តោះមកដឹង!!! ស្ថាន​ភាព​វិវត្តន៍​ករណី​ បុរស​ចិន​ មានផ្ទុកមេរោគ​វីរុស​កូរ៉ូណា​ នៅខេត្តព្រះសីហនុ

នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២០​នេះ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ម៉​ម ប៊ុ​ន​ហេង និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ​រួច​មក រដ្ឋមន្ត្រី​ទាំង​២​រូប បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់ នូវ​ស្ថាន​អ្នកជំងឺ​ជនជាតិ​ចិន​ម្នាក់ ដែល​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា ។​

​សូម​ជម្រាប​ថា បុរស​ជនជាតិ​ចិន ដែល​ឆ្លង​វីរុស កូ​រូ​ណា ប្រភេទ​ថ្មី​នេះ មានឈ្មោះ ចា ជិន​ហួរ (Jia Jianhua) អាយុ ៦០​ឆ្នាំ បាន​ធ្វើ​ដំណើរ​មក​ពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន មក​កាន់​ខេត្ត​ព្រះ​សីហ​នុ ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២០ ជាមួយ​ក្រុម​គ្រួសារ​៣​នាក់​ផ្សេង​ទៀត​។ ក្នុង​នោះ ក្រោយ​ពិនិត្យ និង​ធ្វើ​វិភាគ​ទាំង​បួន​នាក់​នេះ​រួច​មក លទ្ធផល​បង្ហាញ​ថា មាន​វិជ្ជមាន​វីរុស កូ​រ៉ូ​ណា តែ​ម្នាក់​គត់ គឺ​លោក ចា ជិន​ហួរ ។​

គិត​មក​ដល់​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២០ បុរស​អ្នកជំងឺ​ជនជាតិ​ចិន​រូប​នោះ មាន​សភាព​ធម្មតា មិន​មាន​ចេញ​អាការ​អ្វី​ធ្ងន់ធ្ងរ ឈាន​ដល់​ការ​សង្គ្រោះ​បន្ទាន់​ឡើយ ។ បុរស​ចិន​រូប​នោះ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​បង្អែក ខេត្ត​ព្រះ​សីហ​នុ (​ពេទ្យ​ចំការ​ចេក​) ដែល​បាន​ដាក់​បុរស​ចិន​រូប​នេះ ក្នុង​បន្ទប់​មួយ​ដាច់​ដោយឡែក​តែ​ម្នាក់ឯង ខណៈ​សមា​ជិត​គ្រួសារ​៣​នាក់​ទៀត ស្ថិត​នៅ​ក្នុង​ការ​តាមដាន និង​ដាក់​នៅ​បន្ទប់​ដាច់​ដោយឡែក​មួយ​ផ្សេង​ទៀត ។​

​ក្រសួងសុខាភិបាល បាន​ចេញ​សេចក្តី​ប្រកាស​ផ្លូវការ ដោយ​បាន​រក​ឃើញ​ករណី​ជំងឺ​ផ្លូវដង្ហើម​ថ្មី ដែល​បង្ក​ឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា នៅ​លើ​ជនជាតិ​ចិន​ម្នាក់ ដែល​ចាក​ចេញពី​ទីក្រុង វូ​ហាន ប្រទេស​ចិន ចូល​មក​កាន់​ប្រទេស​កម្ពុជា តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ព្រះ​សីហ​នុ ។​​លទ្ធផល​ពី​វិទ្យាស្ថាន Pasteur ដែល​បញ្ជាក់​ពី​ការ​ផ្ទុកមេរោគ​រលាក​សួត​ថ្មី កូ​រ៉ូ​ណា វីរុស លើ​បុរស​ជនជាតិ​ចិន​ម្នាក់​នេះ ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង បាន​ប្រកាស​ក្នុង​សន្និសីទកាសែត កាលពី​យប់​ថ្ងៃ​ចន្ទ ទី​២៧ ខែមករា ឆ្នាំ​២០២០ ។

អាជ្ញាធរ​ចិន ទើបតែ​បាន​បញ្ជាក់ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២៨ ខែមករា ឆ្នាំ​២០២០ នេះ​ថា ចំនួន​មនុស្ស​ស្លាប់​បាន​កើនឡើង​ដល់១០៦​នាក់​ហើយ ខណៈ​មនុស្ស​ចំនួន ៤,៣៧៩​នាក់​ទៀត​ បានឆ្លងដោយសារ​វីរុស​ផ្លូវដង្ហើមកូ​រ៉ូ​ណា​ថ្មី (Coronavirus) នេះ៕ប្រភព៖kbn

Leave a Reply

Your email address will not be published. Required fields are marked *