ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកោះធំ ប្រាប់គណៈដឹកនាំសាសនាឥស្លាមក្នុងស្រុកកោះធំ កុំមានការភ័យជ្រួលច្របល់ COVID-19

(កណ្ដាល)៖ លោក ចៅ តុល អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកោះធំ បានបា្រប់ដល់គណៈដឹកនាំសាសនាឥស្លាមក្នុងស្រុកកោះធំ កុំមានការព្រួយបារម្ភណ៍ច្រើនជ្រុល កុំភ័យខ្លាច កុំស្លន់ស្លោរ កុំមានការភ័យជ្រុលជុំវិញជំងឺ COVID-19 ប៉ុន្តែត្រូវនាំគ្នាឧស្សាហ៍អនាម័យខ្លួនប្រាណ អនាម័យបរិស្ថាន មានការពាក់ម៉ាស លាងសំអាតទឹកអាល់កុលជាញឹកញាប់ពិសេស បើសង្ស័យថាមានអាការៈ មិនស្រួលណាមួយ ត្រូវប្រញាប់រួសរាន់ទៅមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះបំផុត។

លោក ចៅ តុល បានលើកឡើងយ៉ាងដូចនេះនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូ អមដំណើរដោយអាជ្ញាធរស្រុកកោះធំ បានចុះអប់រំផ្សព្វផ្សាយ ជុំវិញករណីជំងឺ COVID-19 ដល់ហាកឹម តួនៗ (លោកគ្រូសាសនាឥស្លាម) ជាច្រើននាក់នៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ។

លោក ចៅ តុល បានផ្ដាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ពីសំណាក់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោកឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, លោកឧកញ៉ា សុះ កុំរី ចាងហ្វាងគណៈ ដឹកនាំសាសនាឥស្លាមកម្ពុជា ដែលបានតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនខ្មែរ និងខ្មែរឥស្លាមទាំងអស់ មិនថា តែនៅស្រុកកោះធំនោះទេ ពោលគឺនៅគ្រប់ បណ្ដាភូមិខ្មែរឥស្លាមទាំងអស់នៅទូទាំងប្រទេស សូមមានក្ដីសុខ ចៀសផុតពីជំងឺដង្កាត់ទាំងឡាយ និងសូមមានសុខភាពល្អរកទទួលទានមានបាន គ្រប់ៗគ្នា។

លោក ចៅ តុល ក៏បានផ្ដាំផ្ញើអាជ្ញាធរស្រុក និងគណៈដឹកនាំសាសនាឥស្លាមស្រុកកោះធំ ត្រូវមានការបំផុសបំផុលដល់ពលរដ្ឋយើងទាំងអស់ មិនថាបងប្អូនខ្មែរ ឬខ្មែរឥស្លាមទេ ត្រូវតែចូលរួម ទាំងអស់គ្នា ក្នុងការទប់ស្កាត់ការរីករាលដាលវីរុស COVID-19នេះ តាមរយៈការផ្សព្វផ្សាយតគ្នា ពីមាត់មួយទៅមាត់មួយ ឲ្យបានក្លៀវក្លា ដោយត្រូវរក្សាអនាម័យឲ្យបានខ្ចាប់ខ្ចួន ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ពិសេស «កុំមានការរើសអើងលើសាសនិកឥស្លាម និងកុំរើសអើងអ្នកផ្ទុកវីរុសCOVID-19 គ្រប់ជាតិសាសន៍»។

ខណៈជម្ងឺនេះមានតិចតួចណាស់នៅកម្ពុជាយើង ហើយរដ្ឋាភិបាលយើងបានគិតគូ និងយកចិត្តទុកដាក់ខ្លាំងបំផុតចំពោះការព្យាបាលឲ្យជាសះស្បើយតួយ៉ាងដូចជា ករណីជនជាតិចិនម្នាក់ នៅខេត្តព្រះស៊ីហនុនាពេលកន្លងទៅ ត្រូវបានគ្រូពេទ្យខ្មែរយើងព្យាបាលជាសះស្បើយ១០០%។ ដូច្នេះសូមពលរដ្ឋយើងទាំងអស់កុំមានការតក់ស្លត់ កុំភ័យជ្រុលខ្លាំងពេក កុំជឿព័ត៌មានក្លែងក្លាយ កុំជឿការញុះញង់តាម Chat Messenger ឬតាមរយៈប្រព័ន្ធផ្សេងៗដែលជាព័ត៌មានមិនពិត ព័ត៌មានទុច្ចរិត ព័ត៌មានបំផិតបំភ័យអសីលធម៍ ក្នុងចេតនាអាក្រក់ ដែលនាំឲ្យមានពលរដ្ឋមានការភិតភ័យ ។

លោក ចៅ តុល ក៍បានសង្កត់ធ្ងន់ថា ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព នៃការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថេរភាព ការរីកចំរើនលើគ្រប់វិស័យ ក្នុងនោះវិស័យសុខាភិបាលក៏មានការរីកចំរើនខ្លាំង មានឧបករណ៍ទំនើបៗ ក្រុមគ្រូពេទ្យមានជំនាញសមត្ថភាពខ្ពស់ដែលអាចទ្រ គ្រប់ស្ថានការណ៍នៃបញ្ហាជំងឺទាំងអស់មិនថា COVID-19ឡើយ ពោលគឺជំងឺធ្ងន់ជាងនេះ ក៏ពេទ្យស្រុកខ្មែរអាចមើលជាសះស្បើយ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋានទាំងអស់ កុំមានការព្រួយបារម្ភណ៍ឡើយ អ្វីដែលសំខាន់គឺខ្លួនយើងផ្ទាល់ត្រូវការពារខ្លួន អនាម័យជាប្រចាំ ពិសេសបើមានករណីសង្ស័យណាមួយ ឬមិនស្រួលខ្លួន សូមប្រញ៉ាប់រួសរាន់ទៅមន្ទីរពេទ្យបង្អឬកនៅជិតោទះបំផុត ដើម្បីពិនិត្យនិងព្យាបាលឲ្យបានទាន់ពេលវេលា ។

គួររម្លឹកថា បើយោងតាមអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ដែលបានចុះពិនិត្យទីតាំងនៃមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ នាពេលកន្លងទៅ គឺគ្រប់មន្ទីរពេទ្យ ទាំងអស់នៅទូទាំងខេត្តកណ្ដាល បានត្រៀមខ្លួនជាស្រេចចំពោះការឆ្លើយតបនឹងករណីវីរុសCOVID-19នេះ ។ បើសិនជាមានករណីជម្ងឺនេះកើតមាន ពិតមែនប៉ុណ្ណោះ នោះតាមបណ្ដាមន្ទីរពេទ្យរដ្ឋទាំងអស់នៃខេត្តកណ្ដាល នឹងព្យាបាលជូនពលរដ្ឋយ៉ាងយកចិត្តទុកដាក់បំផុត និងសូមមានទំនុកចិត្តខ្ពស់ ចំពោះសុខាភិបាលខេត្តកណ្ដាល នាពេលបច្ចុប្បន្នភាពនេះ៕ប្រភពពី freshnews

Leave a Reply

Your email address will not be published. Required fields are marked *