សម្តេចតេជោ ហ៊ុន សែន ប្រកាសថា តំបន់អរិយក្សត្រ និងល្វាឯម នឹងត្រូវកាត់បញ្ចូលជាខណ្ឌមួយរបស់រាជធានីភ្នំពេញ…(មានវីដេអូ)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា តំបនអរិយក្សត្រ និងល្វាឯម នៃខេត្តកណ្តាល នឹងត្រូវកាត់បញ្ចូឡជាខណ្ឌមួយរបស់រាជធានីភ្នំពេញ នៅពេលខាងមុខនេះ ដោយសារតែរាជធានីភ្នំពេញ ត្រូវការពង្រីកខ្លួនកាន់តែធំថែមទៀត។ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះនាយករង៣ព្រះអង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំងថ្មី នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «កន្លែងនេះកាលពីដើមឡើយជាទឹកដីរបស់ខេត្តកណ្ដាលទេ ប៉ុន្តែដោយសារតែភ្នំពេញត្រូវការរីកចម្រើន ដូច្នេះបានជាកាត់ គឺកាត់ចង់អស់ហើយ បន្តិចទៀតនឹងមានការកាប់ថែមទៀត។ បើស្ពានរួចហើយ រៀបចំកាត់តាំងពីអរិយក្សត ល្វាឯមឯនោះ ដើម្បីយកមកបញ្ចូលក្នុងរាជធានីភ្នំពេញថែមទៀត ដែលអាហ្នឹងនឹងក្លាយជាខណ្ណមួយរបស់រាជធានីភ្នំពេញ»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការនិយាយបែបនេះ នឹងធ្វើឲ្យដីនៅតំបន់នោះឡើងថ្លៃ។ ប៉ុន្តែទោះជាយ៉ាងណា សម្ដេចបានបញ្ជាក់ទៀតថា តំបន់នេះត្រូវធ្វើស្ពានចំនួន២ទៀត ដែលស្ពានមួយបានសុំសាធារណរដ្ឋកូរ៉េ ដែលតភ្ជាប់ពីតំបន់ជ្រោយចង្វារទៅអរិយក្សត្រ និងមួយទៀតពីផ្លូវជាតិលេខ១ ត្រង់ចំណុចវត្តដីតាកុយ ទៅតំបន់ល្វាឯម ដើម្បីតភ្ជាប់ទំនាក់ទំនង។រាជធានីភ្នំពេញ ដែលទីក្រុងធំជាងគេបំផុតរបស់ប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលសន្តិសុខ នយោបាយ សេដ្ឋកិច្ច សម្បត្តិវប្បធម៌ និងការទូត ដែលបច្ចុប្បន្នមានសង្កាត់ ចំនួន១០៥ និងខណ្ឌ១៤ និងមានផ្ទៃដី៧៥៨គីឡូម៉ែត្រការ៉េ។ ខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ ត្រូវបានកាត់យកចេញពីខេត្តកណ្តាល៕pressnews

Leave a Reply

Your email address will not be published. Required fields are marked *