គាំទ្រ!!! ផ្សារ​ច្បារអំពៅ​ ដាក់​ទឹក​អាកុល​លាងដៃ​តាម​ច្រក​ចេញចូល​ផ្សារ​

ផ្សារ​ច្បារអំពៅ ​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​កណ្តាល ​សង្កាត់​ច្បារអំពៅ​ទី​២ ​ខណ្ឌ​ច្បារ​អំពៅ ​រាជធានី​ភ្នំពេញ​ បានដាក់​ទឹក​អាកុល​សម្រាប់​លាងដៃ​តាម​ច្រកចេញចូល​ផ្សារ​ ដើម្បី​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីត​១៩​ កុំ​ឲ្យ​ឆ្លង​ទៅលើ​ប្រជាពលរដ្ឋ​ និង​បងប្អូន​អាជីវករ​ក្នុង​ផ្សារ​។​​តាម​ប្រសាសន៍​របស់ លោក​គួច ចំណាន ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ច្បារអំពៅ​បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា ​ការ​ដាក់​ទឹក​អាកុល​សម្រាប់​លាងដៃ​តាម​ច្រកចេញ​ចូល​ផ្សារ​ គឺ​ចាប់ផ្ដើម​អនុវត្ត​​នា​ថ្ងៃទី​១៦​ខែ​មីនា​នេះ ​រហូតដល់​លែង​មាន​ជំងឺ​កូ​វីត​១៩​នេះ​។​

លោក​គួច ចំណាន បាន​បន្តថា​ នៅពេលដែល​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ដាក់​ទឹក​អាកុល​សម្រាប់​លាង​ដៃដល់​បងប្អូន​ដែល​ចូល ​និង​ចេញ​តាម​ច្រក​ក្នុង​ផ្សារ​នេះ​ គឺ​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ និង​អាជីវករ​មាន​ភាព​កក់​ក្តៅ​ និង​លែង​ព្រួយ​បារម្ភ​ខ្លាច​ឆ្លង​មេរោគ​ដ៏​កាច​សាហាវ​នេះ​។​ទន្ទឹម​នឹង​ការ​ដាក់​ទឹក​អាកុល​លាង​សម្អាត​ដៃ​ទាំងអស់គ្នា​បែបនេះ ​លោក​ គួច ចំណាន បាន​បន្ត​ចែក​ម៉ាស់​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​ផ្ដាសាយ​ធំ​ដែល​ងាយ​នឹង​កើត​ជំងឺ​កូ​វីត​១៩​នេះ​។

បើ​ទោះជា​នៅ​តំបន់​ច្បារអំពៅ​យើង​ពុំ​ទាន់​មាន​ប្រជាពលរដ្ឋ​ ឬ​ក៏​ភ្ញៀវ​មាន​ផ្ទុក​ជំងឺ​កូ​វីត​នេះ​ក៏ដោយ ​ក៏​គណៈកម្មការ​គ្រប់​គ្រង​ផ្សារ​ច្បារអំពៅ ​ត្រូវមាន​ផែនការ ការពារ​ខ្លាច​មាន​ជំងឺឆ្លង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ​និង​បងប្អូន​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ច្បារអំពៅ​ឲ្យ​មាន​សុខ​ភាព​ល្អ​ទាំងអស់គ្នា​។​ក្នុងឱកាស​នោះ ​លោក​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ច្បារអំពៅ ​សូម​ជូនពរ​ដល់​បងប្អូន​ដែល​មក​ទិញ​ទំនិញ​ក្នុង​ផ្សារ​ ក៏ដូចជា​បងប្អូន​អាជីវករ​ សូម​មាន​សុខ​ល្អ​ និង​ចៀស​ផុត​ពី​ជំងឺឆ្លង​ផ្សេងៗ​ចាប់ពី​ពេល​នេះ​តទៅ​។

Leave a Reply

Your email address will not be published. Required fields are marked *