សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងទៅសួរសុខទុក្ខនិស្សិតខ្មែរ នៅក្រុងវូហាន បើរដ្ឋាភិបាលចិនអនុញ្ញាត

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្តេចនឹងទៅសួរសុខទុក្ខនិស្សិតខ្មែរ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាត។ការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ នៅប្រទេសកូរ៉េខាងត្បូង នាល្ងាច ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ ការប្រកាសនេះបានឆ្លើយតបនឹងក្រុមប្រឆាំងមួយចំនួន ដែលបានលើកឡើងតាមបណ្តាញសង្គម ដោយទាមទារឱ្យសម្តេចទៅសួរសុខទុក្ខនិស្សិតខ្មែរ នៅក្រុងវូហាន ប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សុំឆ្លើយទៅវិញ ហ៊ុន សែន នឹងទៅ ! បើរដ្ឋាភិបាលចិនអនុញ្ញាត។ ឯងមិនចាំបាច់ឌឺជាមួយហ៊ុន សែន នោះទេ ហ៊ុន សែន ហ៊ានចូលប្រយុទ្ធក្នុងភ្លើងសង្គ្រាម ហ៊ានយកក្បាលធ្វើដើមទុនដើម្បីសង្គ្រោះជាតិ ហ៊ានយកជីវិតធ្វើដើមទុនដើម្បីការឯកភាពជាតិ បញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ រឿងអ្វីដែល ហ៊ុន សែន មិនហ៊ានទៅក្រុងវូហាន ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរ»។សម្តេចក៏បានបញ្ជាក់ផងដែរថា មន្រ្តីជាន់ខ្ពស់ និងឧកញ៉ាទាំងអស់ដែលកំពុងមានវត្តមាននៅកូរ៉េ នឹងអមដំណើរសម្តេចតេជោ ហ៊ុន សែន ទៅកាន់ទីក្រុង វូហាន ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរនៅទីនោះផងដែរ។ ផ្តល់សិទ្ធិដោយ៖ Freshnews

Leave a Reply

Your email address will not be published. Required fields are marked *