ស្ងប់ស្ងែងណាស់!!! តស៊ូ​ច្រើន​ឆ្នាំ ពេលនេះនាយ គ្រឿន សល់​ទ្រព្យ​រាប់​សិប​ម៉ឺន

នាយ គ្រឿន ត្រូវ​បាន​គេ​ដឹង​ថា ពេល​ចូល​ប្រឡូក​សិល្បៈ​ដំបូង គឺ​ជ្រក​ក្រោម​ដំបូល​ផ្ទះ​នាយ ពែកមី ជា​បង​ប្រុស​ប៉ុណ្ណោះ ប៉ុន្តែ​ដល់​ឥឡូវ​នេះ តាម​សាមី​ខ្លួន គឺ​លោក​បាន​ចេញ​ពី​ផ្ទះ​របស់​បង​ប្រុស​យូរ​ដែរ​ហើយ ហើយ​លោក​សន្សំ​ទ្រព្យ​បាន​ច្រើន​គួរ​សម​ដែរ ក្រោយ​ពី​ប្រឡូក​សិល្បៈ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​រួច​មក។នេះ​ជា​លើក​ទី​១ តារា​កំប្លែង​ល្បី​ឈ្មោះ បង្ហើប​ពី​ទ្រព្យ​សម្បត្តិ​ដែល​ខ្លួន​មាន ជា​សំណល់​សល់​ពី​ញើស​ឈាម​សិល្បៈ។ នាយ គ្រឿន អះអាង​ថា លោក​មិន​ចេះ​លាក់ ប៉ុន្តែ​កន្លង​មក​មិន​ដែល​និយាយ ក៏​ព្រោះ​តែ​មិន​ដែល​មាន​អ្នក​សួរ​ដែរ។ ដោយ​ឡែក​ការ​បើក​បង្ហាញ​នា​ពេល​នេះ នាយ​ថា ក៏​មិន​ចង់​អួត​អាង​អ្វី​ដែរ។ “បាទ វា​ត្រូវ​តែ​មាន​សល់​ខ្លះ​ហើយ មិន​ចង់​អួត​អី​ទេ តែ​កុំ​អោយ​គេ​មើល​ងាយ​អ្នក​សិល្បៈ​គ្មាន​សល់​អី…”។ នាយ គ្រឿន ថ្លែង។

តាម​ការ​បង្ហើប មក​ទល់​បច្ចុប្បន្ន​លោក​មាន​ទ្រព្យ​សម្បត្តិ​ដុំ​កំភួន​មួយ​ចំនួន ក្នុង​នោះ​មាន​ដូច​ជា៖ ផ្ទះ​១​ល្វែង​លោក​ទិញ​នៅ​ក្នុង​បុរី​ពិភព​ថ្មី​ខាង​ឫស្សីកែវ​តម្លៃ​ជិត​១០​ម៉ឺន ប៉ុន្តែ​មិន​មែន​ទិញ​ដាច់​ទេ គឺ​បង់​រំលស់ និង​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ ក្រៅ​ពី​នេះ លោក​ទើប​ទិញ​បាន​រថយន្ត​ប្រណិត​១​គ្រឿង តម្លៃ​ជាង ៥ម៉ឺន​ដុល្លារ​អាមេរិក ដោយ​ការ​បង់​រំលស់​ដែរ​។ “តែ​ឡាន​បង់​តិច​ជាង​ផ្ទះ​ទេ​បង ព្រោះ​យើង​បង់​ដើម​ទៅ​មុន​គេ​ឲ្យ​ច្រើន​ហើយ គឺ​នៅ​សល់​តែ​បន្តិច​ទេ”។ នាយ គ្រឿន ថ្លែង។

ទ្រព្យ​សម្បត្តិ​បន្ត​ទៀត ដែល​នាយ​គ្រឿន​មាន​ជា​កម្មសិទ្ធិ​ដេរ​នោះ គឺ “ដី”។ តាម​សាមី​ខ្លួន​បាន​ឲ្យ​ដឹង​ថា ដោយ​ព្យាយាម​សន្សំ​ពី​ការងារ​សិល្បៈ លោក​​ទិញ​ដី​ទុក្ខ​បាន​ប្រមាណ​ជា​២-៣​កន្លែង​ដែរ ទុក​ប្រការ​ពេល​ការងារ​សិល្បៈ​ថមថយ ឬ​ពេល​ចាស់​ទៅ​នាយ​អាច​អាស្រ័យ​ផល​ពី​អចលនទ្រព្យ​នេះ​បាន​វិញ។ ក្រៅ​ពី​នេះ នាយ​បាន​ទិញ​របស់​របរ​ប្រើ​ប្រាស់​តូច​តាច​មួយ​ចំនួន​ទៀត ដែល​សរុប​ទៅ ជា​ច្រើន​ម៉ឺន​ដុល្លារ​អាមេរិក​ដែរ។

នាយ គ្រឿន ដើម​ឡើយ គឺ​ជា​កម្មករ​សំណង់​រក​មួយ​ថ្ងៃ​រស់​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ ប៉ុន្តែ​ដោយ​មាន​ទេពកោសល្យ​សិល្បៈ លោក និង​នាយ ពែកមី ជា​បង​ប្រុស ក៏​បាន​ផ្លាស់​ប្ដូរ​ខ្លួន មក​ជា​តារា​កំប្លែង ក្រោយ​ជាប់​ក្នុង​ការ​ប្រឡង​មួយ​រៀប​ចំ​ដោយ​ស្ថានីយ​ទូរទស្សន៍​ស៊ី​ធីអិន គឺ​កម្មវិធី “មហា​កំប្លែង” កាល​ពី​អំឡុង​ឆ្នាំ២០០៩។

ជាមួយ​អាជីព​ថ្មី​នេះ នាយ គ្រឿន​ដែល​មាន​ទេពកោសល្យ​កំប្លែង​ស្ងួត និង​មាន​អំណោយ​ទាន​ផង បាន​ទទួល​ភាព​ល្បី​ល្បាញ​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ក្រៅ​ពី​អាជីព​ជា​តារា​កំប្លែង នាយ គ្រឿន នៅ​មាន​សមត្ថភាព​សិល្បៈ​ជា​ច្រើន​ទៀត​ដូច​ជា និពន្ធ និង​ដឹកនាំ​រឿង និង​ច្រៀង​ថែម​ទៀត។ ក្រៅ​ពី​នេះ នាយ​ក៏​ពេញ​និយម​សម្រាប់​ការងារ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ កាត់​សក់​ក្នុង​ពិធី​មង្គល​ការ​ផង​ដែរ ដែល​ទាំង​នេះ សុទ្ធ​ជា​ប្រភព​ថវិកា​ចម្បង ជួយ​យឹត​យោង​ជីវភាព​របស់​នាយ ឲ្យ​ហក់​ឡើង​យ៉ាង​លឿន។នាយ គ្រឿន ប្រាប់​ថា មក​ដល់​ពេល​នេះ នាយ មោទកភាព​នឹង​អ្វី​ដែល​លោក​សម្រេច​បាន ហើយ​ក៏​ពេញ​ចិត្ត​នឹង​អ្វី​ដែល​លោក​បាន និង​កំពុង​មាន​នា​ពេល​បច្ចុប្បន្ន​នេះ​ណាស់៕

ប្រភពពី សប្បាយ

Leave a Reply

Your email address will not be published. Required fields are marked *