កម្ពុជា​ស្នើ​វៀត​ណាម ឲ្យ​ប្រាប់​ពលរដ្ឋ​ខ្លួន​កុំ​ឲ្យ​ធ្វើ​ដំណើរ​​មក​កម្ពុជា​​​​​តាម​​​គ្រប់​ច្រក…

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃព្រឹកទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានចេញ​លិខិត​មួយ(ចុះថ្ងៃ១៨ មីនា) ដោយផ្ញើជូនស្ថានទូតវៀតណាមប្រចាំកម្ពុជា។ ក្នុងលិខិតនោះបានបញ្ជាក់អំពីការបិទច្រកព្រំដែនមួយរយៈ ដោយមិនអនុញ្ញាតឱ្យប្រជាជនវៀតណាមឆ្លងកាត់មក​កម្ពុជាតាមគ្រប់ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសឡើយ ពោលគឺចាប់ពីថ្ងៃ១៨ មីនាតទៅ។

ក្រៅពីនោះក្នុងលិខិតដដែលក៏បានបន្ថែមថា ចំពោះពលរដ្ឋកម្ពុជាវិញក៏មិនត្រូវបានអនុញ្ញាត្តិឲ្យធ្វើដំណើរ​ទៅ​វៀតណាម​​គ្រប់ច្រកទាំងអស់ជាបណ្តោះអាសន្នដូចគ្នា។ ក្នុងករណីនេះក្រសួងការបរទេសបញ្ជាក់ថា ទាំងពលរដ្ឋ​កម្ពុជា​ និងពលរដ្ឋវៀតណាមនឹងត្រូវផ្អាកមួយរយៈនូវការចេញចូលទៅវិញទៅមកចាប់ពីថ្ងៃ២០​មីនាតទៅ។

វិធានការនេះត្រូវបានធ្វើឡើងដោយអាជ្ញាធរអះអាងថា ដើម្បីចៀសវាងការលំបាកកើតឡើងនៅច្រកព្រំដែនរួមរវាង​ប្រទេសទាំងពីរ ក្រោយករណីមានការកើនឡើងយ៉ាងគំហុកនូវការរកឃើញវីរុសកូវីដ១៩ ជាបន្តបន្ទាប់។

យ៉ាងណាក្រសួងបញ្ជាក់ថា វិធានការទាំងនេះ មិនត្រូវបានអនុវត្តចំពោះពលរដ្ឋវៀតណាម និងពលរដ្ឋខ្មែរ ដែលកាន់​លិខិតឆ្លងដែនការទូត និងផ្លូវការទេ។ ហើយកម្ពុជាក៏បានស្នើឲ្យវៀតណាមជួយសម្រួលការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ពលរដ្ឋកម្ពុជាមកស្រុកវិញ បើពួកគេចង់ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *