ពិតជាស្ងប់ស្ងែងពួកគាត់មែន!!! ចូលលុយគ្នាទិញកង់ និងសម្ភារៈសិក្សាព្រមទាំងថវិការមួយចំនួន ជូនដល់មិត្តរួមថ្នាក់ម្នាក់ដែលមានជីវភាពខ្វះខាតខ្លាំង

ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានវ័យចំណាស់ នៅក្នុងពិភពលោក ដោយរស់នៅពឹងផ្អែក ទៅលើវិស័យកសិកម្មយ៉ាងខ្លាំង ព្រោះតែសក្តានុពល ក្នុងវិស័យកសិកម្មនេះ គឺបានជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងសន្តិសុខស្បៀង នៅក្នុងប្រទេសផងដែរ។ ប៉ុន្ដែនៅក្នុងប្រទេសដ៏ចំណាស់មួយនេះដែរ ប្រជាពលរដ្ឋ មានវប្បធម៌ម្យ៉ាង ដែលគួរឲ្យចាប់អារម្មណ៍នោះគឺ វប្បធម៌ នៃការចែករំលែក ដើម្បីជួយគ្នាទៅវិញទៅមក។

ជាក់ស្ដែង ដូចកាលពីម្សិលមិញនេះ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេកមួយ ដែលមានឈ្មោះ យុវជនស្ម័គ្រចិត្ដ វិទ្យាល័យ ១០មករា ១៩៧៩ បានធ្វើរឿងដ៏គួរឱ្យកោតសរសើរមួយ ដោយបង្ហាញពីវប្បធម៌ នៃការចែករំលែកធនធាន និងបានសរសេរប្រាប់ឱ្យដឹងថា៖

“ពិតជាគំរូល្អមែនប្អូនសិស្សថ្នាក់ទី ១២S នៃវិទ្យាល័យ ១០មករា ១៩៧៩ ខេត្តសៀមរាប បាននាំគ្នាទិញសម្ភារៈសិក្សា និងកង់មួយគ្រឿង និងថវិកាមួយចំនួន ជួយដល់មិត្តរួមថ្នាក់ម្នាក់ ដែលមានជីវភាពខ្វះខាតខ្លាំង ដើម្បីជួយសម្រួលដល់គាត់ក្នុងការរៀនសូត្រ ថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ប្អូនៗសិស្សថ្នាក់ទី១២S នៃវិទ្យាល័យ ១០មករា ១៩៧៩ និងលោកគ្រូ សុខ រដ្ឋា បានទិញសម្ភារៈសិក្សា កង់ និងថវិកាមួយចំនួន ឧបត្ថម្ភដល់សិស្សឈ្មោះ ភឿន រ៉ម រៀនថ្នាក់ទី១២S នៃវិទ្យាល័យ ១០មករា ១៩៧៩ ដែលមានជីវភាពខ្វះខាត។

អ្នកផ្ដើមលោកភាត់ គឹមផា ប្រធានថ្នាក់ទី ១២S ហើយក៏ជាមេកងកាយរឹទ្ធជាតិកម្ពុជា នៃវិទ្យាល័យ ១០ មករា ១៩៧៩ ផងដែរ។ លោកគ្រូ សុខ រដ្ឋា បានឧបត្ថម្ភកង់ចំនួន ១គ្រឿង ដល់ប្អូនស្រីផងដែរ ពិតជាល្អមែនដែលប្អូនៗ សិស្សានុសិស្សថ្នាក់ទី ១២S ដែលមានចិត្តជួយដល់មិត្តរួមថ្នាក់ ដែលមានជីវភាពខ្វះខាត យើងខ្ញុំជាគណៈកម្មាធិការ ប្រតិបត្តិ ក្រុមប្រឹក្សាកុមារយុវជន យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធជាតិកម្ពុជា យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា សូមជូនពរឲ្យប្អូនផងសិស្សថ្នាក់ទី ១២S ជួបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ក៏សូមឲ្យប្អូនប្រឡងបាក់ឌុបជាប់ទាំងអស់គ្នា”៕ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *