ចាប់ខ្លួនមេប៉ុស្តិ៍ម្នាក់ និងបក្ខពួក៤នាក់ ដែលទៅរាវរកវត្ថុបុរាណ នៅប្រាសាទខ្នារ

ខេត្តព្រះវិហារ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តព្រះវិហារ បានចុះបង្ក្រាបក្រុមអ្នករាវរកវត្ថុបុរាណ តាមប្រាសាទបុរាណខ្មែរ ដោយចាប់ខ្លួនជនសង្ស័យចំនួន៥នាក់ នៅចំណុចប្រាសាទខ្នារ ស្ថិតក្នុងភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត នាំមកចាត់ការតាមផ្លូវច្បាប់ កាលពីវេលាថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២០ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួននេះ ទី១.ឈ្មោះ ហេង ប៊ុនសុផុន ភេទប្រុស អាយុ ៣៧ឆ្នាំ ជាជាងសូន្យរូបលោហ: នៅភូមិតាវៀន ឃុំសាលាកម្រើក ក្រុងសៀមរាប ។ ទី២.ឈ្មោះសៀត សុភក្រ័ ភេទប្រុស អាយុ៥៤ឆ្នាំ ជាកសិករ រស់នៅភូមិគោកព្រិច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ទី៣.ឈ្មោះង៉ៅ តៃ ភេទប្រុស អាយុ៥៤ឆ្នាំ ជាកសិករ រស់នៅភូមិគោកព្រិច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ទី៤.ឈ្មោះព្លាន ព្លឿង ភេទប្រុស អាយុ៥៧ឆ្នាំ ជាកសិករ រស់នៅភូមិគោកព្រិច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ទី៥.ឈ្មោះប៊ុន សាន ភេទប្រុស អាយុ៤៥ឆ្នាំ នាយប៉ុស្តិ៍នគរបាលព្រីងធំ នៅភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ។

ប្រភពបន្តថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូត រថយន្តម៉ាកកាមរី ១គ្រឿង , ម៉ាស៊ីនរាវចំនួន២គ្រឿង និងសម្ភារ:ជីកគាស់កាយមួយចំនួនទៀត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ពួកគេពិតជាប្រព្រឹត្តដូចការចោទប្រកាន់មែន ដោយបានយកឧបករណ៍មករុករាវរកវត្ថុបុរាណនៅប្រាសាទខ្នារ ពិតប្រាកដមែន ហើយក៏ត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួន។ជនសង្ស័យទាំង៥នាក់ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕
kbn

Leave a Reply

Your email address will not be published. Required fields are marked *