សពមេដឹកនាំអាហ្វ្រិកខាងត្បូង ត្រូវបញ្ចុះជាមួយឡានដោយសារតែ…

បរទេស៖ ផ្ទុះការងឿងឆ្ងល់ដោយប្រទះឃើញស ពមេដឹកនាំប្រពៃណីនៅអាហ្វ្រិកខាងត្បូងលោក Tshekede Pitso វ័យ៧២ ត្រូវបានបញ្ចុះទាំងនៅក្នុងរថយន្ដប្រភេទ Mercedes Benz ស៊េរីឆ្នាំ១៩៩០ នៅភូមិ Jozana ក្នុងទីប្រជុំជន Sterkspruit។

យ៉ាងណាមិញនេះបើយោងតាមប្រភពជុំវិញនៃពិធីបញ្ចុះស ពជាមួយរថយន្ដ គឺទទួលបានការអនុញ្ញាតជាផ្លូវការពីអាជ្ញាធរពាក់ព័ន្ធទាំងអស់ផងដែរ។

នៅក្នុងពិធីបញ្ចុះស ព លោក Pitso ត្រូវបានក្រុមគ្រួសារពាក់អាវសាច់ក្រណាត់ពណ៌សឲ្យ ហើយដាក់អង្គុយនៅក្នុងរថយន្ដ ដោយដៃទាំងសងខាងកាន់ចង្កូត និងដាក់ខ្សែក្រវ៉ាត់ការពារសុវត្ថិភាព ដែលមើលទៅហាក់បីដូចជាមនុស្សនៅមានជីវិតអីចឹង។

ចំណែករណ្ដៅផ្នូរវិញត្រូវបានជីកជម្រៅចំនួនប្រមាណ២.៤ម៉ែត្រ ហើយមានទីតាំងនៅក្បែរផ្ទះរបស់គាត់តែម្ដង។កូនស្រីរបស់លោក Pitso បាននិយាយថា៖ពីមុន ឪពុករបស់ខ្ញុំធ្លាប់ជាអ្នកជំនួញម្នាក់ ដែលមានទ្រព្យស្តុកស្តម្ភ និងមានរថយន្ដប្រភេទ Mercedes Benz ដ៏ថ្មីសន្លាងមួយគ្រឿងផងដែរ។

តែក្រោយមក គាត់ជួបប្រទះនូវបញ្ហា ធ្ងន់ធ្ងរ ហើយក៏ត្រូវបានបាត់បង់រថយន្ដនោះទៅ។

ប្រហែលជា២ឆ្នាំកន្លងទៅនេះ គាត់បានសម្រេចចិត្តទិញរថយន្ដមួយទឹកប្រភេទ Mercedes Benz ម្ដងទៀត តែមិនយូរប៉ុន្មានផង វាក៏ខូចលែងដំណើរការ។បើទោះជាយ៉ាងណាក្ដី គាត់តែងតែចំណាយពេលទៅអង្គុយលេងនៅក្នុងរថយន្ដជានិច្ច។

ហើយគាត់ក៏ធ្លាប់បាននិយាយដែរថា នៅពេលដែលសេចក្ដីស្លា ប់មកដល់ គាត់ចង់ឲ្យគ្រួសារបញ្ចុះ សពរបស់គាត់ទាំងនៅក្នុងរថយន្ដ។ ដូច្នេះហើយបានជាពួកយើងធ្វើតាមសម្ដីរបស់គាត់ និងសង្ឃឹមថាវិញ្ញាណក្ខន្ធគាត់នឹងសប្បាយចិត្តផងដែរ។បើយោងតាមសម្ដីរបស់គ្រួសារបានឲ្យដឹងបន្ថែមទៀតថា លោក Pitso បានដួលស្លាប់ ដោយសារតែសុខភាពទ្រុឌទ្រោមខ្លាំងពេក៕

Leave a Reply

Your email address will not be published. Required fields are marked *