ប្រទេសថៃរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មី៦នាក់ទៀត ក្នុងនោះ៤នាក់គឺជាជនជាតិថៃ, ចំនួនសរុបកើនដល់២៥នាក់(មានវីដេអូ)

(បាងកក)៖ ថ្ងៃអង្គារនេះអាជ្ញាធរថៃបានប្រកាសពីករណីថ្មីចំនួន ០៦ទៀតនៃវីរុសកូរ៉ូណា 2019-nCoV ដែលក្នុងនោះរួមមានជនជាតិថៃផ្ទាល់ចំនួន ០៤នាក់។ នេះបើតាមការ ដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលថៃ ក្នុងចំណោមជនជាតិថៃទាំង ០៤នាក់នោះរួមមានប្តីប្រពន្ធមួយគូដែលកន្លងមកបាន ធ្វើដំណើរទៅប្រទេសជប៉ុន និងអ្នកបើករថយន្តតាក់ស៊ីពីរនាក់ ដែលធ្លាប់ដឹកអ្នកដំណើរជាជនជាតិចិននៅក្នុងប្រទេសថៃ។ សម្រាប់ករណី ០២ថ្មីទៀត គឺជាជនជាតិចិន។ ប្រការនេះធ្វើចំនួនអ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ដែលត្រូវបានរកឃើញនៅក្នុងទឹកដីរបស់ថៃ សរុបកើនឡើងដល់ ២៥នាក់ហើយ។

គួរជម្រាបថា គិតត្រឹមរបាយការណ៍នាថ្ងៃអង្គារនេះ វីរុសផ្លូវដង្ហើម «កូរ៉ូណា» ប្រភេទថ្មី ដែលអង្គការសុខភាពពិភពលោកដាក់ឈ្មោះសម្គាល់ ឲ្យថា 2019-nCoV បានផ្តាច់ជីវិតមនុស្សកើនដល់ ៤២៥នាក់នៅចិនដីគោក ម្នាក់នៅទីក្រុងហុងកុង និងម្នាក់នៅប្រទេសហ្វីលីពីន ហើយបានឆ្លងរហូតដល់ជាង ២ម៉ឺននាក់។

Leave a Reply

Your email address will not be published. Required fields are marked *