សម្ដេចក្រឡាហោម ស ខេង បង្គាប់ឱ្យអាជ្ញាធរនិងសមត្ថកិច្ចផ្អាកជាបណ្ដោះអាសន្ន នូវការធ្វើដំណើររបស់ពលរដ្ឋប្រទេសទាំងពីរ ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះក៏បានចេញលិខិតមួយ បង្គាប់ទៅអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឱ្យផ្អាកជាបណ្ដោះអាសន្ន នូវការធ្វើដំណើរចេញចូលប្រទេសរបស់ប្រជាពលរដ្ឋកម្ពុជា ទៅកាន់ប្រទេសវៀតណាម និងការធ្វើដំណើរចូលប្រទេសកម្ពុជារបស់ពលរដ្ឋវៀតណាម។ នេះបើតាមលិខិតរបស់ក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

តាមលិខិតរបស់ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ដោយការរកឃើញវីរុសកូវីដ១៩ មានការកើនឡើងយ៉ាងគំហុក និងខណៈពេលដែលរដ្ឋាភិបាលវៀតណាម បានដាក់កម្រិតលើការធ្វើដំណើរដោយតម្រូវឲ្យមានការដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃចំពោះអ្នកដំណើរពីប្រទេសអាស៊ាន រួមទាំងជនជាតិវៀតណាម ដែលវិលត្រឡប់ចូលប្រទេសកម្ពុជាផងនោះ ក្រសួងមហាផ្ទៃសូមធ្វើការណែនាំដូចតទៅ៖

១៖ ការធ្វើដំណើរចូលប្រទេសកម្ពុជាដោយប្រជាពលរដ្ឋវៀតណាម និងការធ្វើដំណើរចូលប្រទេសវៀតណាមដោយពលរដ្ឋកម្ពុជា តាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសទាំងអស់ នឹងត្រូវផ្អាកជាបណ្ដោះអាសន្ន ចាប់ពីម៉ោង ២៣៖៥៩ នាទីយប់ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០។ វិធានការនេះមានគោលបំណងបញ្ចៀសនូវការរីករាលដាលនៃជំងឺកូវីដ១៩។

២៖ វិធានការខាងលើនេះ មិនត្រូវបានអនុវត្តចំពោះពលរដ្ឋវៀតណាម និងពលរដ្ឋកម្ពុជាដែលកាន់លិខិតឆ្លងដែនការទូត និងផ្លូវការទេ។

៣៖ អាជ្ញាធរខេត្តជាប់ព្រំដែនជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវធ្វើការសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីជួយសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញនូវពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងត្រូវបានដាក់ឲ្យនៅដាច់ ពីគេក្នុងប្រទេសវៀតណាម ប្រសិនបើមាន។

៤៖ អភិបាលខេត្តជាប់ព្រំដែន ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម និងកម្លាំងមានសមត្ថកិច្ចតាមច្រកទ្វារព្រំដែនទាំងអស់ ត្រូវសហការសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីធានាថា ការដឹកទំនិញឆ្លងកាត់ព្រំដែនរួម អាចអនុវត្តដោយគ្មានការរាំងស្ទះការ។

អាជ្ញាធរខេត្តជាប់ព្រំដែន ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវធ្វើការជម្រាបជូនភាគីវៀតណាម អំពីវិធានការខាងលើនេះ និងស្នើសុំការយោគយល់ ហើយត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការប្រឹងប្រែងរួមគ្នាក្នុងការបញ្ឈប់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ៕

ខាងក្រោមនេះជាលិខិតរបស់សម្តេចក្រឡាហោម ស ខេង៖

ប្រភពពី freshnews

Leave a Reply

Your email address will not be published. Required fields are marked *