ខ្លាំងបាត់!!! ឪពុកជាមន្ត្រីនគរបាលម្នាក់ចូលក្នុងសាលាស្រែកឡូឡាថា ៖ អាណាវាយកូនអញ ? រួចក៏…

(ភ្នំពេញ)៖ មានហេតុការណ៍ភ្ញាក់ផ្អើល ​នៅពេលមន្រ្តីនគរបាលផ្នែកបច្ចេកទេសវិទ្យាសាស្ត្រ ក្រសួងមហាផ្ទៃម្នាក់ ត្រូវកូនស្រីខលប្រាប់ថា មានជម្លោះវាយតប់គ្នាជាមួយសិស្សសាលាដូចគ្នា ក៏ស្រាប់តែធ្វើដំណើរទៅដល់សាលា និងបានប្រើហិង្សាលើសិស្សស្រី ២នាក់ នៅសាលាជម្ពូវ័ន បណ្ដាលឱ្យរងរបួស ហើយវាយទាំងក្រុមកាយរិទ្ធិ ដែលចូលទៅឃាត់ថែមទៀត។

ក្រោយពេលបង្ករឿង មន្រ្តីនគរបាលរូបនេះ រួមជាមួយកូនស្រីច្បងរបស់ខ្លួនម្នាក់ទៀត ដែលទៅវាយលើសិស្សរងគ្រោះទាំង ២នាក់ ក៏ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅឃាត់ខ្លួន ចាត់ការតាមច្បាប់ ផងដែរ។ ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៨៖៥០នាទីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ នៅក្នុងវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសខាងលើឈ្មោះ ឆាយ វណ្ណធឿន អាយុ៤៦ឆ្នាំ ជាមន្ត្រីនគរបាលផ្នែកបច្ចេកទេសវិទ្យាសាស្ត្រ ក្រសួងមហាផ្ទៃ មានទីលំនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងឃុំគោកខ្សាច់ ស្រុកគីរីវង្ស ខេត្តតាកែវ។ ចំណែកកូនស្រីទី១៖ ឈ្មោះ ភ.ផ អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១០ និងទី២៖ ឈ្មោះ ភ.ប អាយុ១៧ឆ្នាំ ត្រូវជាបងស្រីជាសិស្សថ្នាក់ ១១D2 នៃវិទ្យាល័យហ៊ុន សែនជម្ពូវ័ន។

រីឯក្មេងស្រីរងគ្រោះខាងលើទី១៖ ឈ្មោះ ស.ច អាយុ១៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី ១២GO រស់នៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងទី២៖ ឈ្មោះ ផ.ប អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ ទី១២A2 មានទីលំនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ពួកគេជាសិស្សរៀននៅវិទ្យាល័យវិទ្យាល័យហ៊ុន សែនជម្ពូវ័ន ជាមួយគ្នាដែរ។

បើតាមសិស្សស្រីរងគ្រោះឈ្មោះ ស.ច បានរៀបរាប់ថា កន្លងមកនាងធ្លាប់មានទំនាស់ជាមួយកូនស្រីរបស់មន្រ្តីនគរបាលខាងលើឈ្មោះ ភ.ផ លុះដល់វេលាព្រឹកថ្ងៃកើតហេតុ នាងបានទៅទិញបាយហូប ហើយបានជួបឈ្មោះ ភ.ផ កំពុងកាន់ចានបាយនៅកន្លែងលក់។ ពេលនោះ ភ.ផ មិនបានសុំផ្លូវដើរត្រឹមត្រូវទេនោះទេ ស្រាប់តែដើមកបុករូបនាងទើបនាងច្រានទៅវិញ ខណៈនោះឈ្មោះ ភ.ផ បានយកទឹកស៊ុបកំពុងតែក្ដៅ ជះមកលើរូបនាង ទើបមានការវាយតប់គ្នាកើតឡើងតែម្ដង។

ក្រោយពីកើតរឿងបែបនេះ ខាងយុវជនកាយរិទ្ធិ បានចាប់យកទៅកាន់ទីចាត់ទាំងអស់គ្នា ដើម្បីដោះស្រាយគ្នា ប៉ុន្តែក្រោយមកទៀត ស្រាប់តែឈ្មោះ ភ.ផ បានខលហៅឪពុក និងបងស្រីរបស់ខ្លួនឱ្យទៅជួយ លុះពេលទៅដល់បុរសជាឪពុករបស់ ភ.ផ ពុំបានសួរនាំរកខុសត្រូវសិនទេ ក៏បានព្រួតគ្នាវាយរូបនាងតែម្ដង។

ចំណែកសិស្សស្រីរងគ្រោះទី២ ឈ្មោះ ផ.ប ក៏បានរៀបរាប់ថា បុរសជាមន្រ្តីនគរបាលនោះ វាយច្រឡំដោយស្មានថានាង គឺជាបក្ខពួករបស់ឈ្មោះ ស.ច តាមពិតនាងមិនធ្លាប់ដែលមានទំនាស់ ឬស្គាល់កូនស្រីរបស់គាត់ឡើយ។ មុនពេលកើតហេតុនាង និងមិត្តភក្តិ ២នាក់ កំពុងយកសម្ភារ ស្រោចដំណាំទៅទុកនៅកន្លែងដាក់សម្ភារ ស្រាប់តែមន្ត្រីនគរបាលរូបនោះ និងកូនស្រីដើរទៅដល់ហើយអត់បានសួរនាំអ្វីទេ ក៏បានស្ទុះមកទាំងបំពានបណ្ដាលឱ្យរងរបួសបែបនេះតែម្ដង។

រីឯភាគីម្ខាងទៀត គឺក្មេងស្រីឈ្មោះ ភ.ផ បានរៀបរាប់ថា នៅមុនពេលកើតហេតុ រូបនាងរួមជាមួយមិត្តភក្តិម្នាក់ទៀតឈ្មោះ ស្រីលក្ខណ៍ បានទៅទិញហូបគុយទាវហូប ហើយខណៈពេលកំពុងកាន់ចានគុយទាវដើរទៅអង្គុយនៅតុ ស្រាប់តែឈ្មោះ ស.ច បានឈរបាំងផ្លូវពេលនោះនាង បានសុំផ្លូវដើរ ប៉ុន្តែឈ្មោះ ស.ច មិនព្រមបើកផ្លូវទេ ថែមទាំងយកដៃច្រត់ចង្កេះ ហើយស្រែកសម្លុតនាងទៀតផង។ បន្ទាប់មកដោយខ្ជិល មានរឿងនាងបានដើរគេចចេញ ស្រាប់តែឈ្មោះ ស.ច ច្រាននាងបណ្ដាលឱ្យដួល ទើបមានការប្រតាយប្រតប់គ្នាកើតឡើងតែម្ដង ហើយ ចន្រ្ទា និងបក្ខពួកបានព្រួតវាបោចសក់នាង រហូតក្រោយមកទើបក្រុមកាយរិទ្ធិចាប់យកទៅកាន់ទីចាត់ការទាំងអស់គ្នា ហើយនាងបានខលប្រាប់បងស្រី និងឪពុកឱ្យទៅសាលាដែរ។

ពេលទៅដល់បងស្រីនាងបានដើរសំដៅទៅរកឈ្មោះ ស.ច ដែលជាគូទំនាស់របស់នាង ពេលឃើញបែបនេះខាងក្រុមកាយរិទ្ធិចំនួន៧ ទៅ៨នាក់ ស្លៀកពាក់ឯកសណ្ដានសិស្ស ក៏បានដើរទៅរកបងស្រីនាង។ ចំណែកឪពុកនាងស្មានថា ជាបក្ខពួក ចន្រ្ទា ក៏ចូលទៅឃាត់យកដៃវែកៗ បណ្ដាលឱ្យត្រូវក្រុមកាយរិទ្ធបន្តិច ប៉ុន្តែ ភ្លាមនោះក្រោយពីដឹងថា ជាក្រុមកាយរិទ្ធិ ឪពុកនាងបានសុំទោសរួចហើយ រីឯចន្រ្ទា បានរត់ចេញក្រៅទីចាត់ការ លុះបន្តិចក្រោយមកទើបឃើញក្រុមកាយរិទ្ធិគ្រា ចន្រ្ទា ត្រឡប់មកវិញ និងចោទថា ឪពុកនាងវាយទៅវិញ។

ក្រោយពេលនគរបាលប៉ុស្តិ៍ចោមចៅទី៣ ឃាត់ខ្លួន មន្រ្តីនគរបាលរូបនេះ បានបដិសេធថា គាត់មិនបានវាយសិស្សស្រីទាំង២នាក់ ខាងលើនោះទេ ហើយក៏មិនបានដឹងថា នរណាជាអ្នកវាយឡើយ តែនៅពេលកំពុងរញ៉េរញ៉ៃកើតឡើង គាត់បានចូលទៅឃាត់ញែក ចេញប៉ុណ្ណោះ។

ម្យ៉ាងទៀត គាត់ក៏មិនធ្លាប់បានស្គាល់ក្មេងស្រីរងគ្រោះនោះទេ ហើយក៏មិនបានប៉ះ ឬវាយឡើយ។ ទោះបីបែបណាពេលនេះ នគរបាលបានសម្រេចឃាត់ខ្លួនបុរសនោះ រួមនឹងកូនស្រីម្នាក់ទៀតឈ្មោះ ភ.ប ហើយចំណែកកូនស្រីឈ្មោះ ភ.ផ មិនត្រូវបានឃាត់ឡើយ ហើយករណីនេះ ក៏មានសិស្សិជាច្រើនបានឃើញមន្រ្តីនគរបាលរួម និងកូនស្រីរបស់គាត់ខាងលើ បានវាយទៅលើ សិស្សស្រីទាំង២នាក់ រហូតរងរបួសផងដែរ៕

ប្រភព៖ freshnews

Leave a Reply

Your email address will not be published. Required fields are marked *