ថៃ ស្នើឱ្យកម្ពុជា ផ្ដល់បញ្ជីឈ្មោះភ្ញៀវដែលជិះនាវាទេសចរណ៍ Westerdam ដែលមានបំណងឆ្លងចូលទៅក្នុងប្រទេសខ្លួន

ប៉ូលិសអន្តោប្រវេសន៍​ថៃ កំពុង​តាមដាន និង​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​រឿង​នាវា​ទេសចរណ៍ «Westerdam» ដែល​នៅក្បែរ​កំពង់ផែ​ក្រុងព្រះសីហនុ ប្រទេស កម្ពុជា កាលពី​ថ្ងៃ ១៣ ខែកុម្ភៈ ។ លោក​មេបញ្ជាការ​នៃ​ប៉ូលិសអន្តោប្រវេសន៍​កង​ពល​ទី​៣ Archayon Kraithong លើកឡើង​បែបនេះ ដោយ​ដោយ​ស្រង់​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ថៃ The Nation ។​

«​គិត​ត្រឹម​ម៉ោង​១០​ព្រឹក​នេះ នាវា​ទេសចរណ៍​នេះ ស្ថិត​លើ​ផ្ទៃ​ទឹក​នៅឡើយ ខណៈ​បុគ្គលិក​វេជ្ជសាស្ត្រ បាន​ចូលទៅក្នុង​នាវា​នេះ ដើម្បី​ត្រួតពិនិត្យ​ព្រមទាំង​ថត​មើល​អ្នកដំណើរ និង​អ្នកបម្រើ​លើ​យន្តហោះ ប្រសិនបើ​វា​មាន​អ្នក​ឆ្លង​ឬ​យ៉ាងណា​នោះ​»​។ លោក Archayon លើកឡើង​បែបនេះ ដោយ​បន្ថែមថា កាលណា​ដំណើរ​ការថត​មើល​នេះ គឺ​បញ្ចប់​នោះ អ្នកដំណើរ​និង​អ្នកបម្រើ​លើ​នាវា Westerdam នេះ នឹងត្រូវ​ដំណើរការ​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា ដោយ​អនុលោម​តាម​បទ​បញ្ញា​ត្តិ​អន្តោប្រវេសន៍​។​

​តាម​សារព័ត៌មាន​ថៃ The Nation លោក Archayon បញ្ជាក់​បន្ថែមទៀតថា អ្នកដំណើរ​និង​អ្នកបម្រើ​ដែល​បាន​ឆ្លងកាត់​ការថត​មើល និង​ដំណើរការ​អន្តោប្រវេសន៍ គួរ​អាច​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ទៅកាន់​បណ្តា​ប្រទេស​ដទៃទៀត រួមមាន​ប្រទេស​ថៃ​ផងដែរ ក្នុង​គោលដៅ​ជិះ​យន្តហោះ​ទៅ​មាតុភូមិ​ពួកគេ​វិញ​។

«​យើង បានស្នើ​សុំ​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​បញ្ជូន​បញ្ជី​ឈ្មោះ​អ្នកដំណើរ​ទាំងឡាយណា ដែល​ចង់​ចូលមក​កាន់​ប្រទេស​ថៃ ក៏ដូចជា​លទ្ធផល​ត្រួតពិនិត្យ​សុខភាព​ពួកគេ​ផងដែរ​»​។ លោក Archayon បញ្ជាក់​បែបនេះ​។

​ម្យ៉ាងវិញទៀត លោក អះអាងថា រដ្ឋាភិបាល​ថៃ ក៏បាន​ដាក់ពង្រាយ​បុគ្គលិក​វេជ្ជសាស្ត្រ​ពី​ក្រសួង​សុខភាព​សាធារណៈ​ថៃ នៅ​គ្រប់កន្លែង​ត្រួតពិនិត្យ​ព្រំដែន​ជាប់​កម្ពុជា​ទាំងអស់​ដើម្បី​ថត​មើល​អ្នកដំណើរ​មកពីនា​វា​ទេសចរណ៍ Westerdam ម្តងទៀត មុនពេល​ពួកគេ ចូលមក​ប្រទេស​ថៃ​។

​សូមបញ្ជាក់ថា ប្រទេស​ថៃ បាន​បដិសេធ​ចូល​ចត​ពី​សំណាក់​នាវា​ទេសចរណ៍ Westerdam ដោយ​បារម្ភ​ពី​ជំងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19) ។ មនុស្ស​នៅលើ​នាវា​នោះ មាន​ជាង​២២០០​នាក់ ក្នុងនោះ​អ្នកដំណើរ​១៤៥៥​នាក់ មាន​ជាង​៤០​សញ្ជាតិ និង​បុគ្គលិក​បម្រើ​ការងារ​តាម​ផ្នែក​លើ​នាវា ៨០២​នាក់​។ អ្នកទេសចរ​ដែល​ច្រើនជាងគេ​មាន អាមេរិក​មាន​៦៥១​នាក់ កាណាដា ២៧១​នាក់ អង់គ្លេស ១២៧​នាក់ ហូ​ឡង់​៩១​នាក់ អូស្ត្រាលី​៧៩​នាក់ អាល្លឺម៉ង់​៥៧​នាក់​…​។ រដ្ឋាភិបាល​កម្ពុជា បានសម្រេច​ឱ្យ​នាវា​ទេសចរណ៍​នេះ​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​១៣ កុម្ភៈ​នេះ ក្រោយពី​ប្រទេស និង​កោះ​ចំនួន​៥ បាន​បដិសេធ​លើ​ការស្នើសុំ​ចត​របស់​ក្រុមហ៊ុន Holland America Line៕ប្រភពពីថ្មីៗ

Leave a Reply

Your email address will not be published. Required fields are marked *