វិធីធ្វើនំខេកសង់ខ្យាតើយ ងាយៗ…(មានវីដេអូ)

គ្រឿងផ្សំ៖ ម្សៅធ្វើនំខេក ១៤០ក្រាម,ទឹកស្លឹកតើយ ៥០មីលីលីត្រ,ទឹកខ្ទិះដូង ១០០មីលីលីត្រ,ប្រេងសណ្តែក ២ស្លាបព្រាបាយ,ស្ករស ១២០ក្រាម,អំបិល បន្តិច,ម្សៅដុតនំ(baking powder) ១ស្លាបព្រាកាហ្វេ,ម្សៅសូដា(baking soda) ១/២ស្លាបព្រាកាហ្វេ,ទឺកក្លិនវ៉ាន់នីឡា(vanilla extract) ១/៤ស្លាបព្រាកាហ្វេ(ដាក់ ឬមិនដាក់ក៏បាន)។ គ្រឿងផ្សំសង់ខ្យាតើយសម្រាប់ដាក់ពីលើ៖ ទឹកស្លឹកតើយ ១៥០មីលីលីត្រ,ទឹកខ្ទិះដូង ២០០មីលីលីត្រ,ស្ករស ១២០ក្រាម,ម្សៅមី ឬម្សៅពោត(ម្សៅសម្រាប់ធ្វើនំ)។

វិធីធ្វើ៖១.យកស្លឹកតើយ ១០-១៥សន្លឹកលាងឲ្យស្អាតកាត់ខ្លីៗដាក់កិនជាមួយទឹក ២០០មីលីលីត្រ រួចចាក់ច្រោះកុំឲ្យដោយកាក។២.បន្ទាប់មកទឹកស្លឹកតើយដែលកិនហើយ ៥០មីលីលីត្រលាយជាមួយស្ករស អំបិល ទឹកខ្ទិះដូង ប្រេងសណ្តែក និងទឺកក្លិនវ៉ាន់នីឡាចូលគ្នាឲ្យសព្វ ហើយដាក់ម្សៅនំខេក ម្សៅដុតនំ និងម្សៅសូដាដុត (ដាក់ចូលដោយប្រើកន្ត្រង ដើម្បីកុំឲ្យម្សៅដុំៗ) ច្របល់ចូលគ្នាឲ្យសព្វរហូតឡើងជាល្បាយៗ

៣.រួចហើយយកឆ្នាំងសម្រាប់ចំហុយដាក់ទឹកដាំឲ្យពុះសិន រួចយកពុម្ពសម្រាប់ចាក់នំ (ពុម្ព ឬចានតាមចំណូលចិត្ត) ដួសម្សៅដាក់ចូល ហើយដាក់ចូលឆ្នាំងចំហុយរយៈពេល ១០-១៥នាទី។៤.ធ្វើសង់ខ្យាតើយសម្រាប់ដាក់ពីលើនំ ដាំឆ្នាំងដាក់ទឹកស្លឹកតើយ ១៥០មីលីលីត្រចូល ដាក់ស្ករស ទឹកខ្ទិះដូង និងម្សៅមី ឬម្សៅពោតចូលកូរឲ្យសព្វល្អ រួចបន្ថយភ្លើងប្រើកំដៅតិចៗល្មមហើយកូរវារហូតទាល់តែឡើងខាប់ៗ។៥.បន្ទាប់មកយកសង់ខ្យាតើយដែលធ្វើហើយដួសស្រោយ ឬលាបដាក់ពីលើនំចំហុយជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។
ប្រភពពី លោកពូ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *