សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន!!! មន្រ្តីកាំកុងត្រូល រឹបអូសអាល់កុលក្លែងក្លាយជាច្រើនលីត្រ ពីឱសថស្ថានមួយកន្លែង

(ភ្នំពេញ)៖ មន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានបន្តចុះត្រួតពិនិត្យនៅតាមឱសថស្ថាននានា នៅក្បែរផ្សារអូឡាំពិក ដោយក្នុងប្រតិបត្តិការនោះ បានរឹបអូសអាល់កុលក្លែងក្លាយជាច្រើនលីត្រ ពីឱសថស្ថានមួយកន្លែង ខណៈកំពុងដាក់លក់។

ខណៈកំពុងធ្វើការត្រួតពិនិត្យនោះ លោក គង់ វុទ្ធី អនុប្រធានកាំកុងត្រូលសាខារាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋថា មានឱសថស្ថានមួយចំនួន បានលក់អាល់កុលក្លែងក្លាយ ពេលនោះក្រុមការងាររបស់លោក បានធ្វើការឆែកឆេរ និងត្រួតពិនិត្យនៅបណ្តាឱសថស្ថានជាច្រើនកន្លែង នៅម្តុំផ្សារអូឡាំពិក ដោយប្រតិបត្តិការ នេះមានម្ចាស់ឱសថខ្លះ បានសហការជាមួយក្រុមការងារ ហើយម្ចាស់ឱសថខ្លះមិន ក៏បានធ្វើកិច្ចសហការនោះទេ។

ទាក់ទងនឹងប្រតិបត្តិការចុះត្រួតពិនិត្យនេះដែរ លោក គង់ វុទ្ធី បានឲ្យដឹងទៀតថា ក្រុមការងាររបស់លោក នឹងបន្តចុះត្រួតពិនិត្យ តាមឱសថស្ថានផ្សេងទៀតទាំងនៅក្នុងរាជធានី និងតាមបណ្តា ខេត្តនានានៅក្នុងប្រទេស ខណៈមានម្ចាស់ឱសថ ឬអាជីវករខ្លះ ឆ្លៀតឱកាសនិយមបានដាក់លក់អាកុល និងជែលលាងដៃក្លែងក្លាយ និងគ្មានប្រភពផលិតច្បាស់លាស់ ដើម្បីយកចំណេញច្រើន ដោយមិនគិតផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ស្របពេលដែលប្រទេសកម្ពុជា មានការរីករាលដាល COVID-19។

យ៉ាងណាក៏ដោយលោក គង់ វុទ្ធី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ គប្បីទិញរបស់របរជាពិសេសអាល់កុល និងជែលលាងដៃនេះឲ្យមានស្លាក់សញ្ញាសម្គាល់ត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ដើម្បីចៀសវាងរបស់ក្លែងក្លាយ និងគ្មានគុណភាព ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាពរបស់យើងពេលប្រើប្រាស់នោះ។

លោកបន្តថា អាល់កុលដែលមានលាយមេតាណុលចំនួន ៤ ពីដុងស្មើ ២០លីតត្រូវបានដកហូតហើយ អគ្គនាយកដ្ឋានកាំកុងត្រូល សូមប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំទិញផលិតផលអាល់កុលណា ដែលគ្មានស្លាកសញ្ញា និងមិនមានការបញ្ជាក់ពីប្រភពច្បាស់លាស់ ដើម្បីប្រើប្រាស់សម្រាប់ការលាងសម្អាតកំចាត់មេរោគ ឬបង្ការវីរុស Covid-19៕

ប្រភព៖FRESHNEWS

Leave a Reply

Your email address will not be published. Required fields are marked *