មិនធ្លាប់មានទេ!!! សណ្ឋាគារលំដាប់ផ្កាយ៥ដំបូងគេ ក្នុងខេត្តសៀមរាប ប្រកាសបញ្ចុះតម្លៃ៥៤% រយៈពេល៣ខែ

ដើម្បីចូលរួមចំណែក ក្នុងការទាក់ទាញអ្នកទេសចរណ៍មកទស្សនានៅខេត្ដនេះ តាមការអំពាវរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ម្ចាស់សណ្ឋាគារវិចតូរីយ៉ាអង្គរ Resort and Spar លំដាប់ផ្កាយ៥ដំបូងគេ នៅខេត្ដសៀមរាប បានប្រកាសបញ្ចុះតម្លៃរបស់ខ្លួនជិតពាក់កណ្ដាល នៃតម្លៃមុនសរុប១៧៥ដុល្លាក្នុងមួយយប់ សម្រាប់ភ្ញៀវទេសចរជាតិ ។ ការបញ្ចុះតម្លៃជាង៥០%នេះ ដើម្បីអោយភ្ញៀវទេសចរណ៍ជាតិ ស្គាល់កន្លែងស្នាក់នៅក្នុងសណ្ឋាគារផ្កាយ៥ ក្នុងតំបន់ទេសចរណ៍អង្គរ ។

អ្នកស្រី សួន កូលាប កីបានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលផងដែរ ដែលបានធ្វើការលើកលែងពន្ធដល់ផ្ទះសំណាក់សណ្ឋាគារក្នុងរយៈពេល០៤ខែ ខណៈដែលភ្ញៀវទេសចរណ៍ធ្លាក់ចុះដោយសារជំងឺកូវីដ កំពុងរាត្បាត ដែលអ្នកស្រីថា ការលើកលែងពន្ធនេះ ធ្វើអោយក្រុមម្ចាស់សណ្ឋាគារផ្កាយ៥មួយនេះមានលទ្ធភាពបន្ដបំរើសេវាកម្ម និងធ្វើអាជីវកម្មរបស់ខ្លួនបន្ដទៀត ជាពិសេសបានធ្វើអោយបុគ្គលិកបន្ដការងារនៅក្នុងសណ្ឋាគារនេះថែមទៀតផង ។ អ្នកស្រីនិងបុគ្គលិមួយរូបបានអោយដឹងថា ពួកគាត់ពឹងផ្អែកទៅលើវិស័យទេសចរណ៍ ។ ជាមួយគ្នានោះ ការចូលរួមស្នាក់នៅរបស់ភ្ញៀវទេសចរណ៍ខ្មែរ នៅសណ្ឋាគារវិចតូរីយ៉ា ហាក់ដូចជួយលើកស្ទួយជីវភាពបុគ្គលិកខ្មែរដែលកំពុងបំរើការងារនៅទីនោះ ខណៈដែលភ្ញៀវទេសចរណ៍អន្ដរជាតិធ្លាក់ចុះខ្លាំងនៅដើមឆ្នាំ២០២០នេះ។

អ្នកស្រី សួន កូលាប អ្នកគ្រប់គ្រងផ្នែកបដិសណ្ឋារកិច្ច នៃសណ្ឋាគារវិចតូរីយ៉ាអង្គរ បានឲ្យដឹង នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះថា ដោយសារតែកើតមានបញ្ហាជាសកលបណ្ដាលមកពីបញ្ហាវីរុសកូវីដ-១៩ សណ្ឋាគារលំដាប់ផ្កាយ៥នេះ បានប្រកាសបញ្ចុះតម្លៃ៥៤% មានរយ:ពេល៣ខែ ដោយចាប់ពីខែមីនា ដល់ដំណាច់ខែឧសភា ឆ្នាំ២០២០ខាងមុខនេះ ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលកន្លងមក ជាពិសេសអាជ្ញាធរខេត្ដសៀមរាប ដើម្បីធ្វើយ៉ាងណាអោយមានការទាក់ទាញអ្នកទេសចរមកកំសាន្ដក្នុងខេត្ដ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ ។

អ្នកស្រីបានបន្ដថា សណ្ឋាគារវិចតូរីយ៉ានេះ ជាសណ្ឋាគារដំបូងគេហើយដែលបានបញ្ចុះតម្លៃរហូតដល់៥៤% ក្នុងមួយយប់ ដែលខុសពីតម្លៃមុនក្នុងមួយបន្ទប់មួយយប់តម្លៃ១៧៥ដុល្លា។កាលពីដើមខែមីនា ឆ្នាំ២០២០នេះ អាជ្ញាធរខេត្ដសៀមរាប បានអំពាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ទាំងអស់ក្នុងខេត្ដ ធ្វើការបញ្ចុះតម្លៃសេវាកម្មស្នាក់នៅ ម្ហូបអាហារ ដើម្បីធ្វើអោយមានការទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *