​កូនខ្មែរគ្រប់រូបមិន​គួរ​មើល​រំលង ទស្សនៈ​ល្អៗ​១០ឃ្លា របស់ “ស្រី ហិតោបទេស”..ជួយស៊ែរអោយបានដឹងផង

ស្រីហិតោបទេស ជា​សៀវភៅ​មួយ​ដែល​ប្រមូល​ផ្ដុំ​នូវ​ទស្សនៈ​ល្អៗ ​ដើម្បី​ជាគតិ​អប់រំ និង​ផ្ដល់​ជា​ពុទ្ធិ​សម្រាប់​ដោះ​ស្រាយ​​រាល់​បញ្ហា ការប្រៀន​ប្រដៅជា​ប្រយោជន៍ និង​ជួយ​ពង្រីក​គំនិត​ឱ្យ​ទូលំ​ទូលាយ។ ពិសេស​នោះ ក៏​ជាគន្លឹះ​មួយ​អាច​នាំ​អ្នក​សិក្សា​ឆ្ពោះ​ទៅ​សម្រេច​គោល​ដៅ​ផង​ដែរ។ខាង​ក្រោម​នេះ​ជាកម្រង​ទស្សនៈ​ល្អៗ១០ឃ្លា ដែល​និយាយ​ពី ការ​បំ​បែក​​មិត្ត នៅ​ក្នុង​ភាគ២ នៃ​ស្រីហិតោបទេស ដូច​ខាង​ក្រោម​នេះ៖

ទី១ ភ្លើង​តែង​មិន​ឆ្អែត​ដោយ​អង្កត់ឧស​ទាំង​ឡាយ មហា​សមុទ្រ​តែង​មិន​ឆ្អែត​ដោយ​ទឹក​ស្ទឹង​ទាំង​ឡាយ ម្រឹត្យុ​តែង​មិន​ឆ្អែត​ដោយ​សព្វ​សត្វ​ទាំង​ឡាយ ឯ​ស្ត្រី​មាន​រូប​ល្អ តែង​មិន​ឆ្អែត​ដោយ​ប្រុស​ទាំង​ឡាយ។ទី២ នរជន​ណាមាន​ប្រាជ្ញា នរជន​នោះ​ឈ្មោះ​ថា​មាន​កម្លាំង ឯនរជន​មិន​មាន​ប្រាជ្ញា នឹង​មាន​កម្លាំង​មកពី​ណា! ចូល​មើល​សីហៈជោរ​ឡើង​ដើម​ចាក ត្រូវ​ទន្សាយ​សម្លាប់​បាន។

ទី៣ សេចក្ដី​សង្ស័យ​ដោយ​ស្ទាក់​ស្ទើរ​ចិត្ត គឺជា​សេចក្ដី​អន្តរាយ​ដល់​សារពើការ​ងារ បុគ្គល​គម្បីលះបង់​ចោល​ឱ្យ​អស់​ស្រឡះ​ទៅ ព្រោះ​កាលបើលះបង់​សេចក្ដី​សង្ស័យ​ស្ទាក់​ស្ទើរ​ចិត្ត​ហើយ នោះ​ការ​សម្រេច​ផល​ប្រយោជន៍​នឹង​កើត​ប្រាកដ​ទៅ​តាម​របៀប។ទី៤ មិត្ត​ណា​ជាទី​ស្រឡាញ់​ពេញ​ចិត្ត សូម្បី​ធ្វើ​ឱ្យ​យើង​មិន​ពេញ​ចិត្ត​ច្រើន​យ៉ាង មិត្ត​នោះ​នៅ​តែជា​មិត្ត​ជាទី​ស្រឡាញ់​ពេញ​ចិត្ត​ដ​ដែល ដូចជា​ភ្លើង សូម្បីឆេះ​មហា​សាល អ្នក​ណាមួយលែង​និយម​រាប់អាន​ភ្លើង​ទៀត។

ទី៥ សត្វ​លោក សូម្បី​ត្រូវ​សរ​មួយ​រយផ្លែ បើ​មិន​ទាន់​ដល់​កាល នោះ​មិន​ស្លាប់ បើ​ដល់​កាលមរណៈ​ហើយ សព្វ​បើមុត​ដោយ​ស្បូវ​បន្តិច​ក៏​មិន​រស់​ដែរ។
ទី៦ នៅ​លើ​ដើម​ចន្ទន៍​មាន​ពស់ នៅ​ក្នុង​ត្រពាំង​ដែល​ដេរដាស​ដោយ​ផ្កាឈូក មាន​ក្រពើ នៅ​ក្នុង​ភោគ​ទ្រព្យ មាន​ជនពាលជា​អ្នក​រុកគួនឈ្នានីស ក្នុង​លោក​នេះ សេចក្ដី​សុខប្រាសចាកការ​ថ្នាំ​ង​ថ្នាក់​​ចិត្ត​មិន​ដែល​មាន​សោះ​ឡើយ។

ទី៧ ជនឥត​ប្រាជ្ញា សម្រាំង​ខ្លួន​ហើយ សម្រាំង​ទៀត ទុកបម្រុង​គ្រាន់​តែ​បម្រើ​ជន​ដទៃ​ជានាយ ព្រោះ​ប្រាថ្នា​ទ្រព្យ ដូច​ស្ត្រី​ផ្កាមាសតុប​តែង​ខ្លួន​ឱ្យ​ល្អ​ទុក​សម្រាប់​តែ​បុរស។ទី៨ បុគ្គល​លើក​យកថ្ម ឡើង​លើ​កំពូល​ភ្នំ​បាន​ដោយ​សេចក្ដី​ព្យាយាម​ដ៏​ធំ តែបើទម្លាក់​ចុះ​ពីលើ​កំពូល​ភ្នំ​វិញ​បាន​ដោយ​ងាយ ខ្លួន​យើង​ឡើង​ទៅ​កាន់​ឋានៈ​ខ្ពង់​ខ្ពស់​ដោយ​គុណ គឺក្ដី​ព្យាយាម​ដ៏​ធំ តែបើ​ធ្លាក់​ខ្លួន​ទៅ​កាន់​ឋានៈ​ថោក​ទាប​វិញ​ដោយ​ទោស​ដ៏​ងាយៗ​ក៏​យ៉ាង​នោះ​ដែរ។

ទី៩ ព្រះ​ពាយ មិន​រំលើងឫសគល់ស្មៅ​ទាំង​ឡាយណា​ដែល​ទាបៗ ហើយ​ទន់ទោរឱនក្រាបស្រពាប​ទៅ​តាម​ទិស​សព្វ​កាលទេ តែ​រមែង​រំលើងឫសគល់​ដើម​ឈើ​ធំ​ខ្ពស់ៗ រី​អ្នក​ធំ​ហៅ​ហាន រមែង​បំបាក់បំបប​ចំពោះ​អ្នក​ធំ​ហៅ​ហានដូច​គ្នា។ទី១០ កាលបើ​ព្រះ​ចន្ទ្រ​ឡើង​ក្រឡង់ កម្ចាត់​បង់អ័ព្ទងងឹតសូន្យសុង ចោល​ពន្លឺភ្លឺថ្លា ត្រ​ជាក់​ស្រអែត​ក្នុង​រាត្រីកាល​ហើយ ព្រះ​កាមទេព​តែង​បាញ់​សរ​ទៅ​ចំ​ចិត្ត​កម្លោះ ដែល​ខ្លួន​បាន​ឃើញ។

ស្រីហិតោបទេស មាន​ចំនួន​៤ភាគ ដែល​ភាគ១ និយាយ​ពី ការគប់​មិត្ត ភាគ២ និយាយ​ពី ការ​បំ​បែក​​មិត្ត ភាគ៣ និយាយ​ពី សង្រ្គាម និង​ភាគ៤ គឺ​និយាយ​ពី​សន្តិភាព។គួរ​រម្លឹក​ជូន​ដែរ​ថា រាល់​ភាគនី​មួយៗបកប្រែ​ចេញ​ពី​ភាសា​សំស្ក្រឹត ដោយ​ភិក្ខុ ប៉ាង ខាត់ វីរិយ​បណ្ឌិត​តោ និង​ផ្សាយ​ចេញ​ពី​ពុទ្ធ​សាសន​បណ្ឌិត្យ។ ភិក្ខុអង្គ​នេះ​ក៏​ជា​អតីត​អ្នក​ប្រាជ្ញ​ខ្មែរ​មួយ​រូប​ដែល​ចេះ​ច្រើន​ភាសា ព្រម​ទាំង​ជា​អ្នក​ស្នេហា​ជាតិ​ដែល​មាន​កិត្តិសព្ទ​ល្បីល្បាញ​ក្នុង​ទសវត្សទី១៩៦០​ផង​ដែរ៕

ប្រភព៖interconrooster

Leave a Reply

Your email address will not be published. Required fields are marked *