីរូបលោកបានគំរាមធ្វើយ៉ាងដូច្នោះ នៅចំពោះមុខការរាតត្បាតនៃ ជំងឺឆ្លងដ៏កាចសាហាវ COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០។

លោក ត្រាំ បានលើកហេតុផលថា លោកបានសម្រេចធ្វើបែបនេះ ដោយសារតែ WHO មិនអាចចាត់ចែង និងគ្រប់គ្រងវិបត្តិ COVID-19 បានល្អ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសេតវិមានលោកត្រាំបានអះអាងថា អង្គការសុខភាពពិភពលោក គឺបានបរាជ័យក្នុងការបំពេញកាតព្វកិច្ចជាមូលដ្ឋានរបស់ខ្លួន។ ជាមួយគ្នានេះលោកក៏បានចោទប្រកាន់អង្គការអន្តរជាតិមួយនេះ អំពីការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលជាហេតុនាំឲ្យមានការឆ្លងរីករាលដាលជាសកលបែបនេះ។

គួរជម្រាបថា ក្រោយការប្រកាសរបស់លោក ដូណាល់ ត្រាំ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា វាមិនមែនជាពេលវេលាដែលត្រូវកាត់បន្ថយថវិកាដល់អង្គការសុខភាពពិភពលោក ឬអង្គការណាមួយទេនៅក្នុងកំឡុងដែលពិភពលោកទាំងមូល កំពុងប្រឈមមុខនឹងវិបត្តិសកលដ៏ធ្ងន់ធ្ងរនេះ៕

ប្រភព៖freshnews

Leave a Reply

Your email address will not be published. Required fields are marked *