ទីក្រុងមួយក្នុងប្រទេសអាហ្សង់ទីនបានជីកផ្នូររាប់រយកន្លែង ត្រៀមទទួលអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩

អាហ្សង់ទីន៖ រដ្ឋបាលក្រុងប្រចាំទីក្រុងមួយក្នុងខេត្ដ Cordoba ភាគកណ្ដាលប្រទេសអាហ្សង់ទីនបានបញ្ជាឲ្យកម្មករជីកផ្នូរប្រមាណ ២៥០ កន្លែងដោយរំពឹងថាចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នឹងកើនឡើងនាពេលខាងមុខ ទោះបីប្រទេសអាហ្សង់ទីនទាំងមូលបានបិទហើយក៏ដោយ។ នេះបើយោងតាមសារព័ត៌មានអន្ដរជាតិរ៉យទ័រ (Reuters) ចុះផ្សាយថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ ។

សហជីបក្នុងស្រុក ដែលតំណាងឲ្យកម្មករជីករណ្ដៅសពបានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមកម្មករនៅឯទីបញ្ចុះសព San Vicente ជាយខេត្ដ Cordoba គ្រោងនឹងជីករណ្ដៅថែមចំនួន ២៥០ កន្លែងទៀតនៅថ្ងៃខាងមុខ។ ជាមួយគ្នានេះ លេខាធិការនៃសហព័ន្ធសហជីពកម្មករ និងនិយោជិកប្រចាំតំបន់ខាងលើ គឺលោក Damián Bizzi បាននិយាយថា៖ពួកគេ(កម្មករ)បានជីកពី ៥ ឬ ៦ រណ្ដៅក្នុងមួយថ្ងៃ​ ដែលជាចំនួនធម្មតា។

សូមជម្រាបថា ប្រទេសក្នុងទ្វីបអាមេរិកខាងត្បូងមួយនេះ បានបិទទាំងស្រុងតាំងពីពាក់កណ្ដាលខែមីនាមកម៉្លេះ រួមនឹងព្រំដែនផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងពង្រីកខ្លួនស្ទើរជុំវិញពិភពលោក។

ទោះជាយ៉ាងណាក្ដី បើតាមរបាយការណ៍បានបញ្ជាក់ថា អ្នកឆ្លងវីរុសក្នុងប្រទេសអាហ្សង់ទីនមានជាង ២,២០០នាក់ហើយ ខណៈមនុស្សចំនួន ៩៥នាក់បានស្លាប់។ ក្នុងនោះខេត្ដ Cordoba ដែលមានប្រជាជនច្រើនលំដាប់ទីពីរបន្ទាប់ពីខេត្ដ Buenos Aires បានរាយការណ៍ថាមានមនុស្សចំនួន ២០៦នាក់បានឆ្លងវីរុស និង ៥នាក់បានស្លាប់ ដែលធ្វើឲ្យខេត្ដនេះក្លាយជាតំបន់រងគ្រោះខ្លាំងជាងគេបន្ទាប់ពីខេត្ដ Buenos Aires ផងដែរ៕

ប្រភពពី khmerload

Leave a Reply

Your email address will not be published. Required fields are marked *